ទំព័រដើមសិល្បៈអានិសង្សមហាសង្រ្កាន្ត និង​ជំនឿទំនាយចូលឆ្នាំថ្មី

អានិសង្សមហាសង្រ្កាន្ត និង​ជំនឿទំនាយចូលឆ្នាំថ្មី

អំពីសង្រ្កាន្ត ឬមហាសង្រ្កាន្ត ឬបុណ្យ​ចូលឆ្នាំខ្មែរ​ មាន​អត្ថបទចុះផ្សាយ​​ជារឿយៗនៅ​ទីផ្សេងដោយអន្លើៗរួចមកហើយ។ ក្នុងអត្ថបទនេះ ខ្ញុំសូមលើកយក​សេចក្តីអធិប្បាយ​អំពី​អានិសង្ស​មហា​សង្រ្កាន្ត ដែលមាន​អត្ថន័យ​ល្អិតល្អគួរស្វែងយល់ ហើយ​ចារជា​សាស្រ្តាទេសន៍ចំនួន​២ច្បាប់ តែ​មាន​​សេចក្តី​​ខ្លឹមសារ​ដូចគ្នា ពោលគឺ​​និយាយ​ពីការសាងកុសល​ក្នុង​ឱកាស​មហាសង្រ្កាន្តឆ្នាំថ្មី។ សាស្រ្តា​​មួយ​ច្បាប់​​​​តម្កល់​នៅបណ្ណាល័យជាតិ និង​មួយច្បាប់ទៀត​​​​តម្កល់​នៅ​បណ្ណាល័យ​សាស្រ្តាស្លឹករឹត​វត្ត​ឧណ្ណាលោម​។ សាស្រ្តា​តម្កល់នៅបណ្ណាល័យ​ជាតិ ចុះលេខ​បញ្ជីសារពើភណ្ឌ​ F.E.M.C a138 III.6 រីឯសាស្រ្តាតម្កល់​នៅបណ្ណា​​ល័យ​​សាស្រ្តាស្លឹករឹត​ ​ចុះលេខ​បញ្ជី​សារ​ពើ​ភណ្ឌ no12 ក្នុងឆ្នាំ១៩៩២។ សាស្រ្តាអានិសង្សមហាសង្រ្កាន្ត​តម្កល់នៅបណ្ណាល័យជាតិ គឺជាសាស្រ្តាចម្លង​​តាម​​ច្បាប់​​ដើម​​នៅវត្ត​កំពង់​​ភ្នំក្រៅ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ចម្លង​ដោយ​​ពុទ្ធសាសន​បណ្ឌិត្យ ក្នុងឆ្នាំ​១៩៤៥។ ​ចំណែក​ឯសាស្រ្តា​តម្កល់នៅបណ្ណាល័យ​វត្ត​ឧណ្ណា​លោម មានប្រភពមកពីវត្តព្រែកឯង ស្ថិត​ក្នុងខេត្ត​កណ្តាល​​។ សាស្រ្តានេះ​ចារដោយ​ភិក្ខុនាម​ “ឧទ្ទថេរ ពោវ” ចារប្រគេន​ទៅ​លោកគ្រូ​បុទុមថេរជាម្ចាស់​ទុកត​ព្រះសាសនា​ ពុំមានចុះកាលបរិច្ឆេទទេ។

