ទំព័រដើមប្រវត្តិសាស្ត្រព្រះពុទ្ធអង្គធំរកឃើញនៅអណ្តូងប្រាសាទបាយ័ន

ព្រះពុទ្ធអង្គធំរកឃើញនៅអណ្តូងប្រាសាទបាយ័ន

ប្រាសាទបាយ័ន មានទីតាំងស្ថិតនៅត្រង់ចំណុចកណ្តាលរាជធានីអង្គរធំ ដែលគេស្គាល់ជាទូទៅថា ជា​ប្រាសាទរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ (គ.ស.១១៨១ – ១២២០)។ ប្រាសាទនេះ មានរចនាសម្ព័ន្ធស្មុគស្មាញខ្លាំង និងចែកចេញជា ៣ ថ្នាក់សំខាន់ៗ។ ក្នុងនោះ នៅថ្នាក់ខាងលើបង្អស់ ត្រង់ចំណុចប្រាង្គកណ្តាល ដែលជាប្រាង្គមានទំហំធំ និងខ្ពស់ជាងគេ (កម្ពស់ ៤៣ម៉ែត្រពីដី) មានអណ្តូងដ៏ជ្រៅមួយ (ជម្រៅជិត ១៤ម៉ែត្រ)។ គួរចាប់អារម្មណ៍ នៅក្នុងអណ្តូងនេះ បុរាណវិទូជនជាតិបារាំង បានធ្វើកំណាយរកឃើញប្រតិមាព្រះពុទ្ធអង្គប្រក់នាគដ៏ធំមួយអង្គ ដែលអ្នកប្រវត្តិវិទូមួយចំនួនហៅព្រះពុទ្ធអង្គធំនេះថា “ជ័យពុទ្ធមហានាថ”។ តើប្រតិមាព្រះពុទ្ធអង្គធំរកឃើញនៅក្នុងអណ្តូងប្រាសាទបាយ័ន មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?

នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៣៣ បុរាណវិទូជនជាតិបារាំងឈ្មោះ George Trouvé បានដឹកនាំក្រុមការងារធ្វើកំណាយនៅក្នុងរណ្តៅដ៏ជ្រៅមួយដែលរាងបួនជ្រុងស្មើ នៃប្រាង្គកណ្តាលប្រាសាទបាយ័ន (សព្វថ្ងៃអ្នកស្រុកហៅថា “អណ្តូងព្រេង”) ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅអំពីប្រវត្តិរបស់ប្រាសាទ។ ក្នុងកំណាយនោះ គេជីករហូតដល់ជម្រៅដី ១៤ ម៉ែត្រ ដែលស្មើនឹងកម្រិតដីរាបនៃប្រាសាទ។ ប៉ុន្តែ នៅពេលជីកដល់ជម្រៅដីត្រឹមតែ ៥ ម៉ែត្រប៉ុណ្ណោះ គេបានប្រទះឃើញបំណែកព្រះពុទ្ធរូបប្រក់នាគដ៏ធំមួយអង្គដែលមានកម្ពស់រហូតដល់ទៅ ៣,៦០ ម៉ែត្រ (តម្កល់នៅលើជើងទម្រមួយដែលមានរាងប្រាំបីជ្រុង) កប់លាយឡំជាមួយព្រះសិរ និងព្រះកាយព្រះពុទ្ធរូប  តូចៗជាច្រើនទៀតដែលមានទម្រង់ជាសិល្បៈដើមសម័យអយុធ្យា (សៀម) នៅក្នុងអណ្តូងជាមួយគ្នា។ អំឡុងពេលរកឃើញនោះ អ្នកស្រាវជ្រាវបានចាត់ទុកព្រះប្រតិមាអង្គនេះ ជាប្រតិមាស្នូលនៃអាណាចក្រខ្មែរនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (ចុងស.វ.ទី១២ ដល់ដើមស.វ.