វត្តបុសលាវ (ឬបុស្សមាលី) កសាងឡើងនៅត្រើយខាងកើតនៃដងទន្លេមេគង្គ តាមបណ្តោយផ្លូវជាតិលេខ៧៣(ក្រចេះ-ឆ្លូង) នៅក្នុងភូមិសាស្រ្តឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ចម្ងាយប្រហែល១១គីឡូម៉ែត្រ ខាងត្បូងទីរួមខេត្ត។ វត្តនេះមិនត្រឹមតែជាទីអារាមសម្រាប់ប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនាទេ តែគឺជាអារាមដ៏ចំណាស់នៅតាមដងទន្លេដែលមានព្រះវិហារ និងកុដិបុរាណកសាងពីឈើជាច្រើនខ្នង ប្រកបដោយទឹកដៃសិល្បៈស្ថាបត្យកម្មដ៏ល្អ។ ចំពោះព្រះវិហារវត្តបុសលាវសព្វថ្ងៃ គឺជាសំណង់កសាងឡើងឥដ្ឋ និងឈើធំៗ ដែលជាសិល្បៈពេញនិយមតាមបណ្តាវត្តបណ្តោយដងទន្លេមេគង្គ។ បើផ្អែកតាមចំណារ “ព.ស.២៤៩២” ចារលើហោជាងផ្នែកខាងលិច ប្រហែលបញ្ជាក់ថាព្រះវិហារវត្តបុសលាវ កសាងឡើងក្នុងឆ្នាំ១៩៤៩ ពោលគឺតាំងពីចុងសម័យអាណាព្យាបាលបារាំង។ ប៉ុន្តែទោះបីជាបានឆ្លងកាត់សង្រ្គាមច្រើនជំនាន់ តែព្រះវិហារនេះបានជួសជុល និងថែរក្សាយ៉ាងយកចិត្តទុកដាក់រហូតគង់វង្សមកដល់សព្វថ្ងៃ។
ជាការពិតបើនិយាយតែអំពីព្រះវិហារវត្តបុសលាវ គេឃើញព្រះវិហារនេះកសាងឡើងបែរទៅទិសខាងកើត នៅលើខឿនមានច្រើនថ្នាក់ខ្ពស់ត្រដែតប្លែកពីព្រះវិហារផ្សេងៗទៀត។ ការរៀបចំកសាងបែបនេះ ក៏ប្រហែលដោយសារកត្តាភូមិសាស្រ្តវត្តស្ថិតនៅក្បែរដងទន្លេ ដើម្បីការពារនូវទឹកជំនន់ដែលអាចកើតឡើងម្តងម្កាលផង និងក៏បានជួយលើកសោភ័ណសំណង់ស្ថាបត្យកម្មឲ្យសមគាប់ភ្នែកផង។ តួព្រះវិហារស្ថិតនៅលើខឿនបីថ្នាក់ ហើយដែលថ្នាក់នីមួយៗលម្អដោយក្បាច់ជើងទៀនបង្កាន់ដៃព័ទ្ធជុំវិញ ព្រមទាំងមានលម្អដោយចម្លាក់រូបតោ និងនាគអមតាមជណ្តើរឡើងទាំងបួនទិស។ នៅជាប់បង្កាន់ដៃខឿនថ្នាក់ទី៣ មានក្បាច់លម្អ និងសសរបេតុងមូលធំៗទ្រចុងដំបូល ហើយបង្កើតបានជាចន្លោះបាំងសាចព័ទ្ធជុំវិញព្រះវិហារ។ តាមក្បាលសសរនីមួយៗ បំពាក់លម្អដោយចម្លាក់រូបកិន្នរ និងគ្រុឌទ្រចុងដំបូលជុំវិញ។ ចាប់ពីឆ្នាំ២០២២មក ព្រះវិហារនេះបានរៀបចំជួសជុលកែលម្អរចនាសម្ព័ន្ធជុំវិញតាមខឿននីមួយៗ និងជួសជុលដំបូល លាបពណ៌លម្អថ្មី។
ចំពោះរចនាសម្ព័ន្ធសំណង់ផ្នែកដំបូលនៃព្រះវិហារវត្តបុសលាវ គឺជាប្រភេទទម្រង់ដំបូលព្រះវិហារជហ្វាបួន។ ផ្ទៃដំបូលព្រះវិហារ គេសាងជាដំបូលកិង ប្រក់ក្បឿងស្រកាលេញ មានជម្រាលចុះជាថ្នាក់ៗសាងខាង ដោយនៅតាមចែងដំបូលបំពាក់លម្អដោយចម្លាក់រូបនាគ ហើយនៅចុងព្រំដំបូលខាងមុខលម្អដោយជហ្វា២ នៅចុងព្រំដំបូលខាងក្រោយលម្អដោយជហ្វា២។ ចំណែកហោជាងទាំងសងខាងនៃព្រះវិហារនេះ ជាហោជាងឆ្លាក់លម្អដោយក្បាច់ពុម្ពស៊ីម៉ងត៍ មានលក្ខណៈស្ទើរតែដូចគ្នាទាំងស្រុង។ ប៉ុន្តែនៅលើផ្ទៃ កណ្តាលលើហោជាងខាងមុខមានឆ្លាក់រូបទេពគង់ប្រណមលើក្បាលរាហូ ឬព្រះកាល។ ហោជាងខាងលិច គេឆ្លាក់លម្អដោយរូបទេពគង់ព្នែនប្រណមលើបល្ល័ង្កអមដោយទេពប្រណមលេចចេញពីក្បាច់សងខាងបល័ង្ក។ នៅលើបល័ង្កនោះសោត មានចារឹកខ្លី “ព.ស.២៤៩២”។ តាមរយៈចារឹកនេះ ទំនងបញ្ជាក់កាលបរិច្ឆេទនៃការកសាងព្រះវិហារក្នុងពុទ្ធសករាជ២៤៩២ ដែលត្រូវនឹងឆ្នាំ១៩៤៩។ សូមបញ្ជាក់ថា ព្រះវិហារនេះពុំមានអក្សរចារឹក ឬចំណារបញ្ជាក់ពីប្រវត្តិកសាង ឬជួសជុលឡើយ។
ដោយឡែក ចំពោះរចនាសម្ព័ន្ធនៅផ្នែកខាងក្នុងព្រះវិហារធ្លាប់បានជួសជុលកាលពីជាង២០ឆ្នាំមុន ពោលគឺទាំងសសរ ការ៉ូ និងគំនូរលើជញ្ជាំងជុំវិញ។ បច្ចុប្បន្នសសរខាងក្នុងព្រះវិហាររត់ជួរអមល្វែងគ្រឹះ សុទ្ធសឹងជាសសរឈើមូលធំៗចំនួន១២ដើម តែពុំមានក្បាច់ ឬគំនូរលម្អលើសសរទាំងនោះឡើយ។ ចំណែកឯពិតាននិងធ្នឹមខាងលើក៏ជាឈើលាតឥតមានគំនូរ ឬក្បាច់លម្អទាំងអស់។ នៅចុងល្វែងគ្រឹះផ្នែកខាងលិច គឺជាបល្ល័ង្កព្រះជីវ៍ធំ ដែលរចនាខ្ពស់ត្រដែតជាបល្ល័ង្កក្បាច់ត្របកឈូក។
គំនូរខាងក្នុងព្រះវិហារ ប្រហែលជាគំនូរថ្មីគូរឡើងវិញបន្ទាប់ពីជួសជុលព្រះវិហារ កាលពីជាង២០ឆ្នាំមុន។ ប៉ុន្តែសាច់រឿងលើកមកគូរបង្ហាញ ជារឿងពុទ្ធប្រវត្តិរៀបរាប់ចាប់តាំងពីព្រះអង្គទ្រង់ប្រសូត្ររហូតដល់ទ្រង់បរិនិព្វាន ពោលគឺពុំមានគូរសាច់រឿងក្នុងជាតកណាមួយ ឬគំនូរព្រះចន្រ្ទព្រះអាទិត្យលើពិតានដូចបណ្តាព្រះវិហារដទៃឡើយ។ វិចិត្រករចាប់ផ្តើមសាច់រឿងលើជញ្ជាំងខាងត្បូងផ្នែកខាងកើតនូវអន្លើ “ទេវតាយាងសន្តុសិតទេវបុត្រឱ្យចុះចាប់កំណើត” ព័ទ្ធទៅជញ្ជាំងខាងលិច ជញ្ជាំងខាងជើង រហូតបញ្ចប់ត្រង់ព្រះពុទ្ធទ្រង់បរិនិព្ធាន ថ្វាយព្រះភ្លើងព្រះបរមសព និងចែកព្រះបរមសារីរិកធាតុគូរនៅលើជញ្ជាំងខាងកើត។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ក្នុងសិល្បៈគំនូរពុទ្ធប្រវត្តិនៃព្រះវិហារវត្តបុសលាវនេះ មានសាច់រឿង២ផ្ទាំងដែលវិចិត្រករគូរពេញផ្ទៃជញ្ជាំងផុតលើក្រោម គឺទ្រង់បរិនិព្វានលើជញ្ជាំងខាងកើត និងផ្ចាញ់មារលើជញ្ជាំងខាងលិច។ ចំណុចនេះ អ្នកស្រាវជ្រាវពន្យល់ថា គឺបង្ហាញឱ្យឃើញព្រះអង្គ (ព្រះជីវ៍) គង់សមាធិបែរទៅទិសខាងកើត បន្ទាប់ពីផ្ចាញ់មារ។
ដូច្នេះជារួមមក ព្រះវិហារវត្តបុសលាវ គឺជាសំណង់មួយមានអាយុកាលប្រហែល ៧៧ឆ្នាំ ដែលទទួលបានការថែទាំ និងជួសជុលជាបន្តបន្ទាប់ ទុកជាសម្បត្តិបេតិកភណ្ឌដ៏សំខាន់តាមដងទន្លេមេគង្គ។ តាមរយៈសម្ភារៈ និងរចនាសម្ព័ន្ធសំណង់ ក៏ជាផ្នែកមួយបង្ហាញឱ្យឃើញពីការវិវត្តកាន់តែខ្លាំង ក្នុងការប្រើប្រាស់ឈើផ្សំនឹងបេតុង នៃចុងសម័យអាណាព្យាបាលបារាំងផងដែរ៕












អត្ថបទដោយ៖ ហៀន សុវណ្ណមរកត





