ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿខ្លែងឯកក្នុងសង្គម វប្បធម៌ និងសិល្បៈ

ខ្លែងឯកក្នុងសង្គម វប្បធម៌ និងសិល្បៈ

ក្នុងសង្គមខ្មែរ “ខ្លែង” មានសណ្ឋានច្រើន​បែបយ៉ាងណាស់ អាស្រ័យទៅតាមគំនិត​និង​សិល្បៈ​ច្នៃប្រតិដ្ឋបង្កើតឡើងប្រកបដោយ​ចំណេះ​ចេះតជំនាន់មក។ បើនិយាយត្រឹមតែខ្លែងសម្រាប់បង្ហើរជាល្បែងកម្សាន្តលេងម្ដងម្កាល វត្ថុនោះសាមញ្ញធម្មតា ហើយ​ក្មេងទូទៅនៅតាមស្រុកស្រែជនបទក៏អាចធ្វើសម្រាប់លេង​ដោយ​ខ្លួនឯង​បានដែរ ដ្បិត​គេ​អាច​យល់​អំពី​របប​ខ្យល់​បក់ កម្លាំង​ខ្យល់ និង​ទិស​ខ្យល់​ជាដើម។ ប៉ុន្តែបើនិយាយចំពោះ​ប្រភេទ​ខ្លែងម្យ៉ាងហៅ​ថា “ខ្លែងឯក” គឺមានលក្ខណៈពិសេសផ្សេងដោយឡែក​ក្នុងវប្បធម៌ខ្មែរ ​​បើ​​ធៀប​នឹង​​​ខ្លែងទូទៅធម្មតា ឬខ្លែង​​​បរទេស​​​​នានា​។ ពោល​គឺ​ខុស​គ្នា​លើ​ផ្នែក​​រូប​រាង វិធី​ធ្វើ​ រដូវ​កាល​លេង និង​ជា​ពិសេស​គឺ​ ជំនឿ ព្រម​ទាំង​​ប្រពៃណី​​ជាប់​នឹង​ខ្លែង​។

ពាក់ព័ន្ធកំណើតខ្លែងឯកនេះ គ្មានឯកសារណាកំណត់ច្បាស់លាស់ ថាមានឡើង​​តាំងពីត្រឹមណាមកឡើយ ដ្បិតខ្លែង​ឯកអាច​ចាត់​ទុក​បានជាមត៌ក ដែលមានជីវិតដិតជាប់នឹងសង្គមខ្មែរ​រាប់តំណត​មក។ ប៉ុន្តែក្នុងគ្រាខ្លះ គេអាចលើកការនិទានផ្សេងៗមករៀបរាប់បញ្ចប់​ចម្ងល់​ពាក់ព័ន្ធនឹងកំណើតខ្លែងឯក​។ ជាក់​​ស្តែងអ្នកខ្លះ​យល់ថារឿង​​ធ្នញ្ជ័យ ក៏​ជា​ប្រវត្តិ​​បង្កើត​ខ្លែង​ដែរ​ គ្រា​ដែល​​ស្តេច​ស្រុក​ចិន​ចាប់ធ្នញ្ជ័យ​​​ដាក់​​គុក​សំរឹទ្ធ​។​ ​នៅ​ក្នុង​ពេលនោះធ្នញ្ជ័យ​កើតប្រាជ្ញាធ្វើខ្លែងឯក​បង្ហោះរាល់យប់ រហូតស្តេចចិន​យល់ថាជា​ហេតុ​មិន​ល្អក្នុងនគរ ក៏បានដោះលែង​ធ្នញ្ជ័យវិញ។ យោង​​ឯក​សារ​​របស់​​ព្រឹទ្ធា​ចារ្យ​​ មៀច ប៉ុណ្ណ​ ​​​​មាន​រឿង​មួយ​​និទាន​ថា​មាន​ព្រះ​​រាជា​មួយ​អង្គ​ទ្រង់​បាន​យក​ទង់​ព្រលឹង​របស់​​ព្រះ​រាម​ដែល​សោយ​ទិវង្គត​​ ទៅ​ធ្វើជា​​ខ្លែង​ បំណង​ឱ្យ​ព្រលឹង​របស់​ព្រះ​រាម​​បាន​​ទៅ​កើត​នៅ​ឋាន​សួគ៌។ ចំណែក​​​​និទាន​មួយ​​​ទៀត​បាន​បង្ហាញ​ដោយ​ឡែក​យ៉ាង​ដូច្នេះ​ថា ដើម​ឡើយ​មាន​ជន​ជាតិ​ភាគ​តិច​ម្នាក់​​ឈ្មោះ​ កាលែង​ពោ​នង​ បាន​ធ្វើ​​​​ខ្លែង​ឱ្យ​ចៅ​លេងកម្សាន្ត​។ ដោយ​ពុំ​ដឹង​​ហៅ​ឈ្មោះ​​ខ្លែង​នោះ​​យ៉ាង​ដូច​ម្តេច​ អ្នក​ស្រុក​​​ក៏​ហៅ​តាម​ឈ្មោះ​តា​​​ម្ចាស់​​ខ្លែង​នោះ​តែ​ម្តង​។ ចំណេរ​ក្រោយ​មក​សំនៀង​អាន​​ថា​ “​កាលែង​ពោនង​” ក៏​​ក្លាយ​​ជា​​​ “​ខ្លែង​ព្នង​” ដែល​ជា​ឈ្មោះ​​ខ្លែង​មួយ​បែបទៀត​ហៅ​សំដៅ​ “ខ្លែង​ឯក”។

តាមរយៈនិទាន​ខាង​លើ​​ស្តែង​ឱ្យ​ឃើញ​ថា ​​​ទោះ​បី​ពុំ​មា​ន​ឯក​សារ​ជាក់​លាក់​​បង្ហាញ​ថា​ខ្លែង​ឯក​​កើត​ឡើង​ក្នុង​សម័យ​ណា​ក៏​ដោយ​  ​តែខ្លែងឯកតែង​ស្ថិតក្នុង​ចិត្ត​​​អ្នកស្រុក​​​ជា​និច្ចរៀង​មក​។ បើក្នុង​ព្រះរាជពិធី​ទ្វាទសមាស បាន​ចអង្អុល​​ឯកសារ​៣ ពាក់​ព័ន្ធ​នឹង​​ព្រះរាជពិធី​បង្ហើរ​ខ្លែង​​ប្រារព្ធ​នៅក្នុង​ខែ​មិគសិរ។ ឯកសារទី​១ គឺ “ព្រះរាជពង្សាតារ​ប្រទេសកម្ពុជា​រជ្ជកាល​ព្រះ​បាទ​ហរិរក្ស​(ព្រះបរមកោដ្ឋ)” របស់​ឧកញ៉ា​យោមរាជ ឈុន នៅ​​វិជ្ជា​ស្ថាន​ពុទ្ធសាសន​បណ្ឌិត លេខ​គ-​២៨។ ឯកសារ​ទី២ គឺ​​ “ទំនៀម​ខ្មែរ”​ របស់​ឧកញ៉ា​វង្សាឧទ័យ អតីត​ចៅហ្វា​ស្រុក​ស្ទោង​(កំពង់ធំ) និង​ឯកសារ​ទី​៣ គឺ​ “ព្រះរាជ​ពិធី​ទ្វា​ទសមាស​” របស់​ឧកញ៉ា​​​មហា​មន្រ្តី ល្មុត ចាង​ហ្វាង​​ក្រុម​ព្រះរាជ​មន្ទីរ ហើយ​ដែល​ឯកសា​រទាំង​៣នេះ​​មាន​សេចក្តីថា​ខែមិគសិរ បង្ហើរ​ខ្លែងថ្វាយ​​ព្រះ​ចូឡា​មណីចេតិយ ​បញ្ចុះ​ព្រះកេសធាតុ​​ឯស្ថាន​ត្រៃត្រឹង្ស។ តាមសៀវភៅ​​ពិធីប្រចាំ​ដប់ពីរខែ នៅថ្ងៃ​ពេញ​បូណ៌មី ខែមិគសិរ ពេលព្រឹកគេ​និមន្ត​​ព្រះ​សង្ឃ​ឆាន់​​ក្នុង​ព្រះ​ទីនាំង​ទេវាវិនិច្ឆ័យ ដល់​វេលា​យប់ ព្រះករុណា​ និង​នាម៉ឺន​សព្វ​មុខ​មន្រ្តី​ទ្រង់​ធ្វើ​ពិធីបង្ហើ​រខ្លែង​ថ្វាយ​ចំពោះទេវតា។ ព្រះករុណា​ ឬរាជ​តំណាង​ទ្រង់​យាង​អុជ​គោម​​ដែល​ចង​ភ្ជាប់នឹង​តួ​ខ្លែង ដែល​មាន​ព្រះសង្ហារ​ជា​សម្គាល់​ផង រួចទើប​គេ​លែង​ខ្លែង​​ឲ្យ​អណ្តែត​ឡើង​ទៅលើ​អាកាស​ទាល់​អធ្រាត​ទើប​ឈប់។ គេទាយ​ដំណើរ​ទឹក​ភ្លៀង​នៅឆ្នាំ​មុខ​ ដោយ​យក​ដំណើរ​ដែល​ខ្លែង​ហោះ​ឡើង​នេះ។ ប៉ុន្តែព្រះរាជពិធីនេះ គេ​​ពុំដឹងថា​ខកខាន​ពុំបាន​ប្រារព្ធតាំងពីសម័យណាមកឡើយ។ ទោះ​បី​យ៉ាងណាក្តី ក្រោយ​​សង្រ្គាម​បាន​​បញ្ចប់ ចាប់ពីឆ្នាំ​១៩៩៤ ក្រសួង​វប្បធម៌​និងវិចិត្រសិល្បៈ ​​បាន​រៀបចំ​ប្រារព្វ​ពិធី​បង្ហើរ​ខ្លែង​ទូទាំងប្រទេស​​ ក្នុង​គោល​​បំណង​ស្តារ​និង​ថែរក្សា​ប្រពៃណី​​ ទំនៀម​ទម្លាប់​ជាតិ ​ឲ្យ​គង់​វង្ស​រហូត​ដល់​សព្វថ្ងៃ (រូបលេខ​២-៣)។

បច្ចុប្បន្នគេ​មើល​ឃើញ​ថា ការធ្វើខ្លែងឯក​ពិបាកជាងខ្លែង​ធម្មតា ដ្បិត​គេ​​ត្រូវ​ធ្វើ​​​មានក្បួនខ្នាតត្រឹមត្រូវ គួបផ្សំនឹងទេពកោសល្យ​​ម្នាក់ៗ ដែលត្រូវយល់ពីទម្រង់ខ្លែង ការធ្វើ​ឯក សិល្បៈរចនាលម្អលើ​ខ្លែង និងយល់​ពី​ជំនោរ​ខ្យល់នៃរដូវ​បង្ហើរខ្លែង​ក្នុងស្រុកភូមិរបស់គេ​។ ខ្លែង​​ឯកដែលបុរាណនិយមធ្វើតែង​មានទំហំធំៗ មានប្រវែងស្លាបទាំងសងខាងពី៣ ទៅ៤ ម៉ែត្រក៏សឹងមានដែរ​។ ចំពោះ​ផ្នែក​សំខាន់ៗនៃខ្លែង​ឯកបើ​រាប់ចុះពីលើមកក្រោមដូចជា ផ្នែកក្បាល (​​បំពាក់​​ឯក) ស្លាប ចង្កេះ កូន កន្ទុយទា ឬជើងទា និងភ្ជាប់ដោយកន្ទុយមួយគូយ៉ាងវែងនៅពេលបង្ហើរ។ អ្នកធ្វើខ្លែងឯក ត្រូវចេះលៃទំហំផ្ទៃខ្លែង បិតឫស្សីធ្វើឆ្អឹង ធ្វើកន្ទុយ ចាក់ខ្សែទ្រូង និងជាពិសេសបំផុតគឺការចេះធ្វើ “ឯក” ឱ្យមាន​សំឡេងពីរោះ មិនស្អក។ ផ្ទៃខ្លែង​គេ​អាចធ្វើពីក្រដាស ឬក្រណាត់ ឬប្លាស្ទិកក៏បាន​ ឆ្អឹងខ្លែងធ្វើពីឫស្សីចាស់ ទន់រលាស់មិនស្រួយបាក់។ ដងឯកធ្វើពីឫស្សី តែអណ្ដាតឯកអាចធ្វើពីផ្ដៅបិតឲ្យស្តើង ឬបណ្ដូលស្លឹកត្នោត។ ដោយឡែក កន្ទុយខ្លែងឯកតែងមានមួយគូ ឬពីរគូ ដែល​អាច​មាន​ប្រវែង      ម្ខាងៗចាប់ជាង១០ ម៉ែត្រ ទៅ២០ម៉ែត្រ អាស្រ័យតាមទំហំខ្លែង ហើយអាចធ្វើពីស្លឹកត្នោត ឬស្លឹកទ្រាំងក៏កាន់ប្រសើរ។ សូម​បញ្ជាក់​ថា ខ្លែង​ឯក​ច្រើន​តែ​មនុស្ស​ចាស់ ឬមនុស្ស​ពេញកម្លាំង​ជាអ្នកបង្ហើរ ដ្បិត​ក្មេង​កម្លាំងពុំដល់ខ្លែងទេ។

តាមចំណាំ​នៅជនបទ អ្នកស្រុក​ច្រើនចាប់ផ្តើមបង្ហើរខ្លែងវេលាទៀបភ្លឺ ដ្បិតពេលនោះជំនោរខ្យល់ស្មើល្អធ្វើឲ្យខ្លែងហោះបានខ្ពស់ មានលំនឹង ហើយបន្លឺសំឡេងឯកបានពីរោះ​។ មិនតែប៉ុណ្ណោះ គេអាចបង្ហើរចងខ្សែចោលមួយរយៈ រួចទៅធ្វើកិច្ចការអ្វីផ្សេងៗក៏សឹងបាន។ សព្វថ្ងៃក្រៅពីបង្ហើរលេង​កម្សាន្ត​ក្នុងរដូវលម្ហើយ ខ្លែងឯក​តែង​មាន​វត្ត​មាន​ក្នុង​​កម្មវិធី​​​តាម​សហគមន៍ និងព្រឹត្តិការណ៍​ខ្លែងថ្នាក់ជាតិ-​អន្តរជាតិជាដើម​។ លើសពីនេះ គេតែងសម្គាល់ឃើញខ្លែងឯក​បច្ចុប្បន្ន​តែង​រំលេចដោយ​ក្បាច់រចនា ឬគំនូរផ្សេងៗ​ ជាអត្តសញ្ញាណរបស់សហគមន៍ ឬរបស់ក្រុមណាមួយ ឬរំលេចសារ​ប្រវត្តិសាស្រ្ត​លើ​ផ្ទៃខ្លែង។ ជាក់ស្តែងថ្មីៗនេះ ក្រុមយុវជនខ្លែងមួយក្រុមបានរូបគ្នាបង្ហើរខ្លែងក្នុង​ន័យ​​ទាម​ទារ​សន្តិភាពសម្រាប់កម្ពុជា បានគូរភ្ជាប់នូវរូបភាពវីរកងទ័ពកម្ពុជា​ទាំង​១៨រូប​ ដែលយោធាថៃចាប់ជាចំណាប់ខ្មាំងកាលពីខែកក្កដា ឆ្នាំ២០២៥។

លើសពីអ្វីដែលរៀបរាប់ខាងលើ មួយរយៈចុងក្រោយនេះ​ខ្លែង​ឯក៏បាន​ក្លាយ​​ទៅ​ជា​ប្រធានបទ​នៃទម្រង់សិល្បៈ​របាំ និងការតុបតែង​រចនាបង្ហាញម៉ូតផងដែរ។ ក្នុងឆ្នាំ​២០២០ ​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញបានដំឡើង​ “របាំ​ខ្លែងឯក” ដឹក​នាំដោយ​អ្នកគ្រូរបាំ ឈឹម ណាលីន ចូលរួមប្រឡងប្រជែង​ក្នុងទិវាវប្បធម៌ជាតិ លើកទី២២ ក្រោម​ប្រធាន​បទ “យុវជនដើម្បីវប្បធម៌ជាតិ” និង​ទិវា​សប្បុរសធម៌​លើកទី១១។ របាំខ្លែងឯកនេះ ជាទម្រង់​របាំ​ប្រជាប្រិយបង្ហាញ​ពីទិដ្ឋភាព​អ្នក​ស្រែក្រោយ​រដូវច្រូតកាត់បោកបែន ជាពិសេសគឺការលេងបង្ហើរខ្លែង។

សរុបខ្លីមក ខ្លែងឯកពិតជា​មានអត្ថន័យ​ជ្រៅក្នុងបរិបទវប្បធម៌ និងសង្គមខ្មែរ ដ្បិត​ ឃើញ​​អ្នកស្រុក​អ្នក​ស្រែ​បន្ត​លេង​ហូរហែដល់បច្ចុប្បន្ន។ ក្នុងគំនិត​អ្នកសិក្សា​ស្រាវជ្រាវ​ខ្លះ​សំយោគថា ខ្លែង​ឯក​ក៏មាន​ជំនឿជាប់នឹង​រឿងអាកាសធាតុ ខ្យល់ និង​ភ្លៀងដែរ ដូច​ឃើញ​មាន​ចែងខ្លះក្នុងទំនៀម​ព្រះរាជពិធីទ្វាទសមាសផង។ មិន​តែប៉ុណ្ណោះ​ ក្នុងគំនិត​ថ្មី​នៃ​ការ​​ចូល​រួម​ទ្រ​ទ្រង់រក្សា​ខ្លែងឯក យុវជនជំនាន់ថ្មីផ្តើមកែច្នៃទៅតាមទម្រង់សិល្បៈ​ផ្សេងៗ​កាន់​តែ​​សម្បូរបែប។

អត្ថបទដោយ៖ ហៀន សុវណ្នមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,900SubscribersSubscribe
- Advertisement -spot_img