ទំព័រដើមប្រវត្តិសាស្ត្រហោជាងក្នុងស្ថាបត្យកម្មខ្មែរសម័យក្រោយអង្គរ

ហោជាងក្នុងស្ថាបត្យកម្មខ្មែរសម័យក្រោយអង្គរ

ដូចដែលបានរៀបរាប់នៅក្នុងអត្ថបទមុន ហោជាងក្នុងស្ថាបត្យកម្មខ្មែរនាសម័យបុរាណ (សម័យមុនអង្គរ-អង្គរ) បានទទួលឥទ្ធិពលពីអារ្យធម៌ឥណ្ឌាខាងត្បូងនៅដំណាក់កាលដំបូង (ស.វ.ទី៧-៨) ពោល គឺភាគច្រើនជាហោជាងដែលមានរាងដូចក្រចកសេះ។ ប៉ុន្តែ មកដល់សម័យអង្គរ សិល្បករខ្មែរបានច្នៃប្រតិដ្ឋមកជាសិល្បៈប្រចាំតំបន់ និងមានការវិវឌ្ឍជាច្រើនដំណាក់កាល។ ជាពិសេស គឺហោជាងដែលមានរូបនាគនៅព័ទ្ធជុំវិញ ដែលជានិម្មិតរូបនៃស្ពានឥន្ធនូតំណាងឱ្យការភ្ជាប់លោកិយឆ្ពោះទៅកាន់ស្ថានសួគ៌។ គំនិតទាំងនេះបានបន្តមត៌កមកដល់សម័យកណ្តាល និងសម័យថ្មី។ តើហោជាងក្នុងស្ថាបត្យកម្មខ្មែរនៅសម័យក្រោយអង្គរ មានអត្ថន័យ និងលក្ខណៈសិល្បៈដូចម្តេចខ្លះ?

មកដល់សម័យកណ្តាល (ស.វ.ទី១៥-១៩) គេអាចមើលឃើញហោជាងតាមរយៈសំណង់ព្រះពុទ្ធសាសនាថេរវាទ ជាពិសេស គឺព្រះវិហារជាចម្បង។ សំណង់ទាំងនោះស្ទើរតែលែងមានរូបរាងអស់ទៅហើយ ព្រោះភាគច្រើនជាសំណង់ឈើ ដែលមិនអាចនៅស្ថិតស្ថេរបានយូរអង្វែងដូចសំណង់ប្រាសាទថ្មនៅសម័យបុរាណ ឬសំណង់បេតុងនៅសម័យបន្ទាប់ទៀត។ ប៉ុន្តែ ទោះបីជាសំណង់បាត់រូបរាងទៅហើយក្តី ក៏ហោជាងមួយចំនួនដែលធ្វើអំពីឈើមាននៅសល់ ឬគេអាចមើលឃើញតាមរយៈរូបថតចាស់ៗរបស់សាលាបារាំងចុងបូព៌ាប្រទេស។ មកដល់ចុងស.វ.ទី១៩ និងដើមស.វ.ទី២០ នៅក្នុងសម័យអាណាព្យាបាលបារាំង សំណង់ព្រះពុទ្ធសាសនាជាច្រើនបាន សាងសង់ឡើងជាបន្តបន្ទាប់ ដូចជា ព្រះវិហារ ធម្មមន្ទីរ កុដិ ចេតិយ ។ល។ ដែលសំណង់ទាំងនោះ សុទ្ធសឹងរំលេចឱ្យអំពីហោជាងក្នុងបរិបទតាមលំនាំចាស់ បន្តពីសម័យមុនៗ ហើយហោជាងស្ទើរតែទាំងអស់ត្រូវបានចាក់ពុម្ពដោយស៊ីម៉ង់ត៍ជំនួសវិញ (រូបលេខ១)។ នៅតំបន់បាត់ដំបង ក្បាច់លម្អហោជាងព្រះវិហារមួយចំនួន គេធ្វើអំពីបាយអមកបិតភ្ជាប់នៅលើផ្ទៃបង្កើតជាក្បាច់យ៉ាងផ្ចិតផ្ចង់។

