ប្រាសាទព្រះស្រី មានទីតាំងស្ថិតនៅភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលស្ថិតនៅភាគអាគ្នេយ៍ប្រាសាទសក្លចម្ងាយប្រមាណ ២ គីឡូម៉ែត្រ និងស្ថិតនៅខាងកើតភ្នំទូកមាស។ កាលពីរវាងដើមស.វ.ទី២០ មានអ្នកស្រាវជ្រាវអឺរ៉ុបជាច្រើនបានសិក្សាជាបន្តបន្ទាប់អំពីប្រាសាទនេះ ជាក់ស្តែង ដូចជា លោក អេជែន អៃម៉ូញ៉េ លោក លូណេត ដឺឡឺហ្សង់ព្យ៊ែរ លោក ហង់រី ប៉ាម៉ង់ចេ លោកស្រី មីរ៉ៃលេ បេនីស្ទិ ជាដើម។ កន្លងមក គេមិនធ្លាប់ប្រទះឃើញសិលាចារឹកនៅប្រាសាទព្រះស្រីឡើយ ម្ល៉ោះហើយ គេអាចសន្និដ្ឋានថាប្រាសាទនេះសាងសង់ឡើងនៅរវាងចុងស.វ.ទី៧ ឬដើមស.វ.ទី៨ គឺយោងទៅលើការសិក្សាប្រៀបធៀបប្លង់ស្ថាបត្យកម្ម និងក្បាច់លម្អប្រាសាទ។ ប៉ុន្តែ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ គេបានប្រទះឃើញសិលាចារឹកថ្មីមួយផ្ទាំងនៅប្រាសាទព្រះស្រី ដែលអាចចាត់ទុកថាជាភស្តុតាងថ្មីមួយទៀតបញ្ជាក់ឱ្យឃើញអំពីព្រឹត្តិការណ៍នានាពាក់ព័ន្ធជាមួយប្រាសាទ។ តើសិលាចារឹករកឃើញថ្មីនេះមានខ្លឹមសារ និងអត្ថន័យយ៉ាងដូចម្តេចខ្លះ?
យោងតាមរបាយការណ៍របស់ ឯកឧត្តម អ៊ុក សុខា បានបញ្ជាក់ថា សិលាចារឹកនេះរកឃើញដោយក្រុមការងារនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅបន្ទប់គភ៌គ្រឹះប្រាសាទព្រះស្រី ក្នុងពេលកំណាយសំអាត ដើម្បីជួសជុលប្រាសាទទាំងមូល។ ក្រៅអំពីសិលាចារឹកនេះ តាមរយៈកំណាយគេបានរកឃើញបំណែកបដិមាធ្វើអំពីថ្មភក់ បំណែកព្រះពុទ្ធរូបធ្វើអំពីសំរឹទ្ធ។ សិលាចារឹកដែលបានរកឃើញនេះ ជាប្រភេទបង្គោលសីមាថ្មភក់ នាសម័យមុនអង្គរ ដែលមានបណ្តោយប្រវែង ៣០ស.ម. ទទឹងប្រវែង ២៥ស.ម. និងកម្រាស់ប្រវែង ៥ស.ម.។ ក្រោយពីរកឃើញ គេបានយកប្រគល់វត្ថុសិល្បៈនានាជូនដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង រីឯសិលាចារឹកគេបានយកមកប្រគល់ជូនសារមន្ទីរជាតិកម្ពុជា នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីរក្សាទុក និងសិក្សាបន្ថែម។
សិលាចារឹករកឃើញថ្មីនេះ ចារឹកនៅលើបន្ទះថ្មភក់នៅត្រង់ផ្នែកទាំងពីរ តែសំណេរមានលក្ខណៈមិនពេញលេញនោះទេ ពោល គឺនៅសេសសល់តែបំណែកខាងស្តាំតែប៉ុណ្ណោះ។ អក្សរចារឹកនៅត្រង់ផ្នែកទាំងពីរ ទំនងបានបង្ហាញយ៉ាងច្បាស់អំពីសម័យកាលនៅត្រង់ផ្នែកខាងលើ ប៉ុន្តែថ្មបែកបាក់រលុបអក្សរទាំងស្រុង។ រីឯអក្សរដែលអាចនៅអានបាន គឺចាប់ពីបន្ទាត់ទី៤ រហូតដល់បន្ទាត់ទី១០។ ផ្នែកដែលនៅសេសសល់ទាំងនេះ គឺសុទ្ធសឹងជាបញ្ជីឈ្មោះអ្នកបម្រើ ដែលទំនងជាតតង្វាយរបស់ព្រះមហាក្សត្រ ឬឥស្សរជនជាន់ខ្ពស់ណាម្នាក់ ឬច្រើននាក់ ថ្វាយជូនដល់ទេវស្ថាន ប៉ុន្តែនាមម្ចាស់អំណោយ រួមទាំងនាមទេវស្ថានបានរលុបបាត់នៅបំណែកម្ខាងទៀត។
ក្នុងចំណោមបញ្ជីឈ្មោះអ្នកបម្រើទាំងនោះ គឺសុទ្ធសឹងជាអ្នកបម្រើភេទប្រុស ព្រោះមានពាក្យសម្គាល់ថា “វ” (បុរស) ដែលជារឿយៗនៅសម័យមុនអង្គរ សិលាចារឹកភាគច្រើនតែងសរសេរថា “វា” ដែលជាគូនឹងអ្នកបម្រើភេទស្រីថា “កុ”។ នរនាមសម្រាប់សម្គាល់អ្នកបម្រើប្រុសថា “វ” ច្រើនប្រើនៅដើមស.វ.ទី៧ រហូតដល់ពាក់កណ្តាលស.វ.ទី៧។ ហេតុដូច្នេះ ផ្នែកទី១នេះយ៉ាងហោចណាស់ ប្រហែលចារឹកនៅពាក់កណ្តាលស.វ.ទី៧ ឬអាចស្ថិតនៅរជ្ជកាលព្រះបាទស្រីឦសានវម៌្មទី១ ព្រោះក្នុងរាជ្យរបស់ទ្រង់នរនាមសម្គាល់បុរសមានប្រើទាំងពាក្យ “វ” និង “វា”។ ត្រង់ផ្នែកខាងចុងរបស់សិលាចារឹកនេះបានបញ្ជាក់ឱ្យឃើញអំពីចំនួនសរុបនៃអ្នកបម្រើនៅទេវស្ថាននេះ ពោល គឺមានចំនួន ៣០ នាក់។ គួរកត់សម្គាល់នោះ នៅផ្នែកទី១នៃសិលាចារឹករកឃើញថ្មីនេះ មានអក្ខរាវិរុទ្ធបុរាណភាពជាងនៅត្រង់ផ្នែកទី២។ ដោយសារតែផ្នែកទី២ បានរលុបនៅត្រង់ប៉ែកខាងស្តាំនៃសំណេរ ដែលនាំឱ្យបាត់ទិន្នន័យដែលបញ្ជាក់អំពីកាលបរិច្ឆេទ ប៉ុន្តែអ្វីដែលនៅសេសសល់បានបង្ហាញថា សំណេរនេះចារឹកឡើងនៅក្នុងខែខ្នើត (កេត=កើត) ខែផល្គុណ ចំថ្ងៃអង្គារ។ ផ្នែកទី២ ទំនងចារឹកនៅក្រោយផ្នែកទី១ ដែលជាប្រភេទអក្សរជ្រៀងបែបស.វ.ទី៨ ដោយមាននៅសេសសល់ពាក្យមួយចំនួនដូចជា “ត រាជ ប្រេ” ពោល គឺជាព្រះរាជសាសន៍ត្រាស់បង្គាប់ប្រើរបស់ព្រះមហាក្សត្រ ហើយដែលអាចឱ្យយើងសន្និដ្ឋានថា សិលាចារឹកនេះទំនងជារាជ្យតម្រាស់ណែនាំដល់មន្រ្តី ឬឥស្សរជនណាម្នាក់ឱ្យមកធ្វើអំណោយ ឬអភិវឌ្ឍន៍ដល់ទេវស្ថាននេះ។
អត្ថបទចារឹក
ជ្រុងទី១
ផ្នែកខាងលើអាចមានចារឹកអក្សរចន្លោះ៣ ឬ៤បន្ទាត់ តែបែកថ្មបាត់ទាំងស្រុង
៤. [ជ្មះ គេ ក្ញុំ ឃោ]ទ វ ………………………………….
៥. [វ ធ]ម៌្មា១ វ បញ្ចមី១…………………………………
៦. ញ្ច………. [វ ប]ញ្ចមី១ វ វិតក៌្ក១ វ កញ្ចោង៑១ វ…………
៧. វ វ្រជ្រ…១ វ បដិហត៑១ វា ស្ថុរ៑១ វ..រោ…………………..
៨. វ បញ្ចមី១ វ កញ្ចោង៑១ វ ក្ចិ១ វ ចន្ចាន៑១ វ …………….
៩. វ ធនមន៑១ បិណ្ឌគេ ២០-១០ ចំទក៑ វ ប……………..
១០. …………
ជ្រុងទី២
១. ……កេត ផល្គុន អង្គារ ទិន..
២. ……គេ ត អញ៑ នុ សំគម អ្នក និ
៣. …..អ្មុះ ឆ្នាំ ត រាជ ប្រេ ឆ្នាំ ….៤
៤. …….តេ តិក៑ វ្នះ ម្វាយ៑ វ្វត្ត គ្រប
(៥.៩.) រលុបបាត់
១០. ………………….កន្តស
១១. ……………………..តិន កាង
ជារួមមក សិលាចារឹករកឃើញថ្មីនៅប្រាសាទព្រះស្រី ខេត្តកំពង់ឆ្នាំង គឺបានផ្តល់ព័ត៌មានច្រើនបន្ថែមពីលើសំណង់ដែលកំពុងមានស្រាប់។ ទោះបីសំណេរមួយភាគធំបានរលុបអក្សរអស់ទៅហើយ ក៏ផ្នែកដែលនៅសល់បានរៀបរាប់ឱ្យដឹងអំពីឈ្មោះ និងចំនួនអ្នកបម្រើរបស់ទេវស្ថាននេះ ដែលអាចជាតង្វាយរបស់ព្រះមហាក្សត្រ ឬឥស្សរជនជាន់ខ្ពស់ណាម្នាក់។





——————
This new inscription was found in Prasat Preah Srei temple in Kampong Chhnang province. The inscription is written on the lotus boundary maker (sandstone). It is inscribed with ancient Khmer script and consists of 2 sides. The inscription dates back to the half 7th and the early 8th centuries. Since many of the letters of this inscription have been erased, what remains is a list of names of male servants of the temple.
អត្ថបទដោយ៖ កំ វណ្ណារ៉ា





