ទួលបល្ល័ង្ក មានទីតាំងស្ថិតនៅភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយត្រឹមតែ ៣៥០ម៉ែត្រ ខាងលិចប្រាសាទភ្នំពណ្ណរាយ។ បុរាណដ្ឋានទួលបល្ល័ង្ក បានបាក់បែកស្ទើរទាំងស្រុងទៅហើយ (នៅសល់តែគ្រឹះ) ប៉ុន្តែនៅរវាងពីរទសវត្សរ៍មុនគេបានប្រទះឃើញសិលាចារឹកចំនួន ១ ផ្ទាំង។ បន្ទាប់មក ព្រះសង្ឃ គណៈកម្មការវត្ត និងអ្នកស្រុក បានឯកភាពគ្នា បញ្ជូនសិលាចារឹកនេះយកមករក្សាទុកនៅវត្តសិរីរតនារាម ហៅវត្តច្រណូក រហូតមកទល់សព្វថ្ងៃ។ កន្លងមក មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង ធ្លាប់បានស្នើសុំយកសិលាចារឹកនេះមករក្សាទុក និងដាក់តាំងបង្ហាញនៅសារមន្ទីរខេត្តកំពង់ឆ្នាំង ប៉ុន្តែ ព្រះសង្ឃ គណៈ កម្មការវត្ត និងអ្នកស្រុក មិនយល់ព្រមតាមសំណើនេះឡើយ ទើបសព្វថ្ងៃសិលាចារឹកនេះនៅតែស្ថិតនៅក្នុងបរិវេណវត្តច្រណូក (ក្បែរខឿនព្រះវិហារ)។ តើសិលាចារឹករកឃើញនៅបុរាណដ្ឋានទួលបល្ល័ង្ក ខេត្តកំពង់ឆ្នាំង មានខ្លឹមសារ និងអត្ថន័យដូចម្តេចខ្លះ?
សិលាចារឹកនេះ ចារឹកនៅលើថ្មភក់នៃមេទ្វារប្រាសាទ មានផ្ទៃគគ្រើម (រំលីងមិនទាន់បានល្អ) សរសេរជាភាសាសំស្រ្កឹត មានអក្សរចំនួន ២៤បន្ទាត់ ស្មើនឹង ១២ស្លោក តាមកំណាព្យសំស្រ្កឹតបែបអនុឞ្តុបឆន្ទ។ សិលាចារឹកនេះ ចារឹកឡើងនៅស.វ.ទី៧ ក្នុងរជ្ជកាលព្រះបាទឝ្រីឝានវម៌្ម(ទី១) (គ.ស.៦១៦ – ៦៣៧) ដែលជាស្ថាបនិកទីក្រុងឦសានបុរ (សំបូរព្រៃគុក)។
ផ្នែកខាងដើមរបស់សិលាចារឹក (ស្លោកទី១) ពណ៌នាអំពីព្រះសិវ ជា “វិឝ្វេឝ” ដែលមានន័យថា ជាអ្វីៗគ្រប់យ៉ាងរបស់លោកធាតុក្នុងចក្រវាឡ ដែលរួមបញ្ចូលមកត្រឹមតែ ៨ ចំណែក ហៅថា “អឞ្ដមូត៌ិ” ឬរាងកាយមាន ៨ ចំណែក។ បើតាមគម្ពីរលិង្គបុរាណ បានចែងថា អឞ្ដមូត៌ិ (អស្តមូត៌ិ) នៃព្រះកាយព្រះសិវ រួមមាន សវ៌, ភវ, បសុបតិ, ឦសាន, ភីម, រុទ្រ, មហាទេវ, ឧគ្រ។ ពាក្យ “អឞ្ដមូត៌ិ” នេះ គេធ្លាប់ឃើញមាននៅក្នុងសិលាចារឹកបុរាណខ្មែរជាច្រើន