សាស្រ្តាស្លឹករឹតអធិប្បាយអំពីអានិសង្សមហាសង្រ្កាន្ត

ជាការពិត​ “សង្រ្កាន្ត សង្រ្កាន្ត​ឆ្នាំថ្មី មហាសង្រ្កាន្តឆ្នាំថ្មី ចូលឆ្នាំថ្មី ឬចូលឆ្នាំខ្មែរ” ​ជា​ពិធី​​បុណ្យ​​ប្រពៃណី​​​ជាតិយ៉ាង​សំខាន់​ក្នុង​សង្គមខ្មែរ ទទួល​ឥទ្ធិពលអារ្យធម៌នេះ​​​ពីឥណ្ឌា​តាំង​ពីបុរាណកាល។​ ពាក្យ “សង្ក្រាន្ត” មានប្រភពពីពាក្យ​សំស្ក្រឹតថា សង្ក្រាន្ត (saṅkrānta) ឬ សង្រ្កាន្តិ (saṅkrānti) ដែល​​​​មានន័យថា ដំណើរឃ្លាតចាកទី ឬការឈានចូលដល់ ពោលគឺ​សំដៅដល់​ដំណើរ​​ព្រះ​អាទិត្យចរចូល​ទីជួប​មួយជុំ​នៃរាសីចក្រ​។ សោតឯពាក្យ “សង្រ្កាន្ត”​ ​ឃើញមានចារឹក​នៅ​​ក្នុង​សិលាចារឹក​ខ្មែរបុរាណ​ យ៉ាង​ហោចតាំងពី​​ដើម​សតវត្សរ៍​ទី១០នៃគ្រិស្តសករាជ។ ពីបុរាណមក លោកចែកសង្រ្កាន្តទៅតាម​​រាសីចក្រចំនួន​​១២ ហើយ​ដែល​​មួយ​ជុំនៃល្វែង​រាសី​ទាំង​១២ ពេញគ្រប់​មួយ​ឆ្នាំ។ ចំពោះ​ “មហាសង្រ្កាន្ត” ជាដំណើរ​​ចុង​បំផុត​នៃសង្រ្កាន្ត​ទាំង​១២ ហើយ​លោក​កំណត់យក​​ជា​​​វេលា​ចូលឆ្នាំថ្មី ផ្លាស់ពី “មីនរាសី” ឡើង​កាន់​ “មេសរាសី” ​ពោលគឺដំណើរនៃការ​ផ្លាស់ឆ្នាំចាស់​​​ចូល​ឆ្នាំថ្មី ឬហៅ​ទូទៅ​ថា​ “ចូល​ឆ្នាំថ្មី”។ ទន្ទឹមនឹងនេះ​បើ​តាមព្រះរាជពិធីទ្វាទស​មាស មុននឹង​ដល់ថ្ងៃមហាសង្រ្កាន្ត នៅក្នុងព្រះបរមរាជវាំងតែងប្រារព្ធព្រះរាជពិធី​ត្រស្តិសង្រ្កាន្ត​នៅថ្ងៃ​១២ ដល់១៥ រោច ខែផល្គុន ជា​កិច្ច​ជូនដំណើរ​ទេវតាឆ្នាំ​ចាស់ចេញទៅ និង​ទទួល​​ទេវតាឆ្នាំថ្មី​​ចូលមកគ្រប់គ្រងព្រះនគរចាប់ពីថ្ងៃមហាសង្រ្កាន្ត​ចូលដល់។