ទី១៣)។ លុះ  ក្រោយមក នៅក្នុងខែតុលា ឆ្នាំ១៩៣៣ ប្រតិមាព្រះពុទ្ធប្រក់នាគដ៏ធំនេះបានផ្គុំឡើងវិញទាំងស្រុង នៅខាងមុខទីធ្លាប្រាសាទ។ មកដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៣៤ បុរាណវិទូនៃសាលាបារាំងចុងបូព៌ាប្រទេស (EFEO) បានថ្វាយព្រះប្រតិមានេះជូនដល់សម្តេចព្រះករុណា ស៊ីសុវត្ថិ មុនីវង្ស។ នៅក្នុងឆ្នាំ១៩៣៥ ព្រះករុណាបានយាងទៅតម្កល់ និងធ្វើពិធីអភិសេកបដិមានេះសម្រាប់បូជាឡើងវិញនៅលើខឿនព្រះវិហារវត្តប្រាំពីរល្វែង ដែលស្ថិតនៅប៉ែកឦសានប្រាសាទបាយ័ន ឬនៅខាងជើងព្រលានជល់ដំរី។ ចាប់ពីពេលនោះ ព្រះប្រតិមានេះបានតម្កល់នៅទីនោះមកទល់សព្វថ្ងៃ ពោល គឺមិនបានផ្លាស់ប្តូរទៅទីណាទៀតនោះឡើយ ហើយគ្រាន់តែប្តូរពីរោងឈើ មកជាសំណង់បេតុងប្រក់ពីលើប៉ុណ្ណោះ។ ចាប់ពីពេលនោះមក មានសំណួរមួយដែលតែងចោទសួរអំពីព្រះ​ប្រតិមាព្រះពុទ្ធអង្គធំនេះថា តើព្រះពុទ្ធរូបនេះ ពិតជាព្រះអាទិទេពដើមនៃប្រាង្គកណ្តាលប្រាសាទបាយ័នមែន ឬយ៉ាងណា?

ព្រះពុទ្ធរូបអង្គនេះ មានសិល្បៈជាទម្រង់រូបតំណាងដ៏ពេញនិយមបំផុតនាសម័យអង្គរ។ ព្រះអង្គគង់ក្នុងទម្រង់ធ្យានមុទ្រា ពោល គឺការតាំងសមាធិយ៉ាងជ្រាលជ្រៅ ព្រះនេត្របិទទម្លាក់ចុះក្រោម គង់នៅលើនាគក្បាលប្រាំពីរ ហើយក្បាលនាគទាំងនោះងើបឡើងលើធ្វើជាដំបូលប្រក់ការពារព្រះអង្គ។ អ្នកប្រាជ្ញជាច្រើននៅសម័យមុន ដូចជា លោក George Coedès (ឆ្នាំ១៩២៣) និងលោក Pierre Dupont (ឆ្នាំ១៩៥០) បានបកស្រាយតាមបែបនិម្មិតរូបថា ការរចនាព្រះប្រតិមាបែបនេះ គឺជាការសំយោគចូលគ្នារវាងជំនឿដើមរបស់ខ្មែរលើការគោរពនាគ និងព្រះពុទ្ធសក្យមុនី ដែលត្រូវបានការពារដោយនាគមុចលិន្ទ ក្នុងអំឡុងពេលដែលព្រះពុទ្ធត្រាស់ដឹង នៃព្រះពុទ្ធសាសនាថេរវាទ។ ប៉ុន្តែ អ្នកស្រាវជ្រាវជំនាន់ក្រោយជាច្រើនទៀតយល់ឃើញថា ព្រះប្រតិមានេះ មិនជាប់ពាក់ព័នជាមួយព្រះពុទ្ធសាសនាថេរវាទនោះឡើយ ពោល គឺជាប់ពាក់ព័ន្ធទៅនឹងព្រះពុទ្ធសាសនាមហាយាន ឬវជ្រយាន។ ជាក់ស្តែង ដូចជា លោក Peter D. Sharrock គិតថា ព្រះពុទ្ធប្រក់នាគនៅសម័យបុរាណមួយចំនួន អាចជារូបតំណាងនៃព្រះពុទ្ធអមិតាភៈ ដែលប្រតិស្ឋាននៅស្ថានសួគ៌ខាងលិចឈ្មោះថា “សុខាវតី”។​  ក្រៅអំពីនេះ ព្រះពុទ្ធអង្គដ៏ធំនេះ ក៏ត្រូវបានគេចាត់ទុកថាជា “ពុទ្ធរាជ” តាមបែបព្រះពុទ្ធសាសនា ជំនួសឱ្យ “ទេវរាជ” នៃព្រហ្មញ្ញសាសនា (ព្រះសិវ ឬវិស្ណុ)។ ក្នុងនោះ លោក George Coedès (ឆ្នាំ១៩៤៤, ១៩៤៤) យល់ឃើញថា ព្រះពុទ្ធរូបរកឃើញនៅប្រាសាទបាយ័ន គឺជារូបនិម្មិតរូបនៃការលើកតម្កើងព្រះបាទជ័យវរ្ម័នទី៧ ឱ្យក្លាយទៅជាទេព ហើយព្រះប្រតិមានេះ គឺជាការប្រមូលផ្តុំនូវរាល់ព្រះប្រតិមាទាំងឡាយដែលមានរៀបរាប់ព្រះនាមនៅក្នុងថែវជាន់ខាងក្រោមនៃប្រាសាទបាយ័ន។ អ្នកស្រាវជ្រាវខ្លះទៀត រួមមានដូចជា លោក Paul Mus (ឆ្នាំ១៩៦២) និងលោក Bernard Phillipe Groslier រួមជាមួយលោក Jacques Dumarçay (ឆ្នាំ១៩៧៣) បានព្យាយាមបកស្រាយព្រះពុទ្ធរូបនេះតាមបែបជំនឿខាងវិញ្ញាណនៅអង្គរ ដោយជឿថា ព្រះពុទ្ធរូបរកឃើញនៅប្រាសាទបាយ័ននេះ គឺជានិម្មិតរូបនៃព្រះបាទជ័យវរ្ម័នទី៧ ក្នុងតួនាទីជា “អ្នកតាធំ” នៃអាណាចក្រខ្មែរ ដែលបង្ហាញអំពីអំណាចរបស់ព្រះអង្គតាមរយៈការប្រមូលផ្តុំ “អ្នកតាម្ចាស់ទឹកម្ចាស់ដី” ឱ្យមកស្ថិតនៅក្រោមព្រះបាទ (ជើង) របស់ទ្រង់។ ទោះជាមានការបកស្រាយពីសំណាក់អ្នកស្រាវជ្រាវជាច្រើនយ៉ាងណាក៏ដោយ គ្មានសិលាចារឹកណាមួយនៅប្រាសាទបាយ័ន ឬប្រាសាទផ្សេងទៀតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលបានកត់ត្រាអំពីព្រះពុទ្ធរូបនេះឡើយ ហើយសូម្បីតែព្រះនាម “ជ័យពុទ្ធមហានាថ” ដែលមានកត់ត្រានៅក្នុងសិលាចារឹកប្រាសាទព្រះខ័ន ក៏មិនប្រាកដថាជាព្រះនាមដើមរបស់ព្រះពុទ្ធរូបរកឃើញនៅក្នុងអណ្តូងនៃប្រាង្គកណ្តាលប្រាសាទបាយ័ននេះឡើយ។  

ការសិក្សាបែបវិទ្យាសាស្រ្តមួយថ្មីរបស់លោក Martine Polkinghorne និងសហការី (ឆ្នាំ២០១៣) បានសនិ្នដ្ឋានថា ​ព្រះពុទ្ធអង្គធំនេះ ទំនងសង់ឡើងនៅចុងស.វ.ទី១២ (រចនាបថបាយ័ន) នៅអំឡុងពេលដែលព្រះពុទ្ធប្រក់នាគគឺជាទេពដ៏លេចធ្លោបំផុត ហើយព្រះពុទ្ធអង្គនេះបង្ហាញពីព្រះភក្រ្តបែបអាថ៌កំបាំង និងស្នាមញញឹមនៃសម័យអង្គរ។ ព្រះភក្រ្ត រូបរាង អវយៈ សាច់ដុំ និងកាយវិការ គឺស្រដៀងគ្នាទៅនឹងរូបសំណាកដែលគេជឿថាជាព្រះបាទជ័យវរ្ម័នទី៧ (រកឃើញនៅអង្គរធំ, ប្រាសាទបាកាន្ត, ប្រាសាទភិមាយ)។ ព្រះពុទ្ធអង្គរកឃើញនៅបាយ័ន គឺបង្ហាញអំពីការ សមាធិតាមរយៈព្រះនេត្រដែលបិទពាក់កណ្តាល ពោល គឺជានិម្មិតរូបដាស់តឿនដល់វិញ្ញាណនៃសេចក្តីមេត្តាករុណា និងជាទម្រង់លក្ខណៈពិសេសនៃសិល្បៈខ្មែររចនាបថបាយ័ន។ ចំណែក ព្រះកេសា គឺមានរូបគូទខ្យងតូចៗដែលឆ្លាក់ជាក្បាច់រាក់ៗ ស្រដៀងព្រះពុទ្ធរូបកាលពីសម័យមុនក្នុងរចនាបថបាភួន។ ព្រះកាណ៌វែង យារធ្លាក់ទៅដល់ព្រះកាយ រីឯគ្រឿងអល្លង្ការ និងសម្លៀកបំពាក់រចនាឡើងក្នុងទម្រង់បែបសាមញ្ញ ដោយមានស្បង់ចីវរតភ្ជាប់ពីព្រះហស្តឆ្វេងទៅព្រះកាយ។ ប្រតិមាព្រះពុទ្ធអង្គនេះ មានលក្ខណៈខុសប្លែកពីគេត្រង់ថាមានទំហំធំសម្បើម និងឆ្លាក់ពីថ្មភក់ពណ៌សដ៏ចម្លែក ដែលកាលពីដំបូងឡើយ លោក Trouvé យល់ច្រឡំថាជាថ្មក្រានីត។