ទាំងសម័យមុនអង្គរ និងអង្គរ។ ឧទាហរណ៍ សិលាចារឹកភ្នំព្រះវិហារ ខេត្តកំពង់ឆ្នាំង (K.733) ដែលស្ថិតនៅមិនឆ្ងាយពីទួលបល្ល័ង្កដែរនោះ បានរៀបរាប់ថា ទម្រង់ទាំង៨ (អស្តមូត៌ិ) នៃព្រះសិវ រួមមាន ឥន្ទុ (ព្រះចន្រ្ទ), រវិ (ព្រះអាទិត្យ), វ្យោម (អាកាស), វាយុ (ខ្យល់), អាត្ម (អាត្ម័ន), ជគត (ផែនដី), ទឹក, ភ្លើង។
ចូលមកដល់ ស្លោកទី២ សិលាចារឹកបានពណ៌នាអំពីគោលនយោបាយចំនួន ២ យ៉ាង របស់ព្រះបាទស្រីសានវម៌្ម (ទី១) ដើម្បីបញ្ចប់សង្រ្គាម និងនាំឱ្យស្រុកទេសមានសន្តិភាព ពោល គឺ ទី១ហៅថា “សុនៃតិ” (ការចេញនូវក្រឹត្យច្បាប់ ស្របតាមសីលធម៌ និងធម្មនុញ្ញជីវិត) និងទី២ ហៅថា “ម្ឫទុឝក្តិ” (ការប្រើប្រាស់អំណាចដ៏ទន់ភ្លន់)។ ស្លោកទី៣ អ្នកនិពន្ធកំណាព្យសំស្រ្កឹត បានប្រៀបធៀបលក្ខណៈសម្បត្តិ និងគុណសម្បត្តិរបស់ព្រះមហាក្សត្រអង្គនេះ ប្រដូចទៅនឹងព្រះសិវដែរ ពោល គឺស្តេចសាមន្តរដ្ឋទាំងឡាយគោរពក្រាបបង្គំវន្ទាចំពោះព្រះបាទាទាំងគូរបស់ទ្រង់។ ចូលដល់ស្លោកទី៤ គេបានពណ៌នាអំពីគុណសម្បត្តិរបស់ល្បីល្បាញគ្រប់ទិសទី ប្រៀបប្រដូចទៅនឹងរស្មីដួងចន្រ្ទាដែលមានពន្លឺភ្លឺថ្លាត្រចះត្រចង់។
មកដល់ស្លោកទី៥ គឺរៀបរាប់អំពីគុណសម្បត្តិរបស់ព្រះអង្គដដែល ដោយបង្ហាញឱ្យដឹងថា សេចក្តីក្លាហានរបស់ទ្រង់ ប្រៀបប្រដូចទៅនឹងព្រះស្រីនិវាស (ព្រះវិស្ណុ)។ គួរឱ្យចាប់អារម្មណ៍បំផុត នៅស្លោកទី៥ នេះ គេហៅព្រះនាមព្រះអង្គថា “ឝ្រីឝានវម៌្មទេវ” ឬសរសេរជាអក្សរខ្មែរទំនើបថា “ស្រីសានវម៌្មទេវ”។ នៅត្រង់ចំណុចនេះ ជាភស្តុតាងឱ្យយើងដឹងថា ការហៅព្រះនាមរបស់ព្រះមហាក្សត្រដោយភ្ជាប់ជាមួយពាក្យ “ទេវ” (ទេព) នៅខាងចុង ពុំមែនទើបតែមាននៅដើមសម័យអង្គរ ក្នុងរជ្ជកាលព្រះបាទឝ្រីជយវម៌្មទេវ (ទី២) (សិលាចារឹកព្រះធាតុព្រះស្រី ខេត្តត្បូងឃ្មុំ K.103 / គ.ស.ឆ្នាំ៧៧០ និងសិលាចារឹកល្បើកស្រុត ខេត្តក្រចេះ K.134 / គ.ស.ឆ្នាំ៧៨១) ដូចដែលអ្នកស្រាវជ្រាវមុនៗបានលើកឡើងនោះទេ។ ពោល គឺប្រពៃណីនេះ មានតាំងពីស.វ.ទី៧ ក្នុងរាជ្យព្រះបាទស្រីសានវម៌្ម (ទី១) មកម្ល៉េះ គ្រាន់តែគេមិនសូវនិយមខ្លាំង ឬប្រើប្រាស់ជាលក្ខណៈប្រព័ន្ធរដ្ឋបាលដូចនៅដើមសម័យអង្គរ (ចុងស.វ.ទី៨ – ១៣)។