យោងតាមវចនានុក្រមខ្មែរ ហោជាង សំដៅដល់របាំងដាក់ត្រង់ខាងក្រោមចុងដំបូលគ្រឹះវិហារ ឬសាលាជាដើម មានសណ្ឋានបីជ្រុងស្មើភាគ ឬស្រួចខាងលើជាងបន្តិច ធ្វើជាឋានលាតក៏មាន ឆ្លាក់ ឬគូរជាក្បាច់រចនាក៏មាន។ និយមន័យនេះ គឺហាក់ឆ្លុះបញ្ចាំងខ្លាំងជាមួយហោជាងក្នុងស្ថាបត្យកម្មសម័យក្រោយអង្គរ (សម័យកណ្តាល និងសម័យថ្មី) ព្រោះសណ្ឋានបែបនេះវាខុសពីនៅសម័យមុនអង្គរ និងអង្គរដែលមានរូបរាងច្រើនបែបយ៉ាង។ លោកស្រី Madelain Giteau ប្រវត្តិសិល្បៈវិទូបារាំង ដែលធ្លាប់បានសិក្សាលម្អិតអំពីសិល្បៈខ្មែរនាសម័យក្រោយអង្គរ បានលើកឡើងថា ហោជាងនៅសម័យក្រោយអង្គរ អាចចែកចេញជា ២ ប្រភេទ គឺហោជាងរាងត្រីកោណទោលសម្រាប់បិទបាំងដំបូលព្រះវិហារ និងហោជាងពាក់កណ្តាលដែលជាប្រភេទលាតសន្ធឹងគ្រប​ដល់ដំបូលរបៀងព្រះវិហារ។ លោកស្រីបញ្ជាក់ថា ហោជាងដែលរីកធំគ្របដល់របៀង គឺជាឥទ្ធិពលសិល្បៈសៀម ដែលគេឃើញមានច្រើននៅតំបន់បាត់ដំបង មោងឫស្សី និងឧដុង្គ។ ហោជាងទាំងនោះ មានទ្រនុងនាគរាងផ្តេកហ៊ុមព័ទ្ធជុំវិញ តំណាងឱ្យខ្លួននាគ ដែលជាទូទៅគេច្រើនធ្វើពីស៊ីម៉ង់ត៍ចាក់ពុម្ព។ នៅតាមវិហារមួយចំនួន នៅចំពាក់កណ្តាលទ្រនុងនាគដែលតំណាងឱ្យខ្លួននាគនេះមានកន្ទុយនាគពីរ ហើយជួនកាលកន្ទុយនាគទាំងពីរនេះវេញចូលគ្នា ហើយមួយចំនួនមានរំលេចកាលបរិច្ឆេទកសាងព្រះវិហារនៅចំពាក់កណ្តាល។ ករណីនេះ ស្តែងឱ្យឃើញច្បាស់អំពីការបន្តវេនមត៌កសិល្បៈសម័យអង្គរ ព្រោះដូចដែលបានបញ្ជាក់ខាងលើថា ហោជាងដែលមានស៊ុមជារូបនាគ ឬទ្រនុងនាគ មានភាពពេញនិយមខ្លាំងណាស់នៅសម័យអង្គរ។ ក្នុងនោះ ហោជាងព្រះវិហារបុរាណ ឬហៅថាព្រះវិហារជហ្វា៤ មានហោជាងតែពីរប៉ុណ្ណោះ ពោល គឺហោជាងខាងកើត និងខាងលិច ។ ហោជាងខាងកើត ដែលជាច្រកចូលចម្បងនៃព្រះវិហារ តែងតែមានការតុបតែង និងបង្ហាញឈុតឆាករឿងសំខាន់ជាងគេ។ ក្បាច់លម្អជារុក្ខជាតិលើហោជាងទាំងនោះមានចំនួន ៤ ប្រភេទសំខាន់ៗ គឺក្បាច់ភ្ញីវល្លិ (រាងដូចមែកឈើវល្លិរុំព័ទ្ធ) ក្បាច់ភ្ញីភ្លើង (មានសណ្ឋានដូចអណ្តាតភ្លើង) ក្បាច់ភ្ញីទេស (ជាប្រភេទស្លឹកឈើមានផ្ការីកស្គុះស្គាយ) និងក្បាច់អង្គរ (ក្បាច់ដែលចម្លងតាមទម្រង់ក្បាច់មែកឈើសម័យអង្គរ)។

