នៅក្នុងភាគទី១ យើងបានលម្អិតអំពីជើងទម្រព្រះប្រតិមា ឬជាភាសាសំស្រ្កឹតថា “បីឋ”, ឬ “បិណ្ឌិកា” ឬ “អាសន” នៅតាមប្រាសាទខ្មែរនាសម័យមុនអង្គរ (ស.វ.ទី៧-៨)។ ដោយឡែក នៅក្នុងអត្ថបទភាគទី២នេះ យើងនឹងបន្តលម្អិតអំពីជើងទម្រព្រះប្រតិមានាសម័យអង្គរ ចាប់ពីរវាងចុង ស.វ.ទី៨ និងដើមស.វ.ទី៩ រហូតដល់ស.វ.ទី១៣ ពោល គឺចាប់ពីរចនាបថគូលែន រហូតដល់រចនាបថបាយ័ន្ត។ តើជើងទម្រព្រះប្រតិមានៅតាមសំណង់ប្រាសាទខ្មែរនាសម័យអង្គរ មានលក្ខណៈទូទៅ និងការវិវឌ្ឍសិល្បៈយ៉ាងដូចម្តេចខ្លះ?
ជាដំបូងនេះ យើងក្រឡេកមកមើលជើងទម្រនៅចុងស.វ.ទី៨ និងដើមស.វ.ទី៩ ដែលស្ថិតនៅក្នុងរចនាបថគូលែនជាមុនសិន។ ក្នុងអំឡុងដើមសម័យអង្គរនេះ គេនិយមសង់ជើងទម្រព្រះប្រតិមាជាបល្ល័ង្កមានរាងបួនជ្រុងស្មើ ហើយមួយចំនួនស្រដៀងជើងទម្រនាសម័យមុនអង្គរ និងមួយចំនួនធំទៀតមានការវិវឌ្ឍសិល្បៈថ្មីមួយដោយឡែក ដែលអាចបញ្ជាក់ឱ្យឃើញថាឥទ្ធិពលសិល្បៈឥណ្ឌាស្ទើរតែរលុបអស់ទៅហើយ ពោល គឺសិល្បករខ្មែរបានព្យាយាមបង្កើតអ្វីថ្មីៗតាមរបៀបផ្ទាល់ខ្លួន។ ភាពស្រដៀងគ្នាជាមួយរចនាបថចាស់នោះ គឺការប្រើប្រាស់ក្បាច់សសរផ្អោបនៅត្រង់ផ្នែកកណ្តាល (តួ) ប៉ុន្តែគេប្រើថ្មភក់មួយដុំឆ្លាក់តែម្តង ដែលផ្ទុយពីសម័យមុនអង្គរគេប្រើថ្មភក់បីឬបួនជាន់ដាក់បន្តុបត្រួតពីលើគ្នា។ ការវិវឌ្ឍថ្មីមួយនៃសិល្បៈជើងទម្រព្រះប្រតិមាដែលសម័យមុនអង្គរមិនមាននោះគឺ ជើងទម្រដែលកើតចេញពីថ្មភក់តែមួយដុំ ហើយឆ្លាក់ឡើងជារាងថ្នាក់ៗ ដោយមានជើង (បាត) និងក្បាល (ថ្នាក់ខាងលើ) មានទំហំស្មើគ្នា ហើយលក្ខណៈពិសេសនោះគឺ នៅត្រង់ផ្នែកកណ្តាលមានចម្លាក់ក្បាច់បន្ទះត្រង់ផុសឡើង។ ប៉ុន្តែ ផ្នែកខាងលើបង្អស់ដែលជាស្នានទ្រោណី គេច្រើនប្រើប្រាស់ថ្មភក់មួយជាន់ទៀត។ ចំពោះ ក្បាច់លម្អជើងទម្រព្រះប្រតិមានៅដើមសម័យអង្គរ ក្នុងរចនាបថគូលែននេះ គឺមិនសូវមានក្បាច់លម្អច្រើនឡើយ ហើយក្បាច់រុក្ខជាតិមួយចំនួនដូចឃើញនៅជើងទម្រប្រាសាទថ្មដាប់ គឺមានលំនាំតាមសិល្បៈស.វ.ទី៧ និងទី៨។
ចាប់ពីរវាងពាក់កណ្តាលទី២ នៃស.វ.ទី៩ រហូតដល់ចុងស.វ.