ស្លោកទី៦ ពណ៌នាអំពី “ព្រះឝ្រីគម្ភីរេឝ្វរ” ដែលទំនងជាទេព (សិវលិង្គ) តម្កល់នៅប្រាសាទបល្ល័ង្ក។ ព្រះនាមទេពនេះ គេធ្លាប់ឃើញនៅក្នុងកំណត់ត្រាសិលាចារឹកជាច្រើននៅសម័យមុនអង្គរ (ស.វ.ទី៧-៨) ដូចជា នៅប្រាសាទក្បាលជ្រូក (ប្រាង្គ N20-3 សំបូរព្រៃគុក) ប្រាសាទក្តីអង្គ (ខេត្តព្រៃវែង) និងប្រាសាទអកយំ (ខេត្តសៀមរាប) ជាដើម។ មកដល់ស្លោកទី៧ អ្នកនិពន្ធបានចាប់ផ្តើមពណ៌អំពីការកសាងប្រតិមាដើម្បីបង្ហាញអំពីគុរុភក្តិត (សេចក្តីគោរពដឹងគុណគ្រូ)។ រីឯ ស្លោកទី៨ រៀបរាប់អំពីការប្រតិស្ថានព្រះប្រតិមា “ព្រះឝ្រីគម្ភីរេឝ្វរ“ ដោយព្រាហ្មណ៍ម្នាក់មាននាមថា “វិទ្យាចន្រ្ទ” ហើយស្លោកទី៩ ប្រតិស្ថានព្រះប្រតិមានេះនៅក្នុងដែនដីឈ្មោះថា “ចន្រ្ទទេស” ដែលទំនងជាឈ្មោះដើមរបស់តំបន់នេះកាលពីសម័យបុរាណ។ ក្នុងការប្រតិស្ថាននេះ មានបញ្ជាក់ថា ការតម្កល់ព្រះសម្ភុ (សិវ) គឺបែរព្រះភក្រ្តទៅកាន់ទិសឧត្តរ (ខាងជើង) ហើយនេះជាព័ត៌មានដែលយើងអាចដឹងថា ប្រាសាទបល្ល័ង្កប្រហែលមានទ្វារចូល ឬបែរមុខទៅទិសខាងជើង។
ស្លោកទី១០ ដល់ទី១២ អ្នកនិពន្ធបានពណ៌នាអំពីព្រាហ្មណ៍ “វិទ្យាចន្រ្ទ” និងតង្វាយនូវសព្វទ្រព្យធន មានដូចជា គោ ដីស្រែ និងអ្នកបម្រើ ហើយបានបញ្ជាក់នូវបណ្តាសាថា បើជនណាម្នាក់មានបំណងចង់បាន ឬរឹបអូសកាន់កាប់ដី ឬដណ្តើមទ្រព្យសម្បត្តិទេវស្ថាននេះ នឹងត្រូវធ្លាក់ទៅរងនូវទារុណកម្មដ៏សែនរន្ធត់បំផុតនៅក្នុងស្ថាននរក រួមជាមួយកូន ចៅ និងញាតិសន្តានទាំងមូល។
អត្ថបទចារឹក និងសេចក្តីប្រែ
១. ជយត្យនុបមេយទ៌្ធេ រីឝានឝ្ចន្ទ្រឝៃវរះ
អវាទិតនុភិវ៌្វត្វ មឞ្ដភិយ៌្យស្យ តន្ត្រិវ។