គួរឱ្យចាប់អារម្មណ៍ នៅចំកណ្តាលក្បាច់ភ្ញីនៃហោជាងព្រះវិហារសម័យក្រោយអង្គរ មានចម្លាក់ចំនួន ៤ ប្រភេទសំខាន់ៗ គឺរូបនិម្មិតសញ្ញាផ្សេងៗ រូបទេពសំខាន់ៗ រូបមុខងារអ្នកការពារ និងឈុតឆាករឿងទេវកថា។ ក្នុងនោះ និម្មិតសញ្ញាខ្លះមានលក្ខណៈសាមញ្ញបំផុត ជាក់ស្តែងនិម្មិតសញ្ញាផ្លិតយស (តំណាងឱ្យព្រះសង្ឃ ឬសង្ឃរតនៈ និងនិម្មិតសញ្ញាជើងពានទ្រសាស្រ្តា (តំណាងឱ្យព្រះធម៌ ឬធម៌រតនៈ (រូបលេខ២)។ លក្ខណៈពិសេសមួយគួរកត់សម្គាល់ ហោជាងវត្តមួយចំនួនដែលជាព្រះរាជអំណោយរបស់ព្រះមហាក្សត្រ (វត្តហ្លួង) នៅចំកណ្តាលមានបង្ហាញរូបព្រះសង្ហា ដែលជាត្រាប្រពៃណី និងផ្លូវការសម្រាប់ព្រះចៅក្រុងកម្ពុជាធិបតី មានចម្លាក់ពន្លឺឆពណ្ណរង្សី មកុដរាជ្យ ព្រះខ័នរាជ្យ សញ្ញា ជើងពានទ្រព្រះខ័នរាជ្យ ​និងឆត្ររួតប្រាំថ្នាក់ដែលកាន់សងខាងដោយរាជសីហ៍ និងគុជសីហ៍ (រូបលេខ៣-៤)។ រូបនិម្មិតសញ្ញាព្រះសង្ហាដែលគេឆ្លាក់ទាំងនេះ តំណាងឱ្យគ្រឿងយសសម្រាប់រាជានិយម ដែលទទួលបានភាពរុងរឿងក្រៃលែងតាមរយៈការគោរពច្បាប់ព្រះពុទ្ធសាសនា។ ចំពោះហោជាងព្រះវិហារដែលមានចម្លាក់ទេពនៅចំកណ្តាល គេនិយមឆ្លាក់រូបលោកបាលរក្សាទិសទាំងបួន ពោល គឺហោជាងខាងកើតនិយមឆ្លាក់រូបព្រះឥន្រ្ទគង់នៅលើដំរីព្ធវ៌ត (លោកបាលប្រចាំទិសខាងកើត) (រូបលេខ៥) និងហោជាងខាងលិចឆ្លាក់រូបព្រះវារុណគង់នៅលើហង្ស (លោកបាលប្រចាំនៅទិសខាងលិច)។ ករណីពិសេស ប្រសិនបើជាប្រភេទព្រះវិហារមណ្ឌប គេបានឆ្លាក់រូបលោកទាំងបួនទិសនៅគ្រប់មុខទាំង៤តែម្តង (ខាងកើតព្រះឥន្រ្ទ, ខាងលិចព្រះវារុណ, ខាងត្បូងព្រះយម និងខាងជើងព្រះកុវេរ)។ ក្រៅអំពីនេះ រូបទេពដែលពេញនិយមមួយទៀត គឺព្រះវិស្ណុគង់នៅលើគ្រុឌ (រូបលេខ៦)។ រីឯ ចម្លាក់រូបមុខងារអ្នកការពារនោះ គឺគេនិយមឆ្លាក់រូបកិត៌ិមុខ ដែលតំណាងឱ្យសិរីសួស្តី និងការការពារសំណង់សាសនាឱ្យកាន់តែមានភាពខ្ពង់ខ្ពស់ (រូបលេខ៧)។ ដោយឡែក ចំពោះហោជាងដែលឆ្លាក់ជារឿងទេវកថាវិញ គេសង្កេតឃើញថារឿងទេវកថាព្រហ្មញ្ញសាសនាមានភាពនិយមខ្លាំង ជាពិសេស រឿងរាមកេរ្តិ៍ (មានច្រើននៅសៀមរាប បាត់ដំបង និងឧដុង្គ)។ ឈុតឆាករឿងរាមកេរ្តិ៍ដែលគេនិយមយកមកឆ្លាក់ គឺជ័យជម្នះរបស់ព្រះល័ក្ខណប្រយុទ្ធជាមួយឥន្រ្ទជិត។ រីឯឈុតផ្សេងទៀតមានតិចតួចដូចជា ចម្បាំងក្រុងលង្កា ព្រះរាមប្រយុទ្ធជាមួយក្រុងរាពណ៍ ពាលីប្រយុទ្ធជាមួយសុគ្រីពជាដើម។ ដោយឡែក ចម្លាក់រឿងជាតកនៃព្រះពុទ្ធសាសនា គេមិននិយមដូចរឿងទេវកថាព្រហ្មញ្ញសាសនានោះឡើយ ពោល គឺមានតិចតួចបំផុត។ ក្នុងនោះ ព្រះវិហារចាស់មួយដែលបានរុះរើកាលពីឆ្នាំ១៩៤៩ នៅវត្តភ្នំក្រោម ខេត្តសៀមរាប មាននៅសល់ចម្លាក់ហោជាងធ្វើអំពីឈើមួយដែលរៀបរាប់អំពីចម្លាក់តេមិយ ឬមូគបក្ខជាតក (រូបលេខ៨)។ ត្រង់ឈុតនេះ គឺរៀបរាប់អំពីព្រះអង្គតេមិយគង់យ៉ាងស្ងប់ស្ងៀមនៅលើរាជបល្ល័ង្ក ហើយមានបុរសពីរនាក់យកសត្វពស់មកជិតព្រះអង្គ ប៉ុន្តែព្រះអង្គមិនរន្ធត់តក់ស្លុតសូម្បីបន្តិច។ រឿងតេមិយ ឬមូគបក្ខជាតកនេះទៀតសោត ធ្លាប់មានឆ្លាក់នៅលើហោជាងប្រាសាទបាយ័ន្ត (ចុងស.វ.ទី១២ ដើមស.វ.ទី១៣) ក្នុងរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៧ (គ.ស. ១១៨១-១២២០)។ គួរកត់សម្គាល់ចម្លាក់ទាំងបួនប្រភេទដែលបានរៀបរាប់នេះ មួយចំនួនធំសុទ្ធសឹងជាប់ពាក់ព័ន្ធនឹងព្រហ្មញ្ញសាសនា ជាពិសេស រូបទេវតារក្សាទិស (លោកបាល) ចម្លាក់កិត៌ិមុខ ឈុតរឿងរាមកេរ្តិ៍  និងមានតិចតួចប៉ុណ្ណោះដែលរំលេចជាចម្លាក់រឿងជាតកនៃព្រះពុទ្ធសាសនា។ ទាំងនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ទោះបីជាឥទ្ធិពលព្រះពុទ្ធសាសនាថេរវាទ បានបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងសង្គមខ្មែរយ៉ាងណាក្តី ឥទ្ធិពលព្រហ្មញ្ញសាសនាដែលខ្មែរធ្លាប់តែគោរពប្រណិប័តន៍តាំងពីបុរាណកាលមក មិនបានសាបសូន្យទាំងស្រុងនោះឡើយ ពោល គឺនៅតែលាយឡំ និងដើរទន្ទឹមគ្នាពីមួយជំនាន់ទៅមួយជំនាន់។ នេះហើយដែលហៅថា រូបភាពនៃការបន្តវេនមត៌កអារ្យធម៌អង្គរដ៏រុងរឿង។