ដើម្បីបកស្រាយថា តើព្រះប្រតិមានេះពិតជាមានទីតាំងនៅប្រាង្គកណ្តាលនៃប្រាសាទបាយ័នមែនឬមិនមែននោះ លោក Martine Polkinghorne និងសហការី (ឆ្នាំ២០១៣) បានសិក្សានិងបកស្រាយតាមរយៈការផ្ទៀងផ្ទាត់ជាមួយសិលាចារឹកប្រាសាទព្រះខ័ន ដែលរៀបរាប់អំពីពិធីបុណ្យប្រចាំឆ្នាំ។ ពិធីបុណ្យនោះ គេបានរំឭកដល់ទេពសំខាន់ៗជាច្រើននៅជុំវិញអាណាចក្រខ្មែរ ដូចជា នៅប្រាសាទវត្តនគរ ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយឆ្មារ និងប្រាសាទភិមាយ។ ប៉ុន្តែ គួរឱ្យចម្លែក គេមិនបានរៀបរាប់រំឭកដល់ព្រះពុទ្ធរូបនៅប្រាសាទបាយ័នអង្គនេះឡើយ។ ដូច្នេះ គេអាចពិចារណាថា មូលហេតុដែលគេមិនរំឭកដល់ព្រះពុទ្ធអង្គនៅប្រាសាទបាយ័នដូច្នេះ ប្រហែលមកពីសិលាចារឹកនេះចារឡើងមុនពេលអភិសេកព្រះពុទ្ធអង្គនេះ។ បន្ថែមពីនេះ តាមរយៈទំហំដ៏ធំ និងទម្ងន់ដ៏ធ្ងន់ (១៥តោន) របស់ព្រះពុទ្ធអង្គធំនេះ គឺច្បាស់ណាស់ថា ដើម្បីដំឡើងព្រះពុទ្ធអង្គនេះដាក់តម្កល់នៅក្នុងប្រាសាទបាន លុះត្រាតែមានការរៀបចំផែនការយ៉ាងហ្មត់ចត់។ ក្នុងករណីនេះ ដោយសារតែព្រះពុទ្ធអង្គនេះមានកម្ពស់ខ្ពស់ជាង និងទទឹងធំជាង ខ្លោងទ្វារនៃប្រាង្គកណ្តាលប្រាសាទបាយ័ន នាំឱ្យលោក Claude Jacques (ឆ្នាំ១៩៩៩) និងលោក Oliver Cunin (ឆ្នាំ២០០៧) យល់ឃើញថា គេបានតម្កល់ព្រះពុទ្ធរូបនេះតាំងពីមុនកសាងប្រាង្គកណ្តាលប្រាសាទបាយ័ន្តមកម្ល៉េះ ដោយសារតែគេរកឃើញថា នៅទីនោះមានរចនាសម្ព័ន្ធបណ្តោះអាសន្នចាំបាច់ដើម្បីការពារព្រះប្រតិមាអង្គនេះ។ គំនិតគួរឱ្យចាប់អារម្មណ៍មួយរបស់លោក Jacques (ឆ្នាំ២០០៧) បានគិតថា នៅពេលមានចលនាប្រឆាំងនឹងព្រះប្រតិមានៃព្រះពុទ្ធសាសនាបន្ទាប់ពីរាជ្យព្រះបាទជ័យវរ្ម័នទី៧ ប្រហែលគេបានយករូបសំណាកព្រះហរិហរមកជំនួសកន្លែងព្រះពុទ្ធអង្គនេះ ដោយយោងទៅលើសិលាចារឹកនៅក្នុងប្រាង្គជាប់ៗគ្នាមានរំឭកដល់ព្រះនាងបវ៌តី និងព្រះនាងធរណី ដែលជាមហេសីរបស់ព្រះសិវ និងព្រះវិស្ណុ។ ប៉ុន្តែ លោក Martine Polkinghorne និងសហការី (ឆ្នាំ២០១៣) ជឿថា សម្មតិកម្មនេះទំនងមិនត្រឹមត្រូវឡើយ ព្រោះយ៉ាងហោចណាស់គេបានគោរពប្រណិប័តន៍ចំពោះព្រះពុទ្ធអង្គនេះរហូតដល់ស.