វត្តទ្រាំង (ឬតាឡវនារាម) ជាអារាមចំណាស់មួយស្ថិតនៅបណ្តោយដងទន្លេមេគង្គ ជាប់នឹងផ្លូវលេខ៣៨១ ក្នុងភូមិទ្រាំងក្រោម ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បច្ចុប្បន្ននៅក្នុងវត្តនេះ មានសមិទ្ធផលជាច្រើនកសាងឡើងជាបន្តបន្ទាប់តាំងពីកកើតវត្តរហូតមក ដែលមានព្រះវិហារពីរសាងទន្ទឹមគ្នា ស្ថិតនៅស្ទើរចំកណ្តាលផ្ទៃដីវត្ត។ ផ្នែកខាងជើងមានសាលាឆាន់និងរោងទូក ផ្នែកខាងត្បូងមានកុដិតូចធំជាច្រើនខ្នងនិងសាលាបាលី ផ្នែកខាងលិចមានរោងបាយ និងខាងកើតព្រះវិហារមានចេតិយ ស្រះទឹកតូចមួយ ព្រមទាំងមានខ្លោងទ្វារនិងច្រកចូលគ្រប់ទាំងបួនទិស។
ដូចបានលើកឡើងខាងលើ ក្នុងបរិវេណវត្តទ្រាំងសព្វថ្ងៃមានព្រះវិហារពីរ កសាងឡើងនៅលើខឿនតែមួយ។ ព្រះវិហារខាងជើងជាព្រះវិហារបុរាណ ចំណែកឯព្រះវិហារខាងត្បូងជាព្រះវិហារសង់ថ្មី។ ប៉ុន្តែនៅក្នុងអត្ថបទខ្លីនេះខ្ញុំសូមរៀបរាប់ត្រួសៗតែព្រះវិហារខាងជើង ជាព្រះវិហារតូចមួយដែលគេមើលឃើញជាសំណង់បុរាណ ហើយកសាងឡើងប្រកបទឹកដៃសិល្បៈស្ថាបត្យកម្ម តុបតែងក្បាច់លម្អរួមបញ្ចូលរវាងក្បាច់ឆ្លាក់ពីឈើ ក្បាច់ទឹបមាស និងគំនូរលើហប់ខ្យល់។
ព្រះវិហារបុរាណវត្តទ្រាំង បានកសាងឡើងនៅលើខឿន២ថ្នាក់ មានទំហំតូចល្មម ហើយសមភ្នែកសមខ្នាតគ្រប់ជ្រុង។ ខឿនថ្នាក់ទី១ ព័ទ្ធជុំវិញព្រះវិហារបង្កើតបានជាទីធ្លាទូលាយសម្រាប់ដើរដង្ហែប្រទក្សិណពេលធ្វើកិច្ចពិធី ឬបុណ្យទានផ្សេងៗ ហើយក៏ជាខឿនដែលបានជួសជុសបន្ថែមកន្លងមកដែរ។ ចំណែកខឿនថ្នាក់ទី២ មានកម្ពស់ប្រហែលត្រឹមចង្កេះ គឺជាផ្នែកមួយនៃគ្រឹះព្រះវិហារ ដែលទ្ររចនាសម្ព័ន្ធសំណង់ឱ្យមើលឃើញលេចត្រដែតឡើង។ ដោយឡែកតួព្រះវិហារសង់ឡើងអំពីឥដ្ឋ ជញ្ជាំងបិទជិតជុំវិញ ពោលគឺពុំមានចន្លោះបាំងសាច ដោយទុកឲ្យមានតែទ្វារចេញចូលខាងមុខចំនួន២ និងខាងក្រោយចំនួន២។ ជញ្ជាំងសងខាងពុំមានទ្វារដូចបណ្តាព្រះវិហារផ្សេងៗឡើយ តែមានបង្អួចតូចៗមួយចំនួនជួយឲ្យពន្លឺភ្លឺស្រឡះល្អ និងខ្យល់អាចចេញចូលបានងាយ។ មិនតែប៉ុណ្ណោះនៅជញ្ជាំងខាងមុខមានរចនាសិល្បៈក្បាំងមុខលម្អផង ហើយស៊ុមបង្អួចនិងស៊ុមទ្វារ ទំនងជា បានជួសជុលកែថែមថយក្បាច់ភ្ញីអង្គរដែលជាស្នាដៃសិល្បៈចម្លាក់ថ្មី។
ព្រះវិហារវត្តទ្រាំងអាចចាត់ជាព្រះវិហារជហ្វា៤ ឬគេហៅជាទូទៅថា “ព្រះវិហារបុរាណ” មានស្លាបដំបូល១ជាន់ ប្រក់ក្បឿងស្រកាលេញ ហើយមានហប់ខាងមុខនិងក្រោយ លម្អដោយជហ្វា២នៅចុងដំបូលខាងមុខ ជហ្វា២នៅចុងដំបូលខាងក្រោយ និងក្បាលនាគនៅតាមចុងចែងដំបូល។ បន្ថែមពីលើនេះ ពាក់ព័ន្ធនឹងសំណង់ព្រះវិហារបុរាណខាងលើ ចំណុចគួរឲ្យចាប់អារម្មណ៍ គឺហោជាងនិងក្បាច់លម្អលើហោជាង ដែលគេមើលឃើញថា ក្បាច់ភ្ញីទេសឆ្លាក់ពីឈើ និងកញ្ចក់សំណពណ៌បៃតងល្បាយខៀវចាស់ លម្អជាផ្ទៃនៃហោជាងទាំងពីរ។