ក្រៅអំពីសំណង់ព្រះពុទ្ធសាសនាថេរវាទដូចបានរៀបរាប់ខាងលើ សំណង់សំខាន់ៗជាច្រើនទៀតនៅសម័យទំនើប ក៏នៅតែបន្តរក្សាទម្រង់ហោជាងបែបបុរាណដដែល។ ឧទាហរណ៍ វិមានឈ្នះឈ្នះ ដែលកសាងឡើងចប់ជាស្ថាពរនៅឆ្នាំ២០១៨ ដើម្បីរំឭកអំពីការចងចាំនយោបាយឈ្នះឈ្នះ និងការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ក៏នៅតែបន្តប្រើប្រាស់ហោជាងរាងទ្រនុងនាគតាមគំរូសិល្បៈសម័យអង្គរដែរ (ស.វ.ទី១០-១៣)។ ហោជាងនៅលើទ្វារសំខាន់ៗទាំងបីនៅវិមានឈ្នះឈ្នះ មានរំលេចនូវចម្លាក់រូបសញ្ញារាជរដ្ឋាភិបាល (ទ្វារជ័យខាងលិច) រូបការធានាបីយ៉ាងតំណាងដោយរូបព្រះវិស្ណុការ កណ្ឌី និងព្រះកុវេរ (ទ្វារសមិទ្ធផលខាងត្បូង) (រូបលេខ៩)និងចម្លាក់ព្រះឥន្រ្ទគង់នៅលើដំរីព្ធវ៌តដោយមានចម្លាក់កិត៌ិមុខនៅខាងក្រោម (ទ្វារសុខដុមនីយកម្មសម័យប្រវត្តិសាស្រ្តខ្មែរ)។ ឧទាហរណ៍មួយទៀត អគារទីស្តីការក្រសួងរៀបចំដែនដី នគរូប     នីយកម្ម និងសំណង់ ដែលកសាងឡើងនៅឆ្នាំ២០២០ ក៏មិនបានបោះបង់ទម្រង់ហោជាងបុរាណខ្មែរដែរ។ ពោល គឺគ្រប់មុខទាំងអស់សុទ្ធសឹងបានរំលេចអំពីហោជាងរាងត្រីកោណ ដោយមានស៊ុមជារូបនាគដូចអម្បាលហោជាងព្រះវិហារចាស់ៗនៅសម័យកណ្តាល និងសម័យថ្មី ដែលយើងបានរៀបរាប់ខាងលើដែរ។ ក្នុងនោះ ហោជាងនៅច្រកចូលខាងមុខ (មុខឦសាន) បង្ហាញចម្លាក់ព្រះវិស្ណុការគង់នៅលើជើងទម្រនៅចំផ្ទៃកណ្តាលដែលហ៊ុមព័ទ្ធដោយក្បាច់ផ្កាភ្ញីនិងក្បាច់អង្គរ រីឯហោជាងស្លាបទាំងសងខាងលម្អរូបព្រះឥន្រ្ទគង់នៅលើដំរីព្ធវ៌តដែលហ៊ុមព័ទ្ធដោយក្បាច់ផ្កាភ្ញីនិងក្បាច់អង្គរដូចគ្នា (រូបលេខ១០-១២)។            

ជារួមមក ហោជាងក្នុងស្ថាបត្យកម្មខ្មែរសម័យក្រោយអង្គរ គឺជាសក្ខីភាពដ៏រស់រវើកនៃការបន្តវេន និងការវិវឌ្ឍមត៌កសិល្បៈពីសម័យបុរាណ។ ទោះបីជាសម្ភារៈសំណង់មានការប្រែប្រួលពីឈើមកជាបេតុង និងមានការទទួលឥទ្ធិពលខ្លះៗពីសិល្បៈជិតខាងក្ដី ប៉ុន្តែអត្តសញ្ញាណខ្មែរតាម  រយៈការប្រើប្រាស់ “ទ្រនុងនាគ” និង “ក្បាច់ភ្ញី” នៅតែត្រូវបានរក្សាខ្ជាប់ខ្ជួន។ ទិដ្ឋភាពនៃរូបចម្លាក់ទេវកថាព្រហ្មញ្ញសាសនា ដូចជាព្រះឥន្ទ្រ ព្រះវិស្ណុ និងរឿងរាមកេរ្តិ៍ នៅលើហោជាងនៃវិហារពុទ្ធសាសនា និងសំណង់សាធារណៈទំនើបៗ បានឆ្លុះបញ្ចាំងពីជំនឿបែបសមកាលកម្ម ដែលខ្មែរតែងតែឱ្យតម្លៃលើការរួមរស់ទន្ទឹមគ្នានៃសាសនា។ ដូច្នេះ ហោជាងមិនត្រឹមតែជាគ្រឿងលម្អសម្រាប់បង្កើនសោភណភាពស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការរក្សាទុកនូវនិម្មិតរូបនៃ “ស្ពានឥន្ធនូ” ដែលផ្សារភ្ជាប់មនុស្សទៅនឹងស្ថានសួគ៌ និងការការពារសុខដុមនីយកម្មក្នុងសង្គមខ្មែរពីអតីតកាលរហូតដល់បច្ចុប្បន្ន។

————–

This article examines the artistic characteristics and cultural significance of pediments within Khmer architecture during the post-Angkorian period (15th–21st centuries). Following the decline of the classical Angkorian era, architectural styles transitioned from stone masonry to timber constructions and subsequently to reinforced concrete. Despite these material shifts, the pediment has remained a central element in defining Khmer architectural identity, particularly through the persistent use of naga-themed frames representing the symbolic bridge between the terrestrial and celestial realms. The research highlights a distinctive syncretism where Brahmanical iconography, including depictions of Indra, Vishnu, and scenes from the Ramayana, continues to adorn Theravada Buddhist temples and contemporary public monuments, such as the Win-Win Memorial. Through an analysis of decorative motifs such as Kbach Phni Tes and Kbach Angkor, the study concludes that the post-Angkorian pediment serves as a vital medium for cultural continuity, reflecting the resilience and adaptability of the Khmer artistic legacy in the modern era.

អត្ថបទដោយ៖ លោក ម៉ង់ វ៉៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,100SubscribersSubscribe
- Advertisement -spot_img