វ.ទី១៥។ ដោយឡែក លោក Dumarçay (ឆ្នាំ១៩៩៦) បង្ហាញទស្សនៈដ៏ត្រឹមត្រូវមួយថា ដើម្បីសែងប្រតិមាព្រះពុទ្ធអង្គនេះយកទៅតម្កល់ក្នុងប្រាង្គកណ្តាលប្រាសាទបាយ័នបាន គេត្រូវសែងផ្អៀងបណ្តោយរូប ដូចដែលពេលលោក Trouvé បានសែងយកចេញពីក្នុងរណ្តៅកំណាយដូច្នោះដែរ ហើយលោកគិតថា គេបានសង់បញ្ចប់ជាស្ថាពរ និងធ្វើពិធីបុណ្យឆ្លងព្រះពុទ្ធរូបអង្គនេះ (បើកព្រះនេត្រ) នៅពេលបញ្ចប់ការសាងសង់។ តាមរយៈការលើកឡើងដូច្នេះ លោក Martine Polkinghorne និងសហការី (ឆ្នាំ២០១៣) យល់ឃើញថា ប្រសិនបើគេសែងព្រះពុទ្ធអង្គនេះដោយការសែងផ្អៀងបណ្តោយរូប យកទៅតម្កល់ក្នុងប្រាសាទមែននោះ គឺមិនមានភស្តុតាងរឹងមាំណាមួយដែលអាចបញ្ជាក់ថា ព្រះពុទ្ធអង្គនេះ គឺជាព្រះប្រតិមាដើមរបស់ប្រាសាទបាយ័នតាំងពីដំបូងមកនោះឡើយ ព្រោះគេអាចនឹងដឹកជញ្ជូនរូបនេះចូល និងចេញតាមទ្វារខាងកើត ឬខាងលិចនៃប្រាង្គកណ្តាលពីកន្លែងណាមួយ នៅក្នុងពេលណាមួយនៅសម័យក្រោយក៏អាចថាបាន។

ចំណុចគួរកត់សម្គាល់ជាពិសេសមួយទៀតនោះ ព្រះពុទ្ធរូបនេះតម្កល់នៅលើបល្ល័ង្កដែលមានរាងប្រាំបីជ្រុង ខុសប្លែកពីព្រះពុទ្ធរូបផ្សេងទៀតនៅសម័យអង្គរដែលជាទូទៅតម្កល់លើបល្ល័ង្ករាងបួនជ្រុងស្មើ ឬបួនជ្រុងទ្រវែង។ ម្ល៉ោះហើយ លោក Martine Polkinghorne និងសហការី (ឆ្នាំ២០១៣) យល់ឃើញថា បល្ល័ង្ករាងប្រាំបីជ្រុងដែលធ្វើអំពីថ្មភក់ជាច្រើនដុំផ្គុំចូលគ្នានេះ គឺធ្វើឡើងនៅសម័យក្រោយ រវាងស.វ.ទី១៥។ ប្រសិនបើពិនិត្យពីផ្នែកខាងក្រោមមកខាងលើ បល្ល័ង្កព្រះពុទ្ធអង្គនេះមានថ្មភក់ចំនួន ៦ ជាន់ គឺរាងប្រាំបីជ្រុងចំនួន៤ជាន់ និងរាងមូលចំនួន២ជាន់។ ជាន់ប្រាំបីជ្រុងនីមួយៗមានថ្មចំនួន ៨ ដុំ ហើយដុំនីមួយៗត្រូវបានកែច្នៃឡើងវិញ ដើម្បីឱ្យត្រូវគ្នាជាមួយនឹងដុំថ្មផ្សេងទៀត ដែលដុំថ្មទាំងនោះរៀបចំឡើងឱ្យផ្ទៃម្ខាងមានទំហំប្រហែល ៤/៥ និងផ្ទៃម្ខាងទៀតមានទំហំ ១/៥។ បើពិនិត្យមើលរូបរាងបល្ល័ង្ករាងប្រាំបីជ្រុងនេះ គឺមានលក្ខណៈស្រដៀងស្តូបគោកធ្លក (ខាងលិចបាយ័ន) និងវត្តព្រះងោក (ប៉ែកពាយព្យបាយ័ន)។ កាលបរិច្ឆេទស្តូបទាំងនេះមិនសូវច្បាស់លាស់នោះទេ តែទំនងស្ថិតនៅស.វ.ទី១៥ ឬក្រោយបន្តិច ដែលស្របទៅនឹងខឿនព្រះពុទ្ធសាសនាថេរវាទដទៃទៀតនៅអង្គរ។ ម្ល៉ោះហើយ បល្ល័ង្ករាងប្រាំបីជ្រុងដែលយកមកពិចារណានេះ អាចត្រូវបានគេកែប្រែម្តងទៀត មុននឹងបោះចូលអណ្តូងព្រេង នៅរវាងស.