ដោយឡែក បើលើកសាស្រ្តា​អានិសង្សមហាសង្រ្កាន្តទាំងពីរខាងលើមកអធិប្បាយ មានសេចក្តី​សង្ខេប​ថា​ ក្នុងសម័យ​ពុទ្ធកាលព្រះបាទបស្មិន្ទិកោសល​បាន​ទូលសួរព្រះសម្មា​សម្ពុទ្ធ​នូវ​សេចក្តីថា “មហាសង្រ្កាន្តឆ្នាំថ្មីមកដល់​​​យល់សេចក្តីពុំទៀង មាន​កាល​ឱ្យ​ជាក្សេម​ក្សាន្ត​អស់មនុស្សម្នាប្រជារាស្រ្តផង មានកាលពុំ​ឱ្យ​ជា​សុខ​​ជាទុក្ខក្តៅចិត្ត មានកាល​ឱ្យ​ភ្លៀងល្អ​ស្រូវ​អង្ករចំណី​អាហារត្រកាល​ មាន​​កាល​ក្តៅក្រហាយ​​ភ្លៀងពុំល្អ​ស្រូវ​អង្ករក៏ថ្លៃ ​ទ្រព្យ​មាន​​តម្លៃគ្រឿង​ប្រដាប់ ទ្រព្យ​បរិភោគ​នឹង​រក​ពុំបាន តើដំណើរនោះដូចម្តេច?” ព្រះសម្មាសម្មុទ្ធទ្រង់ព្រះសន្តាប់​បញ្ហា​ចោទសួរ​របស់​ព្រះបាទ​បស្មិន្ទិកោសល​ហើយ​បានលើកហេតុជាប្រការថា ដំណើរវិបត្តិ​​ប្រែ​ប្រួល​​ដោយ​ហេតុព្រះសុរិយាទេវបុត្រ​ស្ថិត​នៅ​មីនរាសី ចូលទៅកាន់​បឋម​រាសី​ផ្លូវ​គោវិថី។ បើ “ទ្រង់​ឈរ” នោះមនុស្ស​លោកកើតអត់បាយ​​​ច្រើន។ បើ ​“ទ្រង់​កម្រើកជំរួលអាត្មា” នោះមនុស្ស​ផង​កើត​ទុក្ខអំពល់ ទ្រុស្ត​ក្បត់ធ្វើជា​ចោរក៏សោត​មានច្រើន។ បើ “ទ្រង់​ចេញ​ទៅ​ផ្ទុំ” នោះអស់​មនុស្ស​​កើត​នូវជំងឺតម្កាត់ ព្យាធិយារច្រើន។ បើ​ “ទ្រង់​ចេញទៅគង់តម្រង់​កាយ​ជាសុខសប្បាយ” នោះ​អស់មនុស្ស​​ប្រុស​ស្រី​ មាន​ព្រះមហាក្សត្រ ព្រាហ្មណ៍​ព្រឹទ្ធ​​បណ្ឌិត​កវី សឹងសុខក្សេមក្សាន្ត ​និរាស​លែង​​ទុក្ខ​ភ័យ បាយ​ចំណី​​ស្រូវ​អង្ករ​​ល្ង​សណ្តែក​ក៏ច្រើនពេកក្តាត់។ បើព្រះសុរិយាទេវបុត្រ​ “ជិះអស្សា​ជាព្រះទីនាំង” នោះ​នឹងកើត​មាន​កលយុគ។​ បើ “ទ្រង់​ជិះរាជសីហ៍” នោះ​​មនុស្ស​ផង​ទាំង​ឡាយនឹង​កើត​ក្តៅ​ចិត្ត​ គិត​ពុំសូវ​ស្លូតត្រង់នឹង​រាជត្រកូល​អម្បូរមហាក្សត្រាធិរាជ។ បើ ​“ទ្រង់​ជិះលើ​ដំរី” នោះនឹង​មាន​ប្រក្រតីជាសុខសប្បាយ ភ្លៀង​ល្អ​ ស្រូវ​អង្ករ​ល្ង​សណ្តែក​កកើតងាយក្តាត់។ បើ “ទ្រង់​ជិះលើ​ព្រះអគ្គី” នោះ​នឹង​មាន​ភ្លើង​ឆេះ​​ផ្ទះ ឱ្យ​ទៅ​ជា​​កង្វល់អំពល់​ព្រួយចិត្ត។ បើ ​“ទ្រង់ជិះលើខ្យល់” នោះ​ឆ្នាំ​ថ្មី​នឹង​មាន​ខ្យល់​ព្យុះចុះមកទិស​ទាំងពួង។ បើ​ “ទ្រង់គង់​លើ​ភិមាន​មណ្ឌល” នោះ​រាស្រ្ត​មហាជន​ទាំងឡាយ​នឹង​ត្រជាក់ចិត្ត អស់ទុក្ខភ័យ ជំងឺតម្កាត់ក៏សះជា អ្នក​ដ៏ជា​ធំ​​ និង​​រាស្រ្តក៏មាន​ចិត្ត​ថ្លាសទ្ធា ចង់ធ្វើបុណ្យ​ឱ្យទាន​ក៏ច្រើន។សេចក្តីដែលព្រះសម្មាសម្ពុទ្ធ ឆ្លើយទៅព្រះបាទបស្មិន្ទកោសល​ អំពីព្រះសុរិយាទេវបុត្រ​ដូច​​រៀបរាប់​ខាងលើ បើមើលគំនូរ​តាមវត្តខ្លះ ឃើញ​វិចិត្រករ​​គូររូប​ព្រះអាទិត្យ​គង់​លើ​រាជរថទឹមគោ ទឹមតោ ទឹមរាជសីហ៍ ឬខ្លះទឹមសេះ ឬមានសាថីជាអ្នកបរផង។

ពាក់ព័ន្ធនឹង​ដំណើរនៃព្រះសុរិយាទេវបុត្រយាងចរចូលគោវិថី​ ក៏មាន​ចែងនៅ​​ក្នុង​សៀវ​ភៅ​​​​ “មហាសង្រ្កាន្ត” ផ្សាយជាប្រក្រតីប្រចាំឆ្នាំផងដែរ។ មហាសង្រ្កាន្ត​ប្រចាំឆ្នាំនោះ ​តែង​រៀបរាប់​គណនាវេលា​សង្រ្កាន្តឆ្នាំថ្មីចូលដល់ ព្រះនាម​ទេពធីតា​ដែល​នឹង​យាង​មក​រក្សា​លោក និង​រណ្តាប់​ផ្សេងៗត្រូវ​រៀប​ទទួលទេព្តាឆ្នាំថ្មីផង។ មិនតែប៉ុណ្ណោះ នៅក្នុង​សៀវ​ភៅ​មហាសង្រ្កាន្ត​នោះសោត​មាន​​ចែងទំនាយ​ប្រចាំឆ្នាំ ជាទំនៀមដែលខ្មែរជឿ​ពាក់ព័ន្ធ​នឹង​ទឹក​ភ្លៀង​ អាកាសធាតុ ផលដំណាំ និងជំងឺតម្កាត់ផ្សេងៗ​ ហាក់ពុំខុសពីអាថ៌សេចក្តី​ព្រះសម្មាសម្ពុទ្ធ ឆ្លើយ​ទៅនឹង​បញ្ហាកម្មរបស់ព្រះបាទបស្មិន្ទិកោសលឡើយ។ ប៉ុន្តែ​សេចក្តី​ក្នុង​សៀវភៅមហាសង្រ្កាន្ត​តាំងពីដើមមកដល់សព្វថ្ងៃ ពុំរៀបរាប់លក្ខណៈ​ដំណើរ​ព្រះ​សុរិយាទេវបុត្រក្នុងឥរិយាបទ ឬជិះលើអ្វីដូចសេចក្តីក្នុងអានិសង្សមហាសង្រ្កាន្តទេ តែរៀបរាប់ដំណើរទេពធីតា​ដែលយាងចុះមក ទាំងលក្ខណៈ​តុបតែងព្រះកាយទេពធីតាអង្គនោះ រណ្តាប់ដង្វាយជាក្រយាស្ងោយ កេតនភណ្ឌ និង​សត្វជាជំនិះ ។ល។

សង្ខេបមក បើពិនិត្យម្តងទៀតក្នុងសេចក្តីនៃអានិសង្សមហាសង្រ្កាន្ត និង​សេចក្តី​ជាទំនាយ​ក្នុងសៀវភៅ​មហាសង្រ្កាន្ត គេឃើញ​មាន​ចំណុចខ្លះ​គួរនឹងលើកមកពិចារណាដែរ ជាពិសេស​ពាក់ព័ន្ធនឹង​ជំនឿលើភ្លៀង ខ្យល់ ផលដំណាំ និង​គ្រោះកាចផ្សេងៗប្រចាំឆ្នាំ។ ឧទាហរណ៍​ជំនឿអំពីភ្លៀង​ ខ្មែរជឿលើសត្វដំរីថាជានិមិត្តរូបនៃភ្លៀង។ គំនិតនេះមាននិយាយ​ក្នុងរឿងមហាវេស្សន្តរ​ ពេលនគរកលិង្គរាស្រ្តជួបគ្រោះរាំងស្ងួត ពួកព្រាហ្មណ៍លើក​​គ្នាទៅ​សុំដំរី​មង្គល​បច្ច័យនាគេន្រ្ទពីព្រះ​បាទ​ស្រីវេស្សន្តរដែលគេយល់ថាជាដំរីមង្គល​​​​នាំឱ្យ​នគរក្សេម​ក្សាន្ត មានភ្លៀងធ្លាក់ល្អ ស្រូវអង្ករសណ្តែកល្ងមាសប្រាក់កែវកង​កើតឡើង​សម្បូរណ៍​សប្បាយ។ ចំណែកឯការសាងកុសលបុណ្យ​ឱ្យទាននៅថ្ងៃមហាសង្រ្កាន្តនោះ ព្រះសម្មាសម្ពុទ្ធ​សម្តែងថ្វាយ​ព្រះបាទបស្មិន្ទិកោសលថា​បាន​​អានិសង្ស១សែន ហើយបើបាន​ធ្វើបុណ្យ​រម្លឹក​​គុណ​ម្តាយឪពុក គ្រូអាចារ្យ ចាស់ទុំ ទំនុកបម្រុងនូវបាយទឹក ​សំពត់អាវ ​មាស​ប្រាក់ ស្រោច​ស្រង់ទឹកអប់ជាដើម ​ឈ្មោះ​​ហៅថា​តបព្រះគុណ​អ្នក​ដ៏មានគុណ។ ប្រហែលដោយ​ហេតុជា​ប្រការនេះហើយ ទើប​ខ្មែរយើងតែងនាំគ្នាធ្វើបុណ្យ​ឱ្យទាន ជូនម្ហូបចំណីសម្លៀក​បំពាក់​​ប្រាក់កាស​ និងស្រង់ទឹកដល់អ្នកមានគុណនៅក្នុងរដូវចូលឆ្នាំថ្មីពុំដែលខាន៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,200SubscribersSubscribe
- Advertisement -spot_img