សេចក្តីប្រែ៖ ព្រះឦសាន (ព្រះសិវ) ដែលមានសេចក្តីចម្រើន (ឫទ្ធិអំណាច) រកអ្វីប្រៀបផ្ទឹមពុំបាន ដែលមានចំណិតព្រះចន្ទ្រនៅលើព្រះសិរ ចូរមានជ័យជម្នះ! ព្រះអង្គទ្រង់គ្រប់គ្រងថែរក្សាលោកទាំងមូល តាមរយៈព្រះរូបកាយទាំងប្រាំបី (អស្តមូត៌ិ) របស់ព្រះអង្គ ហាក់បីដូចជាខ្សែពិណដែលបង្កើតជាតន្ត្រីដ៏ពីរោះ។
២. សុនៃតិម្ឫទុឝក្តិត្យា វិជិត្យាឝេឞឝាត្រវាន៑
ចវវ្រៅគហានគ៌្គាណ សន្តតិស្រករោធីយះ។
សេចក្តីប្រែ៖ ព្រះរាជាអង្គណា ដែលបានយកឈ្នះលើសត្រូវទាំងពួងឥតមានសេសសល់ ដោយប្រើប្រាស់នូវសុនៃតិ (គឺនយោបាយដ៏ល្អ) និងម្ឫទុឝក្តិ (ម្រឹទុសក្តិ) (គឺអំណាចដ៏ទន់ភ្លន់)។ ព្រះអង្គបានធ្វើឱ្យផ្ទះសម្បែង (ក្នុងព្រះនគរ) មិនចាំបាច់មានរនាំងទ្វារបិទជិត (ព្រោះមានសុខសន្តិភាព) និងបានធ្វើឱ្យការបន្តពូជពង្សនៃប្រជានុរាស្ត្រ រីកចម្រើនទៅមុខជានិច្ចដោយគ្មានឧបសគ្គមករារាំងបានឡើយ។
៣. ជិត្យាន្យយុគឝាម្ភោជំ នខកេបរឝោភិតម៑
សទាវនតសាមន្ត មៅលិឞទ្បទសេវិតម៑។
សេចក្តីប្រែ៖ ព្រះបាទាទាំងគូរបស់ព្រះអង្គ ប្រៀបបានទៅនឹងផ្កាឈូកមាសរបស់ព្រះសិវ ដែលមានពន្លឺចែងចាំងស្អាតបាតទៅដោយកេសរ គឺព្រះនខា (ក្រចក)។ ព្រះបាទាទាំងគូនោះ តែងត្រូវបានស្តេចចំណុះ (សាមន្ត) និងសត្រូវទាំងឡាយ នាំគ្នាឱនក្បាលដាក់មកុដមកក្រាបបង្គំសំពះបម្រើនៅទៀបជើងជាដរាប។
៤. អមេយោកីត៌ិ្តរវលា ទិគន្តរិតិសប៌ិ្បណិ
ឥន្ទោរ៑ …………. កវិភិយ៌្យស្យ កីត៌្យតេ។
សេចក្តីប្រែ៖ កេរ្តិ៍ឈ្មោះដ៏មហាសាល (របស់ព្រះអង្គ) បានរីកសាយភាយទៅសព្វទិសទី ហើយត្រូវបានពួកកវីទាំងឡាយពោលសរសើរ ប្រៀបប្រដូចជាពន្លឺព្រះចន្ទ្រ (ឥន្ទោរ៑)……..។
៥. ឝ្រីឝានវម៌្មទេវស្យ ឝ្រីនិវាសស្យ វិក្រមាត៑
យជ្ញ………………ស្តស្យ បុណ្យានាំ បាលនាយ យះ។
សេចក្តីប្រែ៖ តាមរយៈវិក្រមភាព (គឺអំណាច) របស់ព្រះបាទ ស្រីឦសានវម៌្មទេព ដែលទ្រង់ជាព្រះស្រីនិវាស (គឺទីស្នាក់អាស្រ័យនៃសិរីសួស្តី=ព្រះវិស្ណុ) បូជាយញ្ញ (យជ្ញ)…….. អ្នកប្រាជ្ញរូបណា ដើម្បីអភិបាលរក្សានូវបុណ្យកុសលទាំងឡាយ……..របស់ព្រះរាជាអង្គនោះ។
៦. ឝ្រីគម្ភីរេឝ្វរស្យៃវ ទក្ឞិណាំ [ប្រ]មុខស្យ យះ
តន្ត្រាក្ឞក្ឞេឞ្វបិ ……………….កម៌្មសុ។
សេចក្តីប្រែ៖ អ្នកប្រាជ្ញរូបណា សូម្បីតែក្នុងកិច្ចការត្រួតពិនិត្យក្បួនខ្នាត និងការគ្រប់គ្រងដែនដី (សក្ការៈ) ទាំងឡាយ ………….នៅក្នុងកិច្ចការទាំងឡាយ ទក្សិណាទានទាំងឡាយនៃព្រះស្រីគម្ភីរេស្វរៈ ដែលជាប្រមុខ។
៧. តស្យាត្មនោ គុរុណញ្ច ភវេ ភក្តិនិវន្ធនម៑
សទានុស្ផុតិយោគឝ្ច យស្យេឞ្ដញ្ជន្មជន្មសុ។
សេចក្តីប្រែ៖ ដោយមានភក្តីភាពចំពោះគ្រូទាំងឡាយរបស់ខ្លួន ដែលជាចំណងនៃការចងចាំ និងការប្រតិបត្តិយោគៈ ដែលជាបំណងប្រាថ្នារបស់រូបលោកជារៀងរាល់ជាតិ (ជន្មជន្មសុ) ផងនោះ។
៨. តេន …………នាម្នា វិទ្យាចន្ទ្រេន យជ្វនា
……………………. វិធិនា សុប្រតិឞ្ឋិបតះ។
សេចក្តីប្រែ៖…………(ព្រះប្រតិមា)…….. ត្រូវបានប្រតិស្ឋានឡើងយ៉ាងល្អ តាមវិធីកម្មយ៉ាងត្រឹមត្រូវ ដោយអ្នកប្រាជ្ញ ដែលមាននាមថា វិទ្យាចន្ទ្រ ដែលជាបូជាចារ្យ (យជ្វនា) រូបនោះ…………… ។
៩. យស្យតុ ចន្ទ្រទេឝេស្មិន៑ ស្ថាបិតោ ភគវានិយម៑
តេនោត្តរទិគាស្យេន ឝម្ភុនា ស្ថិរ[តាស្តុ]តាម៑។
សេចក្តីប្រែ៖ ព្រះភគវន្ត (ព្រះសិវ) អង្គនេះ ត្រូវបានប្រតិស្ឋាន នៅក្នុងដែនដី ចន្ទ្រទេស (ចន្ទ្រទេឝ) នេះ។ សូមឱ្យព្រះសម្ភុ (ព្រះសិវ) ដែលត្រូវបានតម្កល់ ឱ្យបែរព្រះភក្ត្រទៅកាន់ទិសឧត្តរ (ខាងជើង) ដោយអ្នកប្រាជ្ញ (វិទ្យាចន្ទ្រ) នោះ គង់ប្រថាប់នៅស្ថិតស្ថេរចីរកាលរៀងដរាបទៅចុះ!
១០. តេនាយំ ភគវានីតោ យជ្វនា ក្ឫតវេទិនា
ស តស្មៃ ប្រតិវទ៌្ធេយ ន្ទេវស្តន្តាននន្ទកម៑។
សេចក្តីប្រែ៖ ព្រះភគវន្តអង្គនេះ ត្រូវបាននាំមកតម្កល់ទុកដោយ (អ្នកប្រាជ្ញវិទ្យាចន្ទ្រ) ដែលជាអ្នកបូជា ដែលជាអ្នកមានធម៌កតញ្ញូដឹងគុណ។ សូមទេពអង្គនោះប្រទានពរនូវសេចក្ដីចម្រុងចម្រើន និងសេចក្ដីរីករាយ!
១១. តត្សបយ៌្យវិធិស្ថិត្យៃ តេនាស្មៃយន្និវេទិតម៑
គោក្ឞេត្រទាសាទិធនំ សំហត៌ុយស្តទិច្ឆតិ។
សេចក្តីប្រែ៖ ដើម្បីរក្សានូវពិធីបូជា គ្រឿងតង្វាយដែលលោក (វិទ្យាចន្ទ្រ) នោះ បានថ្វាយនូវទ្រព្យធន មានហ្វូងគោ ដីស្រែ និងខ្ញុំបម្រើជាដើម។ បុគ្គលណាដែលប្រាថ្នាចង់រឹបអូស ឬបំផ្លាញនូវទ្រព្យសម្បត្តិទាំងនោះ។
១២. អវិធិយាតនាំឃោរាំ សំយាយាត៑ បុរុឞាធមះ
សបុត្របៅត្រសន្តានោ នត៌ូយោជនលប្ធ[ព្ធ]វាន៑។
សេចក្តីប្រែ៖ បុរសដ៏ថោកទាបណា ដែលហ៊ានរំលោភបំពាន ឬលួចប្លន់យកទៅនូវទ្រព្យសម្បត្តិទាំងឡាយ ដែលគេបានចាត់ចែងថ្វាយទុកមកនេះ សូមឱ្យគេនោះព្រមទាំងកូន ចៅ និងញាតិសន្តានទាំងមូល នឹងត្រូវធ្លាក់ទៅរងនូវទារុណកម្មដ៏សែនរន្ធត់បំផុតនៅក្នុងនរក។
ជារួមមក សិលាចារឹករកឃើញទួលបល្ល័ង្ក ខេត្តកំពង់ឆ្នាំង ដែលកំពុងរក្សាទុកនៅវត្តសិរីរតនារាម (ហៅវត្តច្រណូក) គឺជាប្រភពពត៌មានដែលផ្តល់ឱ្យយើងដឹងអំពីគោលនយោបាយ និងគុណសម្បត្តិដ៏អស្ចារ្យរបស់ព្រះបាទស្រីសានវម៌្ម (ទី១)។ ជាពិសេស សិលាចារឹកនេះ គឺជាប្រភពដ៏ចាស់បំផុត (ស.វ.ទី៧) ដែលមានបង្ហាញព្រះនាមព្រះមហាក្សត្រ រួមជាមួយពាក្យ “ទេវ” នៅខាងចុង ពោល គឺ “ស្រីសានវម៌្មទេវ”។ ព្រមជាមួយនេះ ព័ត៌មានរបស់សិលាចារឹកបានឱ្យយើងស្គាល់អំពីព្រាហ្មណ៍ម្នាក់ឈ្មោះ “វិទ្យាចន្រ្ទ” ដែលជាស្ថាបនិកកសាងប្រាសាទ និងតម្កល់ព្រះប្រតិមា (ស្រីគម្ពីរេស្វរ) នៅដែនដី “ចន្រ្ទទេស” ពោល គឺទំនងជាទេពនៃប្រាសាទទួលបល្ល័ង្ក និងជាឈ្មោះដើមនៃតំបន់ច្រណូក កាលពីសម័យបុរាណ។


———-
This new inscription (K.1418) was found in Toul Ballang Temple, in Chranouk commune, Kampong Laeng district, Kampong Chhnang province, which is currently preserved at Wat Siri Ratanaram (commonly known as Wat Chranouk). The inscription is written on the sandstone doorjamb. It is inscribed with ancient Sanskrit scripts and consists of 24 rulers (12 slokas). The inscription dates back to the 7th century. This text describes the chronicles the policies and magnificent virtues of King Śrī Īśānavarman (I). Most notably, this inscription constitutes the oldest source (7th century) to present the regnal name of a monarch appended with the term “deva”, specifically, “Śrī Īśānavarmadeva”. Furthermore, the epigraphic data introduces a Brahmin named “Vidyācandra”, who founded the temple and consecrated the sacred image (Śrī Gambhīreśvara) in the territory of “Candradeśa”; this deity was in all probability the presiding divinity of Prasat Tuol Pallangk, while the toponym itself likely designates the ancient name of the Chranouk region.
អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា





