បើយក “រឿងធម្មបាលកុមារ” ជាសំអាងហេតុប្រារព្ធបុណ្យចូលឆ្នាំ នោះខ្មែរទូទៅ ចាំសាច់រឿងថា នាដើមភទ្ទកប្បមានបុរសម្នាក់ឈ្មោះធម្មបាល ជាអ្នកមានប្រាជ្ញាឈ្លាសវៃ រហូតធ្វើឱ្យកបិលមហាព្រហ្មចុះមកភ្នាល់ប្រស្នា “៣ខ” ដោយដាក់លក្ខខណ្ឌថា អ្នកចាញ់ត្រូវកាត់ក្បាលបូជាអ្នកឈ្នះ។ ប្រស្នានោះចោទថា “តើសិរីរបស់មនុស្សនៅត្រង់ណាខ្លះ?” ធម្មបាលកុមារបានលបឮសត្វឥន្ទ្រីជជែកគ្នាអំពីចម្លើយថា “សិរីពេលព្រឹកនៅមុខ ថ្ងៃត្រង់នៅទ្រូង និងល្ងាចនៅជើង”។ ដោយសារតែដឹងអាថ៌ប្រស្នានេះ ធម្មបាលកុមារក៏បានឈ្នះប្រស្នាកបិលមហាព្រហ្ម។ មុននឹងកាត់ព្រះសិរបូជាតាមសន្យា កបិលមហាព្រហ្មបង្គាប់ឱ្យបុត្រីទាំង៧អង្គ យកជើងពានទទួលព្រះសិរព្រះអង្គ ព្រោះបើធ្លាក់ដល់ដីនឹងឆេះលោកធាតុ បោះទៅលើមេឃនឹងរាំងភ្លៀង បោះក្នុងសមុទ្រនឹងរីងទឹកអស់។ ហេតុនេះទើបបុត្រីទាំង៧ ផ្លាស់វេនដង្ហែព្រះសិរបិតារៀងរាល់ឆ្នាំ ដែលនាំឱ្យកើតមានជាប្រពៃណីទេវតាឆ្នាំថ្មីយាងមកបន្តវេនគ្នាថែរក្សាលោកធាតុតាមថ្ងៃសង្ក្រាន្តរហូតមកដល់សព្វថ្ងៃ។ ព្រេងនិទាននេះក៏ឃើញមានគូរបង្ហាញនៅតាមព្រះវិហារវត្តមួយចំនួនដែរ។
ដោយឡែក ពាក់ព័ន្ធអំពីបុណ្យចុលឆ្នាំថ្មីប្រពៃណីខ្មែរដដែល បើមើលតាមកំណត់ហេតុ ជីវ តាក្វាន់ កត់ត្រាក្នុងចុងសតវត្សរ៍ទី១៣ លោកបានអធិប្បាយខ្លះទុកជាមូលដ្ឋានពិចារណាថា ខ្មែរតែងប្រារព្វពិធីបុណ្យចូលឆ្នាំនៅក្នុងខែទី១ ដែលត្រូវនឹងខែទី១០ នៃប្រក្រតីទិនរបស់ចិន។ កំណត់ហេតុឱ្យដឹងបន្ថែមទៀតថា ខែទី១ ក្នុងសម័យនោះ គឺត្រូវនឹងខែកត្តិក។ ចំណេរតមក ការកំណត់ពេលចូលឆ្នាំបានលើកមកប្រារព្វក្នុងខែចេត្រ រហូតមកដល់សព្វថ្ងៃ។ ប៉ុន្តែទោះជាដូចម្តេចក្តី ក៏ប្រពៃណីចូលឆ្នាំថ្មីក្នុងសង្គមខ្មែរ យើងសង្កេតឃើញមិនដែលប្រារព្ធធ្វើមិនមុនថ្ងៃ៤កើតខែចេត្រ ហើយក៏មិនដែលប្រារព្ធធ្វើក្រោយថ្ងៃ៤កើត ខែពិសាខដែរ។ ការត្រឡប់មកប្រារព្ធចូលឆ្នាំថ្មីនៅក្នុងវេលាពាក់កណ្តាលឆ្នាំបែបនេះ (ខែចេត្រ) មានសេចក្តីពន្យល់បកស្រាយថា ខែមិគ្គសិរជាខែដើមរដូវធ្វើស្រែចម្ការ ហើយខែចេត្រ កិច្ចការច្រូតកាត់បោកបែនបានចប់សព្វគ្រប់ ហើយប្រជាកសិករមានពេលទំនេរច្រើន មានឱកាសធ្វើបុណ្យទានកម្សាន្តសប្បាយតាមប្រាថ្នា។ ទំនៀមនេះក៏ចេះតែដក់ជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃ។
បច្ចុប្បន្នខ្មែរតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំនេះ មានរយៈពេល៣ថ្ងៃ។ ថ្ងៃទី១ ហៅថា “ថ្ងៃចូលឆ្នាំ” ថ្ងៃទី២ ហៅថា “វារវ័នបត” ឬថ្ងៃកណ្តាល និងថ្ងៃទី៣ ជាថ្ងៃហៅថា “ថ្ងៃឡើងស័ក” ឬ “វារឡើងស័ក” ដែលទាំង៣ថ្ងៃនេះហៅថា “មហាសង្រ្កាន្ត” ឬ “សង្រ្កាន្តឆ្នាំថ្មី” ឬហៅជាទូទៅថា “ចូលឆ្នាំថ្មី”។ ក្នុងឱកាសនេះ គេសម្គាល់ឃើញតាមភូមិស្រុកនីមួយៗ តែងរៀបចំចាត់ចែងសម្អាតផ្ទះសម្បែងឱ្យមានសិរីសួស្តី ទទួលទេវតាឆ្នាំថ្មី។ តាមវត្តអារាម និងស្ថាប័ននានាតែងរៀបចំបដារស្វាគមន៍ ជូនពរសាទរឆ្នាំថ្មីផងដែរ។ គេត្រូវរៀបចំត្រៀមគ្រឿងសក្ការបូជាថ្វាយទេវតាឆ្នាំថ្មីដូចជា បាយសី ស្លាធម៌ ធូប ទៀន ទឹកអប់ ផ្កាភ្ញី លាជ ទឹក១ផ្តិល និងភេសជ្ជៈ នំនែក ផ្លែឈើគ្រប់មុខឱ្យបានត្រឹមត្រូវ។ គ្រឿងសក្ការៈនិងដង្វាយបូជាទាំងអស់នេះ តែងឃើញគេរៀបចំដាក់លើតុសមគួរមួយតាមផ្ទះរៀងៗខ្លួន និងតាមក្រសួង ស្ថាប័នតូចធំនានា។ ចូលដល់វេលាកំណត់ទេវតាឆ្នាំថ្មីយាងមកដល់ គេនាំគ្នាអុជទៀន ធូប នមស្ការ បួងសួង សុំសេចក្តីសុខចម្រើនគ្រប់ប្រការទៅតាមទំនៀម។ ក្នុងបំណងចូលរួមលើកតម្លៃទំនៀមទម្លាប់ប្រពៃណីវប្បធម៌ និងបង្កើនការជួបជុំសប្បាយក្នុងពិធីចូលឆ្នាំថ្មី ឬសង្រ្កាន្តឆ្នាំថ្មី ក្នុងប្រហែលជាង១០ឆ្នាំចុងក្រោយនេះប្រជាជនខ្មែរស្ទើរទូទាំងប្រទេសបានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មីតាមបណ្តាខេត្តនីមួយៗ ដែលមានគំរូព្រឹត្តិការណ៍អង្គរសង្រ្កាន្ត សម្តែងឱ្យឃើញទេពធីតាជាបុត្រីកបិលមហាព្រហ្មយាងចុះមកជាក់ស្តែងក្នុងទម្រង់ជាសិល្បៈផង។ ការរៀបចំព្រឹត្តិការណ៍ទាំងនេះ ជាចំណែកដ៏ធំបង្ហាញឱ្យឃើញពីទិដ្ឋភាពពិធីចូលឆ្នាំខ្មែរទូទាំងប្រទេស ហើយថែមទាំងបង្ហាញពីការរៀបចំលេងល្បែងកម្សាន្តនានា និងសិល្បៈផ្សេងៗជាច្រើនទម្រង់ឱ្យយុវជនជំនាន់ក្រោយនិងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិជិតឆ្ងាយបានស្គាល់ និងកម្សាន្តសប្បាយជាមួយប្រជាជនកម្ពុជា។
រីឯកិច្ចប្រតិបត្តិទាំង៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំ គេតែងយកចង្ហាន់ប្រគេនព្រះសង្ឃ តាមវត្តអារាម និងពូនភ្នំខ្សាច់តាមប្រពៃណី។ ទន្ទឹមនឹងនោះ តាមបណ្តាគ្រួសារខ្លះតែងជួបជុំគ្នា និមន្តព្រះសង្ឃធ្វើកិច្ចបង្សុកូលឧទ្ទិសកុសលដល់បុព្វការី ដែលបានចែកឋានទៅតាមទីអារាម ឬតាមចេតិយគ្រួសារនីមួយៗ។ យ៉ាងណាក្តីក្នុងថ្ងៃនីមួយៗ បន្ទាប់ពីបំពេញកុសលរួចរាល់ គេតែងនាំគ្នាលេងល្បែងប្រជាប្រិយយ៉ាងសប្បាយរីករាយដូចជា បោះឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនមាន់ ឡើងសសរ បោះអង្គញ់ សម្តែងគុនល្បុក្កតោ និងរាំលេងកម្សាន្តជាដើម។ ល្បែងប្រជាប្រិយទាំងអស់នេះខ្លះហាក់ដូចជាល្បែងកីឡា ខ្លះជាល្បែងបង្កប់ដោយខ្លឹមសារក្នុងបរិបទជំនឿ។
ក្រៅពីលេងកម្សាន្តល្បែងប្រជាប្រិយផ្សេងៗដូចរៀបរាប់ត្រួសៗខាងលើ ក្នុងឱកាសចូលឆ្នាំថ្មី សង្គមខ្មែរតែងចាត់ទុកការ “រាំត្រុដិ” គឺជាល្បែងរបាំលេងក្នុងន័យផ្តាច់ឆ្នាំចាស់ចូលឆ្នាំថ្មី និងបណ្តេញឧបទ្រពចង្រៃ។ បើតាមចំណាំ អ្នករាំត្រុដិគឺជាក្រុមមនុស្សស្រីប្រុសតែងខ្លួនជា ព្រាន ព្រាយ យក្ស ទន្សោង និងប្រើសជាដើម ហើយអ្នកស្រាវជ្រាវយល់ថារបាំនេះមានដើមកំណើតក្នុងខេត្តភាគខាងជើង ហើយល្បែងនេះជាប់ស្អិតទៅនឹងកិច្ចពិធី គឺ មិនមែនគ្រាន់តែលេងជាការសប្បាយពេល៣ថ្ងៃនោះទេ ដ្បិតការកាត់ផ្តាច់សុទ្ធសឹងមានគំនិតក្នុងនោះថា ទាត់ចោល ឬកំទេចអ្វីមួយចាស់ ហើយទៅចាប់យកអ្វីមួយដែលថ្មី។ បច្ចុប្បន្ន រាំត្រុដិហាក់ក្លាយជាទម្រង់សិល្បៈទស្សនីយភាពដ៏មានប្រជាប្រិយ ដែលគេសង្កេតឃើញនៅតាមបណ្តាក្រសួង ស្ថាប័ន និងក្រុមហ៊ុននានា តែងរៀបចំទទួលក្រុមត្រុដិមកសម្តែងជារឿយៗ។ លុះឆ្លងចូលដល់ថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំ គេច្រើននិមន្តព្រះសង្ឃផ្សឹកភ្នំខ្សាច់តាមទីអារាម និងរៀបចំជូនសម្លៀកបំពាក់ នំចំណី ប្រាក់កាសដល់ឪពុកម្តាយ ជីដូនជីតានៅតាមផ្ទះ។ ក្នុងវេលានោះ ពុទ្ធបរិស័ទក៏តែងនិមន្តព្រះសង្ឃស្រង់ទឹក ស្រង់ព្រះពុទ្ធរូប(ស្រង់ព្រះ) និងងូតជូនឪពុកម្តាយ ឬចាស់ទុំក្នុងភូមិដោយទឹកអប់ផ្កាក្រអូបផង។
សរុបមក បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គឺជាទំនៀមដែលចាក់ឫសយ៉ាងជ្រៅក្នុងប្រវត្តិសាស្ត្រ និងជំនឿតាមរយៈរឿងព្រេង “ធម្មបាលកុមារ និងកបិលមហាព្រហ្ម” ដែលជានិមិត្តរូបនៃការផ្លាស់ប្តូរទេវតាឆ្នាំថ្មីមកថែរក្សាឱ្យបានសេចក្តីសុខសប្បាយ។ ទន្ទឹមនេះពិធីបុណ្យចូលឆ្នាំបានបង្ហាញពីការផ្សារភ្ជាប់ការគោរពប្រតិបត្តិសាសនា និងជំនឿតាមរយៈការរៀបចំសក្ការបូជាទទួលទេវតា ការយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ការពូនភ្នំខ្សាច់ និងការងូតទឹកជូនឪពុកម្តាយ ឬចាស់ទុំ ដើម្បីសុំសេចក្តីសុខ។ ទន្ទឹមនឹងនោះដែរបុណ្យចូលឆ្នាំថ្មី បានបង្ករឱកាសដល់យុវជនលេងល្បែងប្រជាប្រិយគ្រប់ទម្រង់ និងការរាំរបាំត្រុដិ ដែលមានអត្ថន័យក្នុងការបណ្តេញឧបទ្រពចង្រៃឆ្នាំចាស់។ ជារួមបុណ្យចូលឆ្នាំថ្មីមិនត្រឹមតែជាការផ្លាស់ប្តូរសករាជប៉ុណ្ណោះទេ តែគឺជាការបង្ហាញពីស្មារតីសាមគ្គីភាព ការដឹងគុណ និងការថែរក្សាមត៌កវប្បធម៌ដ៏សម្បូរបែបរបស់ជាតិឱ្យនៅគង់វង្ស។












អត្ថបទដោយ៖ ហៀន សុវណ្ណមរកត





