ក្នុងចំណោមសិល្បៈត្បាញរវៃដ៏សម្បូរបែបនៅកម្ពុជា ហូលពិតានជាសំពត់ត្បាញពីសូត្រ រំលេចសាច់រឿងពុទ្ធប្រវត្តិ ឬរឿងជាតកផ្សេងៗ សម្រាប់ប្រើជាសក្ការៈតាមទំនៀមនិងជំនឿ ពោលគឺហូលពិតានពុំសម្រាប់ស្លៀកដណ្តប់ដូចសំពត់ធម្មតាឡើយ។ ក្នុងក្រសែភ្នែកអ្នកស្រាវជ្រាវ តម្បាញហូលពិតាន ពុំត្រឹមតែបង្ហាញពីទេពកោសល្យដ៏ប៉ិនប្រសប់នៃបច្ចេកទេសត្បាញសរសៃសូត្រប៉ុណ្ណោះទេ តែហូលពិតានបានឆ្លុះបញ្ចាំងពីចំណេះ និងជំនឿតាំងដូនតាមក។ សោតឯវិជ្ជាក្នុងកិច្ចការត្បាញហូលពិតាននេះ ភាគច្រើនកើតពីការរៀនសូត្របន្តគ្នាក្នុងគ្រួសារ ឬក្នុងភូមិ ពីជំនាន់មួយទៅជំនាន់មួយ។ ប៉ុន្តែសព្វថ្ងៃនៅតាមភូមិពុំសូវមានអ្នកចេះត្បាញហូលពិតានឡើយ ហើយទំនៀមសាងហូលពិតានបូជាព្រះតាមវត្ត ឬប្រើហូលពិតានក្នុងកិច្ចប្រពៃណីក៏ហោចទៅ។ ដូចបានលើកឡើងខាងដើមថា ហូលពិតានមានលក្ខណៈពិសេសជាងហូលធម្មតា ដ្បិតហូលនេះមានលើកគោមជារូបផ្សេងៗដែលទាក់ទងនឹងជំនឿសាសនា។ ហូលពិតានមានឈោ្មះផ្សេងៗអាស្រ័យលើរូបនៅលើហូលពិតាន និងការហៅតាមតំបន់ដូចជា ពិតានរូបព្រះ ពិតានរូបប្រាសាទ ពិតានរូបទង់ ឬពិតានរូបទូក ។ល។ ជាទូទៅ ហូលពិតានប្រើសម្រាប់ចងជាពិតាន លើព្រះជីវ៍ក្នុងព្រះវិហារ សាលាឆាន់ ឬប្រើក្នុងពិធីបុណ្យ។ ដូច្នេះដោយហេតុថា ហូលពិតានមានលើកគោមជារឿង និងមានក្បាច់ពិសិដ្ឋ អ្នកស្រុកមានតំណមមិនឲ្យយកហូលពិតានមកប្រើ ឬស្លៀកដូចហូលធម្មតាទេ។ មិនតែប៉ុណ្ណោះ គោមដែលប្រើនៅលើហូលពិតានខ្លះ ក៏មិនត្រូវយកមកត្បាញលើហូលសម្រាប់ស្លៀកដែរ។ គោមទាំងនោះរួមមាន រូបព្រះ រូបវិហារ រូបទង់ រូបហង្ស រូបទូក និងរូបផ្កាបិណ្ឌជាដើម។
ជាការពិត អ្វីដែលធ្វើឱ្យហូលពិតានមានតម្លៃមិនអាចកាត់ថ្លៃបាន គឺការចងកៀតលើកគោម និងក្បាច់រចនាស្មុគស្មាញខុសពីហូលសម្រាប់ស្លៀក ដែលច្រើនតែមានគោមក្បាច់ភ្ញីផ្កាតូចៗដដែលៗបន្តគ្នា។ ហេតុដូច្នេះ គេស្ទើរតែអាចប្រៀបធៀបហូលពិតានដូចជាគំនូរលើផ្ទៃសំពត់សូត្រ។ អ្នកត្បាញហូលនេះច្រើនជាមនុស្សចាស់ មានពិសោធក្នុងការត្បាញ មានចិត្តអំណត់ព្យាយាម ហើយចេះនិងយល់សាច់រឿងផ្សេងៗក្នុងសាសនា ឬទេវកថាផង។ ជាទូទៅអន្លើសាច់រឿងដែលគេតែងលើកគោមត្បាញក្នុងពុទ្ធប្រវត្តិមានដូចជា ទ្រង់ប្រសូត្រ ត្រាស់ដឹង និងបរិនិព្វាន។ ចំណែកឯអន្លើសាច់រឿងក្នុងមហាវេស្សន្តរជាតកច្រើនតែត្បាញបង្ហាញនូវត្រង់ការបំពេញទានបារមីរបស់ព្រះវេស្សន្តរ ដាក់ទានដំរី ដាក់ទានរាជរថ ដាក់ទានជាលីនិងក្រឹស្នាជាដើម។ ដោយឡែកចំពោះការត្បាញរូបផ្សេងៗមានដូចជា រូបសត្វហង្ស នាគ ដំរី ឬរូបទេវតា ដែលច្រើនតែនិទានក្នុងរឿងទេវកថា។
ប្រសិនបើនិយាយពីដំណាក់កាល បច្ចេកទេស និងកិច្ចការពាក់ព័ន្ធខ្លះ ទម្រាំកើតបានជាហូលពិតាន គឺមានច្រើន និងស្មុគស្មាញ ហើយផ្នែកខ្លះមនុស្សទូទៅពិបាកយល់ ផង។ បើរាប់ត្រឹមយកសរសៃសូត្រមកចងគាត គឺគេត្រូវរកមនុស្សណាដែលយល់សាច់រឿងគូសវាសលើកគោមច្បាស់លាស់ ជាពិសេសសាច់រឿងក្នុងពុទ្ធប្រវត្តិ ឬរឿងក្នុងជាតក ដោយពឹងផ្អែកលើគំរូគោមចាស់ដូចមានបង្ហាញខាលើ ឬមើលគំនូរតាមវត្ត។ ទន្ទឹមនោះដែរ គេអាចបន្ថែមបន្ថយចំណុចខ្លះទៀតតាមគំនិតទេពកោសល្យសិល្បៈច្នៃប្រតិដ្ឋ តាមការចង់បាន។ រូបខាងក្រោម ជាឧទាហរណ៍បង្ហាញការរៀបចំលើកគោមចងគាតរឿងក្នុងពុទ្ធប្រវត្តិ និងការប្រៀបធៀបចំណុចមួយផ្នែកនៃហូលពិតានត្រង់ព្រះពុទ្ធផ្ចាញ់មារទៅនឹងគំនូរតាមវត្ត។ ក្រៅពីការឈ្លាសវៃនិងមានទេពកោសល្យសិល្បៈប្រិតប្រៀងចងគាតឲ្យកើតជារូបផ្សេងៗហើយ គេត្រូវយល់ពីប្រភពពណ៌ដែលសមរម្យល្អ និងត្រូវប្រើលើផ្នែកនីមួយៗនៃរូបនោះដែរ ជាពិសេសគឺពណ៌ធម្មជាតិ។ ពណ៌ក្រហម បានពីល័ក្តក្រម៉ (ឬហៅល័ក្តខ្មែរ) គ្រាប់ជំពូ ឬដើមស្បែង។ ពណ៌លឿង បានពីសំបកដើមព្រហូត រមៀត ឬខ្លឹមខ្នុរ។ ពណ៌ខ្មៅ បានពីផ្លែមក្លឿ (ឬហៅផ្លែខ្មួញ) និងពណ៌ខៀវ បានពីរុក្ខជាតិត្រុំ ដែលគេធ្វើជាធ្លះ ដើម្បីឲ្យកើតជាដុំមរ។ ពណ៌ទាំងអស់នេះ ត្រូវយកទៅជ្រក់សរសៃសូត្រដែលចងគាតរួច ទៅតាមដំណាក់កាលនិងបច្ចេកទេសផ្សេងៗគ្នា។
បច្ចុប្បន្ន ហូលពិតានបានក្លាយជាវត្ថុសិល្បៈកម្រ ប្រឈមការថមថយនៃការត្បាញនិងប្រើប្រាស់តាមរបៀបបុរាណ។ កង្វល់នេះ គេមើលឃើញទៅលើភាពស្មុគស្មាញនៃការចងគាត ការត្បាញ និងតម្លៃ។ ប៉ុន្តែសិប្បករនៅតាមតំបន់មួយចំនួនដូចជា ខេត្តតាកែវ និងសៀមរាប នៅតែបន្តត្បាញហូលពិតានខ្លះ ដើម្បីកុំឱ្យមត៌កដូនតាមួយនេះរលាយបាត់។ ទន្ទឹមនោះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏តែងរៀបចំពិព័រណ៍ជារឿយៗពាក់ព័ន្ធនឹងហូលពិតានផងដែរ។ បើរាប់តែក្នុងសារមន្ទីរជាតិភ្នំពេញ ពិព័រណ៍ហូលពិតានធ្លាប់រៀបចំឡើងនៅឆ្នាំ២០១០ ឆ្នាំ២០១២ ឆ្នាំ២០១៦ និងចុងក្រោយនៅឆ្នាំ២០២៤ ដែលមានវត្តមានកិត្តិយសរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត អញ្ជើញទស្សនាផ្ទាល់ (រូបលេខ១៣-១៤)។ ទន្ទឹមនោះ គេដឹងថានៅសារមន្ទីរវាយភ័ណ្ឌអាស៊ីក្នុងខេត្តសៀមរាប ក៏ធ្លាប់ដាក់តាំងហូលពិតាន និងទទួលអំណោយហូលពិតាន ពីសប្បុរសជនជាបន្តបន្ទាប់ ដើម្បីថែរក្សា និងអភិរក្សដូចនៅសារមន្ទីរជាតិភ្នំពេញដែរ។
ជារួមមក ហូលពិតានពុំត្រឹមតែជាផលិតផលកើតពីសរសៃសូត្រដូចហូលស្លៀកធម្មតាទេ តែហូលពិតានជា “សិល្បៈសក្ការៈ” ដែលបានត្បាញយ៉ាងផ្ចិតផ្ចង់ភ្ជាប់នូវជំនឿសាសនា សីលធម៌ និងអត្តសញ្ញាណវប្បធម៌។ ទោះបីជាបច្ចុប្បន្ន វត្តមានហូលពិតានហាក់មានការថមថយតាមវត្តអារាមមួយចំនួន ប៉ុន្តែការចាប់ផ្តើមយកចិត្តទុកដាក់ឡើងវិញតាមរយៈការតាំងពិព័រណ៍ ការស្រាវជ្រាវ និងការគាំទ្រពីថ្នាក់ដឹកនាំ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ គឺជាសញ្ញាវិជ្ជមានក្នុងការជួយស្រោចស្រង់មត៌កដ៏កម្រនេះ។













អត្ថបទដោយ៖ ហៀន សុវណ្ណមរកត