បើយកការសិក្សាស្រាវជ្រាវរបស់ Danielle & Dominique-Pierre Guéret ជាគោលគេយល់ថា ព្រះវិហារបុរាណវត្តទ្រាំងកសាងឡើងតាំងពីឆ្នាំ១៩២០ ហើយគំនូរខាងក្នុងព្រះវិហារសាងឡើងក្នុងឆ្នាំ១៩៤០។ ដូច្នេះក្នុងន័យនេះបានសេចក្តីថា ការកសាងព្រះវិហារ និងការសាងគំនូរខាងក្នុងព្រះវិហារ ធ្វើឡើងមុនក្រោយគ្នារយៈពេល២០ឆ្នាំ។ មិនតែប៉ុណ្ណោះគំនូរដែលលើកឡើងថាសាងក្នុងឆ្នាំ១៩៤០ ប្រហែលជាគំនូរឃើញនៅលើពិតានត្រង់ល្វែងគ្រឹះ និងគំនូរលើហប់ខ្យល់សព្វថ្ងៃ។ ប៉ុន្តែគំនូរដទៃផ្សេងទៀតគូរនៅលើជញ្ជាំង ឬគូរនៅលើពិតានដែលឃើញបច្ចុប្បន្ន ជាគំនូរថ្មីសាងក្រោយការជួសជុលព្រះវិហារកាលកន្លងមក។
ផ្នែកខាងក្នុងព្រះវិហា គេឃើញមានសសរឈើពីរជួរអមល្វែងគ្រឹះ និងរបៀងសងខាងស្ថិតនៅជាប់ជញ្ជាំង បង្កើតបានលំហតូចល្មមសមរម្យសម្រាប់ការរៀបចំពិធីបុណ្យទានផ្សេងៗ។ នៅតាមសសរនីមួយៗសុទ្ធតែលម្អដោយរូបនាគព័ន្ធព័ទ្ធរុំសសរពីលើចុះមកក្រោម។ បច្ចុប្បន្ននៅផ្នែកខាងក្នុងព្រះវិហារនេះដែរ គំនូរលើជញ្ជាំងជុំវិញជាគំនូរថ្មីរៀបរាប់រឿងពុទ្ធប្រវត្តិ និងរឿងជាតកនានាដូចបណ្តាព្រះវិហារដទៃ។ មិនតែប៉ុណ្ណោះចំពោះគំនូរពិតានខាងលើរបៀងទាំងសងខាង ក៏ប្រហែលជាគំនូរថ្មីសាងឡើងក្រោយជួសជុលព្រះវិហារ ដូចបានបញ្ជាក់មកខ្លះពីខាងដើម។ រីឯព្រះជីវធំក្នុងព្រះវិហារ ក៏បានជួសជុល និងសាងឡើងជាថ្មីក្នុងឆ្នាំ១៩៨១ដែរ ពោលគឺជាព្រះបដិមាថ្មីសាងក្រោយសម័យសង្រ្គាម។
ដោយឡែកចំពោះសិល្បៈលម្អលើធ្នឹមឈើខាងក្នុងព្រះវិហារ គឺជាក្បាច់ទឹបមាស ដែលប្រហែលជាក្បាច់បុរាណនៅសេសសល់តាំងពីដើមមក។ សិល្បៈទឹបមាសបែបនេះ គេឃើញមានសេសសល់មិនច្រើនឡើយលើសំណង់មកដល់បច្ចុប្បន្ន ហើយជាសិល្បៈដែលនិយមនៅដើមសតវត្សរ៍ទី២០។ ចំណែកគំនូរពិតានលើល្វែងគ្រឹះ ជាពិតានឈើដែលសល់មកតាំងពីដើម ហើយគំនូរបង្ហាញពីសាច់រឿងផ្សេងៗ និងគំនូរព្រះអាទិត្យព្រះចន្រ្ទ។ គំនូរលើពិតាននេះ មានសាច់រឿងព្រះមាល័យទេសនានៅឋានតាវត្តឹង្ស ដែលពុំសូវមានអ្នកចាប់អារម្មណ៍ពីមុនមកទេ។ គំនូរនេះភាគច្រើនគេគូរព្រះចូឡាមណីចេតិយនៅចំកណ្តាល មានទេវតាច្រើនអង្គប្រជុំគ្នាខាងមុខព្រះចូឡាមណីចេតិយ ដើម្បីថ្វាយបង្គំ បូជាទៀនធូប ផ្កាភ្ញី និងសណ្តាប់ព្រះមាល័យទេសនា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅទៀត គឺឥរិយាបថព្រះមាល័យកាន់តាលបណ្ណ(ផ្លិតស្លឹកត្នោត)នៅព្រះហស្តម្ខាង និងព្រះហស្តម្ខាងទៀតចង្អុលឡើងលើ។ រីឯគំនូរតូចៗនៅតាមហប់ខ្យល់ជុំវិញនោះវិញ គូររៀបរាប់រឿងពុទ្ធប្រវត្តិដែលចាប់ផ្តើមពីចំហៀងខាងត្បូងត្រង់ចុងខាងកើត។
ជារួមមក ព្រះវិហារបុរាណវត្តទ្រាំង គឺជាសំណង់ដែលនៅសេសសល់ស្លាកស្នាមសិល្បៈចាស់ប្រមាណជាង១០០ឆ្នាំមុន។ គ្រឿងបង្គុំឈើ និងក្បាច់លម្អខ្លះបានជួសជុលជាបន្តបន្ទាប់ ហើយមួយផ្នែកនៅរក្សាបានទម្រង់សិល្បៈដើមគួរឲ្យកត់សម្គាល់។ លើសពីនេះ សាច់រឿងគំនូរខ្លះក្នុងព្រះវិហារវត្តទ្រាំង ជាសាច់រឿងកម្រឃើញលើកមកគូរនៅតាមព្រះវិហារផ្សេងៗ៕














អត្ថបទដោយ៖ ហៀន សុវណ្ណមរកត