ទី៩ ក្នុងរចនាបថព្រះគោ និងបាខែង គេអាចចាត់ថ្នាក់ប្រភេទជើងទម្រព្រះប្រតិមាចំនួន ២ សំខាន់ៗ ពោល គឺជើងទម្រមានរាងបួនជ្រុង (ស្មើ និងទ្រវែង) និងជើងទម្ររាងមូល។ ក្នុងនោះ ជើងទម្ររាងបួនជ្រុង គឺមានលក្ខណៈដូចទៅនឹងរចនាបថគូលែនដែរ ពោល គឺជាប្រភេទថ្មភក់មួយដុំឆ្លាក់ជារាងថ្នាក់ៗ និងមានក្បាច់បន្ទះត្រង់ផុសឡើងនៅត្រង់ពាក់កណ្តាល ហើយមានថ្មភក់មួយដុំទៀតតម្កល់នៅខាងលើដើរតួនាទីជាស្នានទ្រោណី (ចំពួយបង្ហូរទឹកមន្ត)។ ចំណែក ជើងទម្ររាងមូល គេតម្កល់ត្រឹមតែព្រះព្រហ្មប៉ុណ្ណោះ ហើយទម្រង់ជាទូទៅដូចជើងទម្ររាងបួនជ្រុងដែរ ពោល គឺកើតចេញពីថ្មភក់មួយដុំឆ្លាក់ចេញជាជើងទម្រ និងថ្មមួយដុំទៀតជាស្នានទ្រោណី។ គួរឱ្យកត់សម្គាល់ជាពិសេស នៅក្នុងរាជ្យព្រះបាទស្រីយសោវរ្ម័នទី១ ដែលនិយមកសាងប្រាសាទមានប្រាង្គចំនួនបីជាទម្រង់ត្រីមូត៌ិ (ករណីប្រាសាទភ្នំក្រោម, ប្រាសាទភ្នំបូក) គឺគេកសាងជើងទម្ររួមជាមួយចម្លាក់ក្បាច់ត្របកឈូក សន្លឹកឈើ និងចម្លាក់សត្វជាយានជំនិះទៅតាមទេពនីមួយៗ។ ជាក់ស្តែង ប្រាង្គកណ្តាលតម្កល់ព្រះឥសូរ គេកសាងជើងទម្ររាងបួនជ្រុងមានចម្លាក់សត្វតោតូចៗនៅជុំវិញ នៅផ្នែកខាងលើនិងខាងក្រោម ព្រោះដូចដែលដឹងមកហើយ នៅក្នុងសិល្បៈខ្មែរក្រៅអំពីសត្វគោនន្ទិ សត្វតោក៏ជាយានជំនិះរបស់ព្រះឥសូរដែរ។ រីឯ ប្រាង្គខាងជើងតម្កល់ព្រះវិស្ណុ គេកសាងជើងទម្រមានរាងបួនជ្រុងដូចគ្នា តែមានចម្លាក់សត្វគ្រុឌនៅជុំវិញ ហើយប្រាង្គខាងត្បូងតម្កល់ព្រះព្រហ្ម គេឆ្លាក់ជើងទម្ររាងមូលដែលមានចម្លាក់សត្វហង្សត្រដាងស្លាបនៅចំពាក់កណ្តាល។
មកដល់ស.វ.ទី១០ ជាពិសេសនៅក្នុងរចនាបថកោះកេរ គេឃើញសិល្បៈជើងទម្រនៅរក្សារូបរាងដូចរចនាបថមុនដដែល។ ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់ គេនិយមឆ្លាក់ជើងទម្រមានទំហំធំ ដើម្បីឱ្យសមាមាត្រជាមួយព្រះប្រតិមាដែលមានទំហំធំៗដូចគ្នា។ បន្ថែមពីនេះទៅទៀត ក្រៅអំពីក្បាច់លម្អជាទម្រង់រុក្ខជាតិដូចធ្លាប់ឃើញមានកាលពីមុន សិល្បករនៅក្នុងសម័យនោះ ហាក់ដូចជាបានបង្កើតទម្រង់សិល្បៈផ្លូវការដាច់ដោយឡែកមួយ ជាពិសេស គឺការរំលេចរូបតួអង្គទេពណាម្នាក់ ឬបង្ហាញជាចម្លាក់សត្វនៅចំពាក់កណ្តាលជើងទម្រ។ រូបចម្លាក់សត្វដែលឃើញមានច្រើនជាងគេ គឺចម្លាក់សត្វគ្រុឌ ហើយក្រៅពីនេះមានចម្លាក់សត្វតោ (ច្រើនជាជើងទម្រតម្កល់សិវលិង្គ) សត្វគោនន្ទិ (ជើងទម្រតម្កល់បដិមាព្រះឥសូរ) ចម្លាក់ហង្ស (ជើងទម្រតម្កល់ព្រះវារុណ) និងសត្វទីទុយ (ជើងទម្រតម្កល់ព្រះនាងកាលី) ។ល។