វ.ទី១៥ ឬ១៦។ ម្ល៉ោះហើយ ទ្រឹស្តីចាស់ៗដែលជឿថា បន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៧សោយទិវង្គត ពួកប្រតិកិរិយាព្រហ្មញ្ញសាសនា (សិវនិយម) បានវាយកម្ទេចព្រះពុទ្ធរូបអង្គធំនេះជាបំណែកតូចៗ ហើយបោះចូលទៅក្នុងអណ្តូងព្រេងដើម្បីលុបបំបាត់ដានព្រះពុទ្ធសាសនាមហាយាននោះ គឺហាក់ដូចជានៅមានភាពមន្ទិលនៅឡើយ។ ដ្បិត បើយោងទៅលើបល្ល័ង្ករាងប្រាំបីជ្រុងដូច​បានរៀបរាប់ខាងលើ និងភស្តុតាងនៃការរកឃើញព្រះសិរព្រះពុទ្ធរូបតូចៗរចនាបថអយុធ្យាប្រមាណ ៤០ អង្គ (អំឡុងពេលដែលអយុធ្យាកាន់កាប់អង្គរនៅស.វ.ទី១៥) នៅក្នុងរណ្តៅជាមួយព្រះពុទ្ធរូបអង្គធំនេះ គឺគេអាចសន្និដ្ឋានថា ព្រះពុទ្ធអង្គធំដែលរកឃើញនៅប្រាសាទបាយ័ននេះ មិនត្រូវបានគេបំផ្លាញចោលនៅក្នុងស.វ.ទី១៣នោះទេ។ ផ្ទុយទៅវិញ មនុស្សខ្មែរបានបន្តគោរពប្រណិប័តន៍ព្រះពុទ្ធអង្គនេះយ៉ាងខ្ជាប់ខ្ជួនរហូតដល់រវាងស.វ.ទី១៥ ឬ១៦ ហើយការដែលប្រតិមានេះត្រូវបានគេវាយបំបែកបោះចូលក្នុងអណ្តូងព្រេងនោះ លោក Martine Polkinghorne និងសហការី (ឆ្នាំ២០១៣) សន្និដ្ឋានថា អាចកើតឡើងដោយសារក្រុមចោរជីកកកាយរកវត្ថុស័ក្តិសិទ្ធិនៅរវាងស.វ.ទី១៨។ បន្ថែមអំពីនេះ ព្រះប្រតិមាព្រះពុទ្ធអង្គធំនេះ ត្រូវបានគេជួសជុលឡើងវិញនៅស.វ.ទី១៦ (សម័យលង្វែក) ដែលស្របទៅនឹងការជួសជុលប្រាសាទ ឬពុទ្ធប្រតិមាផ្សេងៗទៀតនៅប្រាសាទអង្គរវត្ត និងប្រាសាទភ្នំបាខែងដែរ។ ប្រសិនបើប្រតិមានេះ ធ្លាប់មានគេវាយកម្ទេចនិងកប់ចោលតាំងពីស.វ.ទី១៣មែននោះ ម្ល៉េះនៅស.វ.ទី១៦ គេមិនអាចរកបំណែកមកជួសជុលព្រះពុទ្ធអង្គនេះឡើងវិញបានឡើយ។ ការជួសជុលឡើងវិញនៅស.វ.ទី១៦នេះ បញ្ជាក់​ឱ្យឃើញថា ទោះបីជាអាណាចក្រខ្មែរផ្លាស់ប្តូរពីរាជធានីអង្គរក៏ដោយ ក៏ពុទ្ធប្រតិមានៅប្រាសាទបាយ័ននេះ នៅតែមានសារៈសំខាន់សម្រាប់ពុទ្ធសាសនិកដដែល។ ម្យ៉ាងវិញទៀត បើទោះបីជាដើមឡើយព្រះប្រតិមានេះ ជាព្រះពុទ្ធអង្គនៅក្នុងព្រះពុទ្ធសាសនាមហាយានក៏ដោយ ប៉ុន្តែ នៅតែបន្តដើរតួនាទីជា “ព្រះពុទ្ធស្នូល” សម្រាប់ពុទ្ធសាសនិកនិកាយថេរវាទនៅសម័យក្រោយអង្គរដដែល។

សរុបជារួមមក  ព្រះពុទ្ធអង្គធំប្រក់នាគ ឬ «ជ័យពុទ្ធមហានាថ» ដែលរកឃើញក្នុងអណ្តូងប្រាសាទបាយ័នកាលពីឆ្នាំ១៩៣៣ គឺជាប្រតិមាស្នូលដ៏វិសេសវិសាលនៃសម័យអង្គរ។ ទោះបីជាមានទស្សនៈជាច្រើនជុំវិញអត្ថន័យនិម្មិតរូប និងប្រវត្តិកសាងក្តី ការសិក្សាថ្មីៗបានបង្ហាញថា ព្រះពុទ្ធរូបនេះ មិនធ្លាប់មានគេបំផ្លាញចោលនៅក្នុងស.វ.ទី១៣ ដោយសារជម្លោះសាសនាឡើយ។
ផ្ទុយទៅវិញ ប្រជាជនខ្មែរបានបន្តគោរពបូជាយ៉ាងខ្ជាប់ខ្ជួនរហូតដល់ស.វ.ទី១៥-១៦ ហើយថែមទាំងទទួលបានការជួសជុលឡើងវិញក្នុងសម័យលង្វែកទៀតផង។ ចំណែកការបែកបាក់ធ្លាក់ចូលអណ្តូងព្រេង អ្នកស្រាវជ្រាវបានសន្និដ្ឋានទំនងជាបណ្តាលមកពីក្រុមចោរជីកកកាយក្នុងស.វ.ទី១៨។ បច្ចុប្បន្ន ព្រះប្រតិមាដ៏ធំនេះត្រូវបានតម្កល់នៅខឿនព្រះវិហារវត្តប្រាំពីរល្វែង ដោយនៅតែបន្តតួនាទីជា «ព្រះពុទ្ធស្នូល» ដ៏ស័ក្តិសិទ្ធិសម្រាប់ពុទ្ធសាសនិកថេរវាទតាំងពីសម័យក្រោយអង្គររហូតមកដល់សព្វថ្ងៃ។

————-

This paper examines the history, iconography, and religious significance of the 3.60-metre naga-protected Buddha statue discovered in 1933 within the central tower pit of Bayon Temple. Excavated by George Trouvé, the 15-ton sandstone image was found shattered alongside smaller Ayutthaya-style figures. It was later restored and relocated to Wat Prampir Lvaeng in 1935. Scholarly interpretations of the statue vary, viewing it either as a synthesis of local naga worship and Buddhism, a Mahayana representation of Buddha Amitabha, or a Buddharaja (Buddha-King) symbolising the divinised King Jayavarman VII.
Crucially, recent research by Martine Polkinghorne et al. (2013) refutes the traditional theory that 13th-century Hindu iconoclasts destroyed the statue. Evidence of a 15th-century octagonal pedestal and 16th-century restorations demonstrates that the image remained a vital focal point for Theravada practitioners long after the Angkorian era. The study concludes that the statue was likely broken and cast into the pit by 18th-century looters searching for buried treasures.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,400SubscribersSubscribe
- Advertisement -spot_img