តាមចំណាំទំនៀមអ្នកស្រុកតំបន់អង្គរ បន្ទាប់ពីប្រមូលផលស្រូវរួចរាល់គេតែងចាប់ផ្តើមរៀបចំកិច្ចឬពិធី តូចឬធំ នៅក្នុងភូមិឬតាមផ្ទះរៀងៗខ្លួន ចាប់ពីខែមាឃឬហៅម្យ៉ាងទៀតថាមាឃធំ។ ពិធីដែលឃើញប្រារព្ធស្ទើរគ្រប់ភូមិនាដើមខែនោះគឺ “ពិធីឡើងមាឃ” ឬ “៣កើតមាឃធំ”។ ពិធីនេះហាក់ដូចជាសញ្ញាថាវដ្ដនៃរដូវធ្វើស្រែបានបញ្ចប់ ហើយដែលអ្នកស្រុកតែងសាទរភោគផលផ្សេងៗ ជាពិសេសគឺផល “ស្រូវ” ដោយរៀបចំពិធីឡើងមាឃ ឬពូនភ្នំស្រូវ ឬឡើងអ្នកតា។ ដើម្បីដំណើរការនៃទំនៀមទាំងនេះ អ្នកស្រុកតំបន់អង្គរនៅរក្សាទម្លាប់តជាប់មកតាមចំណាំគឺ “ចាប់ត្រីក្នុងត្រពាំងរួម” នៅក្នុងភូមិសម្រាប់ចាត់ចែងជាម្ហូបអាហារ ឱ្យសម្បូរសប្បាយក្នុងដំណើរពិធីតាំងពីដើមរហូតចប់ ដូចរៀបរាប់ខាងលើ ហើយដែលជួនកាលនៅក្នុងភូមិខ្លះគេនាំគ្នាខ្វាយខ្វល់ ចាត់ចែងរៀបចំចង្ហាន់ប្រគេនព្រះសង្ឃផងហៅថា “ឆាន់ឡើងមាឃ”។ ចំពោះទម្លាប់ចាប់ត្រីក្នុងត្រពាំងរួម គេមានឃើញច្រើនភូមិគួរសមដែរនៅជុំវិញតំបន់អង្គរ តែក្នុងអត្ថបទនេះខ្ញុំលើកបង្ហាញនៅភូមិបង្កោង និងភូមិក្បាលដំរី ក្នុងខេត្តសៀមរាប ដែលខ្ញុំធ្លាប់បានឃើញដោយចៃដន្យ និងបានជជែកសួរនាំអ្នកស្រុកខ្លះៗទុកជាការស្វែងយល់។
ភូមិបង្កោង ស្ថិតនៅភាគខាងកើតតំបន់អង្គរ នៅក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយបច្ចុប្បន្នគេស្គាល់ភូមិនេះច្បាស់ ដ្បិតមានការផ្សព្វផ្សាយអំពីទំនៀមចាប់ត្រីក្នុងត្រពាំងរួមគ្នាយ៉ាងល្បីល្បាញលើបណ្តាញសង្គម។ ប៉ុន្តែនៅក្នុងក្រសែភ្នែកអ្នកស្រាវជ្រាវ គេយល់ថាបង្កោងជាភូមិបុរាណ ដោយមានការលើកឡើងពីសិលាចារឹកស.វ.ទី៩ នៅតំបន់រលួសមានពាក្យ “វកោង”។ លើសពីនោះគេឃើញមានតឹកតាំងសំណល់ឡកុលាលភាជន៍សម័យបុរាណនៅជុំវិញតំបន់នោះផង។ មិនតែប៉ុណ្ណោះ ត្រពាំងដែលអ្នកភូមិតែងចាប់ត្រីរួមគ្នានោះឈ្មោះថា “ត្រពាំងបឹង” ឬពីមុនអ្នកខ្លះហៅថា“ត្រពាំងសារាយ” មានខ្ទមអ្នកតាខាងកើតមាត់ត្រពាំងឈ្មោះ “អ្នកតាប្រសិទ្ធធ្នូ(ឬអ្នកតាបឹង)” និង“អ្នកតាដេកផ្ញារ” ដែលជាថ្មគោលមានឆ្លាក់រូបព្រះពុទ្ធទាំងបួនជ្រុង ស្ថិតនៅក្នុងទឹកត្រពាំងសព្វថ្ងៃ។
ដូចបានបញ្ជាក់ខាងដើមស្រេចមកថា ទម្លាប់ចាប់ត្រីនៅក្នុងត្រពាំងបឹងនេះ គឺដើម្បីយកទៅរៀបចំចាត់ចែងធ្វើបុណ្យឡើងមាឃ។ ប៉ុន្តែចំពោះពិធីឡើងមាឃនៅភូមិបង្កោងពុំកំណត់យកថ្ងៃជាក់លាក់ ឬយកចំថ្ងៃ៣កើត ខែមាឃ ដូចភូមិដទៃទេ ដ្បិតមានហេតុផលខ្លះបញ្ជាក់ថា អាស្រ័យលើការមូលមាត់ក្នុងភូមិ និងអាស្រ័យលើទឹកត្រពាំងស្រកអាចចុះចាប់ត្រីបានឬអត់ តែពុំដែលរំលងហួសដាច់ខែមាឃឡើយ។ ជាច្បាប់ទម្លាប់ផ្ទៃក្នុង អ្នកភូមិមូលមាត់កំណត់គ្នាចាប់ពីខែទឹកឡើងរហូតមកដល់មុនថ្ងៃឡើងមាឃ គឺក្នុងរយៈពេលប៉ុន្មានខែនេះ គ្មាននរណាមានសិទ្ធិរកត្រីទាំងអស់នៅក្នុងត្រពាំងនោះ។ លុះដល់មុនថ្ងៃប្រារព្ធពិធីមួយថ្ងៃ អ្នកភូមិនាំគ្នាក្រោកពីព្រលឹមស្រាងៗ ទៅជួបជុំគា្ននៅមាត់ត្រពាំងរង់ចាំស្តាប់សញ្ញាដែលមេភូមិអនុញ្ញាតឲ្យចុះចាប់ត្រី។
តាមទម្លាប់អ្នកភូមិតែងចុះចាប់ត្រីនៅក្នុងត្រពាំងបឹងពេញមួយថ្ងៃ ដើម្បីធ្វើម្ហូប ជាពិសេសធ្វើសម្លនំបញ្ចុកប្រគេនព្រះសង្ឃក្នុងថ្ងៃបន្ទាប់។ ការចុះចាប់ត្រីនោះ គេអនុញ្ញាតឱ្យតែអ្នកភូមិប៉ុណ្ណោះ អ្នកចម្ងាយពុំអនុញ្ញាតឡើយ ហើយគេឱ្យប្រើតែឧបករណ៍សាមញ្ញមួយចំនួនដូចជា សំណាញ់ មង អង្រុត និងឈ្នាងជាដើម។ ត្រីមួយភាគដែលម្នាក់ៗរកបានគេអនុញ្ញាតឱ្យយកទៅផ្ទះរៀងៗខ្លួន ប៉ុន្តែនៅនាទីចុងក្រោយដែលគេរើសម្រាស់នៅកណ្តាលត្រពាំងនោះ គឺចាប់បានទុកជាត្រីរួមសម្រាប់ចាត់ចែងធ្វើម្ហូបនៅសាលាបុណ្យ។
ដោយឡែកចំពោះទម្លាប់ចាប់ត្រីរបស់អ្នកភូមិក្បាលដំរី ហាក់ពុំមានសភាពគគ្រឹកគគ្រេងដូចភូមិបង្កោងឡើយ។ ភូមិក្បាលដំរី (ឬភូមិសំបួរ) ស្ថិតក្នុងឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ អ្នកភូមិទាំងនេះតែងចាប់ត្រីក្នុងត្រពាំងរួមប្រចាំភូមិ នៅក្នុងដើមខែមាឃ ឬអាចនិយាយថាចុះចាប់ត្រីមុនភូមិបង្កោង។ នៅភូមិក្បាលដំរី គេចុះចាប់ត្រីក្នុងត្រពាំងរួមឈ្មោះ “ត្រពាំងក្បាលដំរី” ដែលស្ថិតនៅកណ្តាលភូមិ ហើយភាគច្រើនមានតែមនុស្សប្រុសប្រហែល២០ទៅ៣០នាក់ប៉ុណ្ណោះដែលចេញមុខចុះចាប់ត្រីរួម។ ការចាប់ត្រីនេះ ភាគច្រើនគេមូលមាត់គ្នាចុះចាប់ត្រីថ្ងៃ២កើត ខែមាឃ ដើម្បីត្រៀមយកធ្វើម្ហូបក្នុងពិធីឡើងមាឃនៅថ្ងៃទី៣ កើត។ ទំនៀមអ្នកភូមិនេះ ច្រើនធ្វើកិច្ចឡើងមាឃនៅខ្ទមអ្នកតាឈ្មោះ “តាគង់យាយរ័ត្ន” ស្ថិតនៅមាត់ត្រពាំងខាងកើត។
កិច្ចឡើងមាឃនៅភូមិក្បាលដំរី គេគ្រាន់តែសែនបាយសម្លរ នំបញ្ចុក នំកប់ស្ករ នំអន្សមក្បុង និងសែនស្រូវប៉ុណ្ណោះ។ បន្ទាប់ពីសែនរួច ចាប់ពីពេលព្រលប់ទៅគេធ្វើពិធីលៀងមេមត់ប្រចាំឆ្នាំនៅតាមក្រុមផ្ទះប្រហែលពីរបីកន្លែង រហូតម៉ោងទៀបភ្លឺចប់ក៏មាន។ សូមបញ្ជាក់ថា “មេមត់” ជាខ្មោចជួរចំបួរប្រចាំត្រកូល ហើយមាន “រូបស្នង” ដែលភាគច្រើនជាមនុស្សស្រី។ “រូបស្នង” ដើរតួនាទីសំខាន់ក្នុងកិច្ចបញ្ជាន់មេមត់រកហេតុនៃវិបត្តិតូចធំ ដែលកើតឡើងផ្ទាល់ខ្លួន ឬក្នុងគ្រួសារ ឬតាមការពឹងពរពីអ្នកស្រុកជិតឆ្ងាយឱ្យជួយព្យាបាល ស្តោះផ្លុំ ឬរកទ្រព្យរបស់ដែលបាត់។
សង្ខេបខ្លីមកទម្លាប់ចាប់ត្រីនៅតាមត្រពាំងរួមក្នុងភូមិបង្កោង និងភូមិក្បាលដំរី នៃតំបន់អង្គរ ខេត្តសៀមរាប ដែលលើកមកនិយាយនេះ ស្តែងឱ្យឃើញពីសារៈសំខាន់នៃការរក្សាសម្បត្តិរួមគ្នាក្នុងសហគមន៍ និងចាត់ចែងដើម្បីរក្សាទំនៀមទម្លាប់តមក។ ចំពោះផលត្រីដែលទទួលបាន សម្រាប់បម្រើសេចក្តីត្រូវការរបស់អ្នកភូមិ ដែលខ្វាយខ្វល់ធ្វើកិច្ច ឬពិធីផ្សេងទៀតជាបន្ទាប់ដូចជាប្រគេនចង្ហាន់ព្រះសង្ឃ ទទួលភ្ញៀវជិតឆ្ងាយ និងកិច្ចការហូបចុកតាមគ្រួសារនារដូវបិទបញ្ចប់វដ្តធ្វើស្រែ។ សូមរម្លឹកថា បើមិនមានអ្វីប្រែប្រួលនោះទេ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ពិធីចាប់ត្រីត្រពាំងបឹង ក្នុងភូមិបង្កោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦៕










អត្ថបទដោយ៖ ហៀន សុវណ្ណមរកត