ចាប់ពីរវាងពាក់កណ្តាលស.វ.ទី១០ មកដល់ពាក់កណ្តាលស.វ.ទី១៣ ពោល គឺចាប់ពីរចនាបថប្រែរូប មកដល់រចនាបថបាយ័ន្ត ជើងទម្រព្រះប្រតិមាមិនមានអ្វីប្លែកគួរឱ្យកត់សម្គាល់ ឬមានអ្វីខុសពីរចនាបថមុនៗឡើយ ពោល គឺគេនៅរក្សារបៀបចាស់ដោយយកថ្មភក់មួយដុំមកឆ្លាក់ឱ្យចេញជាជើងទម្រ និងប្រើថ្មភក់មួយដុំទៀតមកភ្ជាប់ជាស្នានទ្រោណីសម្រាប់បង្ហូរទឹកអម្រឹត។ចំណែកឯ ការប្រើប្រាស់ចម្លាក់ក្បាច់បន្ទះត្រង់ផុសឡើងនៅចំពាក់កណ្តាលជើងទម្រ នៅតែជាទីពេញនិយមសម្រាប់សិល្បករនាសម័យនោះដដែល ទោះបីជាក្បាច់នេះមានតាំងពីចុងស.វ.ទី៨ ឬដើមស.វ.ទី៩ ក៏ដោយ។ ប៉ុន្តែ មកដល់រចនាបថបាយ័ន្ត ទោះបីជាប្រាសាទភាគច្រើនឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយានក្តី មានជើងទម្រព្រះប្រតិមាមួយចំនួនរកឃើញនៅប្រាសាទបាយ័ន្ត (សាងឡើងនៅចុងស.វ.ទី១២ ដល់ដើមស.វ.ទី១៣) បានប្រើប្រាស់ជើងទម្ររាងមូលដែលមានចម្លាក់ហង្ស និងចម្លាក់រុក្ខជាតិ ដែលស្ទើរតែដូចគ្នាបេះបិទជាមួយជើងទម្រតម្កល់ព្រះព្រហ្មដែលរកឃើញនៅប្រាសាទភ្នំក្រោម (ស.វ.ទី៩)។ ជើងទម្រនេះតម្កល់ទេពមួយអង្គដែលឈរនៅលើទម្រផ្កាឈូកមួយជាន់ទៀត។ លក្ខណៈពិសេសមួយ ចំពោះព្រះប្រតិមាដ៏ល្បីល្បាញដែលមានព្រះនាមថា “ជ័យពុទ្ធមហានាថ” រកឃើញនៅក្នុងអណ្តូងនៃតួប៉មកណ្តាលប្រាសាទបាយ័ន្តកាលពីឆ្នាំ១៩៣៣ គឺតម្កល់នៅលើជើងទម្ររាងប្រាំបីជ្រុង ដែលជើងទម្ររបៀបនេះមានតិចតួចណាស់នៅក្នុងសម័យអង្គរ។ ផ្ទុយពីព្រះពុទ្ធបដិមាជាច្រើនអង្គទៀតដែលរកឃើញនៅប្រាសាទបាយ័ន្ត គេតម្កល់នៅលើជើងទម្ររាងបួនជ្រុងស្មើដូចសិល្បៈសម័យមុនៗដែរ។ ការតម្កល់ព្រះពុទ្ធអង្គជ័យពុទ្ធមហានាថ នៅលើជើងទម្ររាងប្រាំបីជ្រុងនេះ ទំនងពាក់ព័ន្ធជាមួយនិម្មិតរូបលេខ៨ នៃព្រះពុទ្ធសាសនា គឺអាចតំណាងឱ្យអរិយសច្ចៈទាំងប្រាំបី (ផ្លូវឆ្ពោះទៅរកការរំលត់ទុក្ខនិងការត្រាស់ដឹង) អាចតំណាងឱ្យទិសទាំងប្រាំបីក្នុងការគ្រប់គ្រងចក្រវាឡ ឬក៏អាចទាក់ទងនឹងការគោរពដល់ព្រះពោធិសត្វទាំងប្រាំបីអង្គដែលជាអ្នកសង្រ្គោះសត្វលោកនៅក្នុងលទ្ធិព្រះពុទ្ធសាសនាមហាយានផងដែរ។
ជារួមមក ការសិក្សាអំពីជើងទម្រព្រះប្រតិមានៅតាមសំណង់ប្រាសាទខ្មែរនាសម័យអង្គរ (ចាប់ពីសតវត្សរ៍ទី៩ ដល់ទី១៣) បានបង្ហាញឱ្យឃើញនូវភាពដូចគ្នា និងការវិវឌ្ឍដោយឡែកមួយពីសម័យមុនអង្គរ តាមរយៈចំណុចសំខាន់ៗ។ ក្នុងនោះ បច្ចេកទេសសាងសង់ សិល្បករបានងាកមកប្រើប្រាស់ថ្មភក់មួយដុំដើម្បីដាប់ធ្វើជាជើងទម្រ ដែលខុសពីសម័យមុនអង្គរដែលច្រើនប្រើថ្មភក់ជាច្រើនជាន់តម្រួតគ្នា។ រីឯ ទម្រង់ និងក្បាច់លម្អវិញ គឺជើងទម្រសម័យអង្គរ មានភាពសម្បូណ៌បែប រាប់ចាប់ពីរាងបួនជ្រុងស្មើ រាងមូល រហូតដល់រាងប្រាំបីជ្រុង។ ក្បាច់លម្អ ក៏ឃើញមានការវិវឌ្ឍពីក្បាច់រុក្ខជាតិធម្មតា ទៅជាការរំលេចរូបចម្លាក់សត្វយានជំនិះ (ដូចជា តោ, គ្រុឌ, ហង្ស, គោនន្ទិ) និងតួអង្គទេពផ្សេងៗ ដែលឆ្លុះបញ្ចាំងអំពីឋានៈ និងប្រភេទនៃព្រះប្រតិមាដែលតម្កល់នៅពីលើ ជាពិសេសនៅក្នុងសិល្បៈរចនាបថកោះកេរ នាស.