ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកប្រាសាទខ្នារ ខេត្តឧត្តរមានជ័យ

សិលាចារឹកប្រាសាទខ្នារ ខេត្តឧត្តរមានជ័យ

ប្រាសាទខ្នារ មានទីតាំងស្ថិតនៅតាមបណ្តោយខ្នងភ្នំដងរែក ព្រំដែនខ្មែរ-សៀម ត្រង់ភូមិសាស្រ្តភូមិត្រពាំងម្អមសែនជ័យ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលជាប់ព្រំប្រទល់ជាមួយស្រុកកាប់ជើង ខេត្តសុរិន្ទ្រ ប្រទេសសៀម។ ប្រាសាទនេះ អាចរាប់បញ្ចូលថាជាប្រាសាទមានទំហំធំមួយ សង់អំពីថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋ ដែលមានប្រាង្គសរុបចំនួន ៥ បែរមុខទៅទិសខាងកើត និងមានអគារបណ្ណាល័យចំនួន ២ បែរមុខទៅរកប្រាសាទ ហើយទំនងជាទេវស្ថានព្រហ្មញ្ញសាសនាដែលសង់នៅរវាងស.វ.ទី១០-១១។ ទោះបីជាប្រាង្គនីមួយៗដែលសង់អំពីឥដ្ឋបានបាក់បែកទាំងស្រុង និងនៅសល់តែកំពែងថ្មបាយក្រៀមយ៉ាងនេះក្តី ក៏មាននៅសេសសល់គ្រឿងបង្គុំផ្សេងៗនៃប្រាសាទមួយចំនួនដូចជា ផ្តែរ សសរពេជ្រ ជើងទម្រ និងសិលាចារឹកមួយផ្ទាំង​ផងដែរ។  តើសិលាចារឹករកឃើញនៅប្រាសាទខ្នារ មានខ្លឹមសារ និងអត្ថន័យយ៉ាងដូចម្តេចខ្លះ?

សិលាចារឹកនេះ ចារឹកនៅលើបន្ទះថ្មភក់មេទ្វារ កំពុងរក្សាទុកនៅទីតាំងដើម ប៉ុន្តែបានបាក់បែកត្រង់ផ្នែកខាងលើ និងនៅសល់តែអក្សរចំនួន ៩ បន្ទាត់ប៉ុណ្ណោះ។ ដោយសារតែភាពរេចរឹល និងបាត់អក្សរមួយចំនួន យើងពិបាកក្នុងការអានខ្លឹមសារទាំងមូលណាស់ តែយ៉ាងណាយើងនៅអាចកំណត់ខ្លឹមសារសង្ខេបជារួមរបស់សិលាចារឹកនេះបាន។ នៅត្រង់បន្ទាត់ខាងលើ នៅមានបន្សល់ឃ្លាមួយចំនួន “ធូលីជើងវ្រះកម្រតេងអញ” ដែលអាចសន្និដ្ឋានថា ជាព្រះរាជសាសន៍ (រាជឱង្ការត្រាស់បង្គាប់បញ្ជារបស់ព្រះរាជា) ដល់មន្រ្តីណាម្នាក់ ឬឥស្សរជននយោបាយណាមួយ ដើម្បីឱ្យមកសាងសង់សំណង់ទេវស្ថាន ឬនាំយកតង្វាយជាមូលនិធិសម្រាប់ទ្រទ្រង់ទេវស្ថាននេះ។ រីឯអក្សរដែលអាចមើលបាននៅផ្នែកខាងក្រោម គឺសុទ្ធសឹងជាគ្រឿងតង្វាយ និងឯកតារង្វាស់        រង្វាល់ ដូចជា សម្លៀកបំពាក់ ជាដើម។

អត្ថបទចារឹក

១.        ……………តធូលីជេងវ្រះ

២.        កម្រតេង​អញ

៣.       តិប្រេតំកល្លកល្បនា

៤.        រោហបូវ៌្វក្សត្រ…….

៥.        ចាំនាំអ្នកថ្វេ ……..សង

៦.        គោលទៃតិលេ

៧.        យចន្ល្យក១លិង ….

៨.        តិលេយ ..មាន ..

៩.        ង

ជារួមមក ទោះបីសិលាចារឹករកឃើញប្រាសាទខ្នារ ខេត្តឧត្តរមានជ័យ បានបាក់បែកផ្នែកខាងលើ និងបាត់បង់អក្សរចារឹកជាច្រើនក្តី សំណេរដែលនៅសល់បានប្រាប់ឱ្យយើងដឹងអំពីព្រះរាជឱង្ការត្រាស់បញ្ជារបស់ព្រះរាជា បង្គាប់ដល់ឥស្សរជននយោបាយណាម្នាក់ ដែលប្រហែលបញ្ជាឱ្យកសាង ឬថ្វាយតង្វាយចំពោះទេវស្ថាន។ ពោល ជារួមមក ខ្លឹមសារគឺឃ្លាតមិនឆ្ងាយអំពីការធ្វើបុណ្យ និងការមានជំនឿចំពោះទេវស្ថានសាសនា។

———-

This article examines the new inscription found in Prasat Khnar, a 10th-11th century Hindu temple complex located in Oddar Meanchey Province. This inscription is engraved upon a doorjamb, though the upper portion is currently damaged, leaving only nine lines of extant text. The general content likely recounts a royal decree (rājaśāsana) issued by the King, commanding a specific official to undertake the construction of, or to present offerings to, a sacred sanctuary.

អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,000SubscribersSubscribe
- Advertisement -spot_img