វ.ទី១០។ ក្រៅអំពីនេះ ជើងទម្រមិនមែនគ្រាន់តែជាគ្រឿងទ្រទ្រង់បដិមាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិម្មិតរូបនៃជំនឿសាសនាផងដែរ ជាក់ស្តែងដូចជាជើងទម្ររាងប្រាំបីជ្រុងដែលតម្កល់ព្រះពុទ្ធអង្គជ័យពុទ្ធមហានាថ ទំនងតំណាងឱ្យអរិយសច្ចៈទាំងប្រាំបី ឬទិសទាំងប្រាំបីនៅក្នុងលោកធាតុវិទ្យា។ សរុបមក ជើងទម្រក្នុងសិល្បៈខ្មែរសម័យអង្គរ គឺជាសក្ខីភាពនៃភាពច្នៃប្រតិដ្ឋខ្ពស់របស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវកេរដំណែលសិល្បៈដ៏វិសេសវិសាល និងបង្កប់នូវអត្ថន័យទស្សនវិជ្ជាសាសនាយ៉ាងជ្រាលជ្រៅ មិនអាចខ្វះបាននៅក្នុងសំណង់ស្ថាបត្យកម្មប្រាសាទបុរាណ។




































———
This study examines the evolution of pedestals in Khmer architecture during the Angkorian period (9th–13th centuries). Moving away from pre-Angkorian multi-layered techniques, Angkorian artists began carving pedestals from single sandstone blocks, reflecting a transition toward distinct indigenous styles. Architectural forms diversified from standard square and rectangular shapes to include circular and rare octagonal designs. Decorative motifs evolved from simple botanical patterns to elaborate carvings of divine vehicles such as lions, Garudas, and Hamsas, which identified the deity supported above. Beyond their functional utility, these pedestals embodied deep religious symbolism, for example, the octagonal base of the Jayabuddhamahanatha likely represents the Eightfold Path or the eight directions of the universe. Ultimately, the Angkorian pedestal stands as a testament to the philosophical depth and technical mastery of ancient Khmer craftsmanship.
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី





