ទំព័រដើមប្រវត្តិសាស្ត្រសម្រង់បណ្ដាសាខ្លះៗក្នុងសិលាចារឹកខ្មែរ

សម្រង់បណ្ដាសាខ្លះៗក្នុងសិលាចារឹកខ្មែរ

បណ្ដាសាពាក្យផ្ដាសា គឺជាពាក្យពេជន៍ពោលផ្តន្ទា បន់​ស្រន់​បួងសួងសំបូង​សង្រូង ប្រទេចផ្ដា​សា​​​វិនាសហិនហោច តាមបែបជំនឿ ចំពោះទង្វើអាក្រក់ ពុំត្រឹមត្រូវ ពុំលុះតាមសណ្ដាប់ ច្បាប់ ឬធម៌។ ការពោលពាក្យផ្ដាសា គឺក្នុងបំណងការពារសេចក្ដីត្រឹមត្រូវមិន​ឲ្យ​បាត់បង់ ឬសេចក្ដីត្រឹមត្រូវដែលបាត់បង់ ឲ្យវិលត្រឡប់មក​តាមសណ្ដាប់ដើមវិញ។ ទំនៀម​នេះ​ មាននៅក្នុងសង្គមខ្មែរ​តាំងពីដើមដរាប​រៀងមកដល់បច្ចុប្បន្ន។ សេចក្ដីទាំងនេះ អាច​រក​ឃើញ​នៅក្នុងសិលាចារឹកជាច្រើនតាំង​ពីសម័យមុនអង្គរច្រើន​ចារពាក្យកាព្យតែងលើកសរសើរតម្កើងទេព ព្រះរាជា មន្ត្រីធំៗ ព្រមទាំងអំពើបុណ្យ​ដែ​រហូតដល់សម័យកណ្ដាល។

កម្មវត្ថុសំខាន់និងធំបំផុតនៃការចារសិលាចារឹកជាទូទៅ គឺការកត់ត្រានូវរឿង​រ៉ាវ​ជុំវិញអំពើ​បុណ្យដែលម្ចាស់ទានបានកសាង។ បើពិនិត្យឲ្យទូលាយ ផ្នែកសំស្ក្រឹតដែលភាគ លបានកសាង។ ផ្នែកភាសាខ្មែរ​ច្រើនតែកត់អ្វីដែលជាក់ស្ដែងជុំវិញព្រឹត្តិការណ៍ទាក់​ទង​នឹងប្រាសាទដូចជា​ ការជាវដីថ្វាយប្រាសាទ ថ្វាយដង្វាយផ្សេងៗ, ក្ដីក្ដាំ ការដោះស្រា​យ​​ជម្លោះនានាទាក់ទងនឹងប្រាសាទ និងជាពិសេសគឺកត់ត្រានូវរាល់រណ្ដាប់បូជាក្នុងកិច្ចពិធី​ជាដើម។ ដូច្នេះហើយទើបនិយាយដោយខ្លីថាច្រើនតែទាក់ទងនឹងអំពើបុណ្យ។

បុណ្យដែល​បានកសាងឡើង​ហើយជាសមិទ្ធិនានាដូចជា ប្រាសាទ ប្រតិ​មា ទ្រព្យសម្បត្តិ សត្វពាហនៈ ស្រែចម្ការ វត្ថុប្រើប្រាស់នានា ព្រមទាំង​ខ្ញុំបម្រើ​ដែលបានថ្វាយចំពោះ​ប្រាសាទ  ម្ចាស់ទានរមែងប្រាថ្នាឲ្យបុណ្យនោះគង់វង្សជាអង្វែងដរាបទៅ ពុំមានខូចខាត​ បាត់​បង់​ដោយអំពើជាបាបកម្មផ្សេងៗ​របស់​ជនទាំងពួង។ ឈរលើ​គំនិតនេះ នៅក្នុងសិលាចារឹករមែងតែងតែមានពាក្យផ្ដាសាដល់ជនណាដែលបំផ្លាញឬធ្វើឲ្យ​ខូច​ខាតនូវបុណ្យឬមូលនិធិសាសនានោះ។ ទន្ទឹមគ្នានេះដែរ​ ក៏មានការឲ្យពរ ដើ​ម្បីជម្រុញ លើក​ទឹក​ចិត្ត​អ្នកផងឲ្យមានការថែរក្សាបុណ្យដែលបានសាងនោះ។

ឥសីវ្យាសៈ និងពាក្យផ្ដាសា

តាមរយៈ​ការសិក្សារបស់​បណ្ឌិត ឆោម គន្ធា​ បានបង្ហាញថា​ទំនៀមនៃការដាក់បណ្ដា​សានិងឲ្យពរនេះ ​គឺមានប្រភពមកពីឥណ្ឌា តាមរយៈរឿងមហាភារត និង​គម្ពីរបុរាណនានា។ ស្លោកបណ្ដាសាដែលពេញនិយមជាងគេ​ គឺចេញពីឥសីវ្យាសៈ ដែលជាអ្នកនិពន្ធ​រឿង​មហាភរត គម្ពីរបុរាណ១៨គម្ពីរ និងគម្ពីរព្រហ្មសូត្រ។ មានស្លោក២សំខាន់​ដែល​ឃើញមាននៅក្នុងសិលាចារឹកប្រទេសឥណ្ឌាផង និងនៅប្រទេសកម្ពុជាផង។ ស្លោកទី១ គឺប្រទះឃើញមាននៅក្នុង​ចារឹកបន្ទះលោហៈ (ឧ. កុមារគុប្ដ, រាវីវរ្ម័ន) ដែលឲ្យពរដល់​ផ្តល់តង្វាយជាដី នឹងបាន​សោយសុខក្នុងស្ថានសួគ៌​អស់កាល​៦០០០០ឆ្នាំ ឯអ្នកដណ្ដើម​យកដីនោះ​ នឹងសោយទុក្ខក្នុងនរកអស់កាលដូចគ្នា។ ឯក្នុងសិលាចារឹកខ្មែរវិញ មានក្នុងសិលាចារឹក​ប្រាសាទអ្នកបួស K. ៣៤១ ផ្ទាំងខាងត្បូង ស.វ.ទី៧ និងសិលាចារឹកវត្តតាំងក្រសាំង ឆ្នាំ​៦៦៨។ ក្នុងសិលាចារឹកប្រាសាទអ្នកបួស នៅសល់តែស្លោកពាក់កណ្ដាលប៉ុណ្ណោះ ខណៈ​នៅក្នុងសិលាចារឹកវត្តតាំងក្រសាំង​ គឺនៅសល់ទាំងស្រុង ដែលមានសេច​ក្ដី​ដូចនៅឥណ្ឌា។

 សម្រង់អត្ថបទ

ឞឞ្តិំ វឞ៌សហស្រាណិ                     ស្វគ៌េ្គ មោទតិ ភូមិទះ

អាច្ឆេត្តា ចានុមន្តា ច                      តាន្យេវ នរកេ វសេត៑។

សេចក្ដីប្រែសម្រួល

អ្នកឲ្យនូវដី (​សោយសុខ)រីករាយ​នៅស្ថានសួគ៌៦០០០០ឆ្នាំ ឯអ្នកដណ្ដើមយក(ដីនោះ​)​និងអ្នកញ៉ាំង(ឲ្យដណ្ដើមយកដីនោះ​)​ ក៏នឹងធ្លាក់ទៅក្នុងនរកអស់កាលប៉ុណ្ណោះឆ្នាំដូចគ្នា។

គួរបញ្ជាក់ថា នៅក្នុងរឿងមហាភារត ក្បាលទី១៣ «អនុសាសន៍-បវ៌» ​​ភីស្មៈបាន​ពន្យល់​ទៅកាន់យុធិស្ឋិរ ទាំងខ្លួនកំពុងផ្ទុំនៅលើព្រួញដូចជាសយាសនៈនោះ ​អំពី​កាតព្វ​កិច្ច​​រាជវង្សនិងសង្គម។ នៅពេលដែលយុធិស្ឋិរលើកសួរថាតើអំណោយ​ណា​មួយ​ គឺជាបុណ្យដ៏អស្ចារ្យបំផុតនោះ ភីស្មៈមានបន្ទូលថា «ភូមិទាន» គឺការឲ្យនូវដី ជាទានកំពូល ដ្បិតថាដីទ្រទ្រង់នូវការបូជា ការរៀនសូត្រ ប្រាសាទ​ និងការរស់នៅតជំនាន់ ជា​ហេតុ​បង្កើតនូវបុណ្យដែលមិនចេះអស់ (អក្សយបុណ្យ)។ ក្នុងគោលគំនិតនេះ ភីស្មបាន​​លើក​ពីសម្ដីរបស់ឥសីវ្យាសៈ ដើម្បីបង្ហាញថាជាសក្ខីភាពថា អ្នកឲ្យទានជាដីបានសោយ​ស​ុខនៅស្ថានសួគ៌៦០០០០ឆ្នាំ ឯអ្នកដែលរឹបអូស ដកហូត ដណ្ដើមយក ឬអ្នកឲ្យដៃ​ប្រព្រឹត្តិអំពើនោះ នឹងត្រូវចុះនរករងទុក្ខ៦០០០០ឆ្នាំដូចគ្នា (មហាភារត, អនុសាសនបវ៌, ជំពូក៦២, ស្លោក​៤៧-៤៨)។ ការដាក់បន្ទុកបណ្ដាសា​ចំពោះ​ជនល្មើស ព្រមទាំងអ្នកឲ្យដៃ​ គឺ​ជាការ​ពង្រីក​លើ​ការទទួលខុសត្រូវផ្នែកសីលធម៌ចំពោះ​អំណាចស្ថាប័ន​ ជាពិសេស​ព្រះមហាក្សត្រ​និងមន្ត្រី។

មានស្លោកបណ្ដាសារបស់ឥសីវ្យាសៈ១ទៀត  ដែលចាក់ឫសគល់យ៉ាងជ្រៅក្នុងគម្ពីរធម៌សាស្ត្រ ដែលទាក់ទងនឹងទៅច្បាប់ក្នុងការគ្រប់គ្រងនិងសីលធម៌។ ស្លោកទាំងនេះ​លេចឡើងនៅក្នុងចារឹកលើបន្ទះលោហៈចាប់ពីរាជវង្សគុប្តៈរហូតមក ដែលប្រើសម្រាប់​ដាក់​ទណ្ឌកម្ម​ដ៏មានឥទ្ធិពល​ប្រឆាំង​នឹង​អ្នកបំពានលើមូលនិធិសាសនា ឬ​ដីតង្វាយ។ ដូចស្លោកខាងលើដែរ ស្លោកខាងក្រោមនេះជាបន្ទូលរបស់ភីស្មៈពន្យល់ពាក្យឥសីវ្យាសៈ​ទៅកាន់​​យុធិស្ឋិរ ស្ដីពីភូមិទាន។

សម្រង់អត្ថបទ

ស្វទត្តាំ បរទត្តាំ វា                          យោ ហរេត វាសុន្ធរាម៑

ស វិឞ្ឋាយាំ  ក្ឫមិរ៑  ភូត្វា                 បិត្ឫភិះ សហ បច្យតេ។

សេចក្ដីប្រែសម្រួល

នរូណាយកដីឲ្យដោយខ្លួនឯងក្ដី ឲ្យដោយអ្នកដទៃក្ដី ក្លាយជាដង្កូវអាចម៍ឆ្កែ និង​ឆ្អិន(ក្នុងនរក)ព្រមទាំង​បិតរគណរបស់គេ។

នៅក្នុងសិលាចារឹកខ្មែរ ស្លោកខាងលើនេះ លេចឡើងក្នុងសិលាចារឹកសម័យមុនអង្គរ​ចំនួន​3 និងសម័យអង្គរ១ផ្ទាំង។ សិលាចារឹក​ K.55 (គ.ស.៦៦៧) ដែលប្រើល្អៀងពីស្លោកដើមតែ​បន្ដិចប៉ុណ្ណោះ ពោ​ល​​អាចនិយាយបានថាយកពីឥណ្ឌាមកប្រើទាំងស្រុង។ សិលាចារឹកមួយ​ទៀត គឺសិលាចារឹក​ K.726  (ស.វ.ទី៨) ដែល​ស្រង់យក​ស្លោកពាក់​កណ្ដា​ល​មកប្រើប្រា​ស់ និងពាក់កណ្ដាលទៀត​បង្ហាញច្បាស់ថាធ្លាក់ក្នុងនរកអវិចីដូចមានសេចក្ដីថា «នរូណា​យកដីឲ្យដោយខ្លួនឯងក្ដី ឲ្យដោយអ្នកដទៃក្ដី នរូនោះនឹង​កើតក្នុងនរកអវិចី មួយ​អន្លើ​ដោយបិតរគណនិង​ញាតិ​ទាំងឡាយរបស់គេ»។ មួយទៀត គឺសិលាចារឹកត្រពាំង​ក្រមល់ K. 37​8  (ស.វ.ទី១០) ដែលនៅ​​ពាក់កណ្ដាលស្លោកទី២ បង្ហាញថាត្រូវរងបាប​កម្ម​​ចំនួន​១០០០០០ឆ្នាំ៖ «នរូណា​យកដីឲ្យដោយខ្លួនឯងក្ដី ឬឲ្យដោយអ្នកដទៃក្ដី នរូនោះនឹងរកអំពើ​បាបរាប់រ​យពាន់ឆ្នាំ»។

មានសិលាចារឹកសម័យមុនអង្គរតែមួយគត់ ដែល​​ចារស្លោកទាំងពីរនេះបញ្ចូលគ្នា​ក្នុង​​សិលាចារឹកតែមួយ នោះគឺសិលាចារឹកវត្ត​តាំងក្រសាំង ខេត្តកំពង់ធំ[6]។ សិលាចារឹកនេះ​​មានសរុបចំនួន​៧ស្លោក ត្រង់ស្លោកទី៦​ «ស្វទត្តាំ បរទត្តាំ…» បានដាច់នូវពាក់កណ្ដាលស្លោកនិងស្លោកទី៧ គឺជាស្លោក​ «ឞឞ្ដិំវឞ៌េសហស្រាណិ…»។ ក្នុងសិលាចារឹកនេះ ត្រង់ស្លោក​​ទី​៤និងទី៥ ក៏ជាពាក្យផ្ដាសាចំពោះអ្នកមានចិត្តបាបចាប់យក​គោ ស្រែចម្ការច្បារដំណាំ​​ដែលគេថ្វាយទៅប្រាសាទ​ផងដែរ។

សម្រង់អត្ថបទ

ហត៌ុម៑ ឥច្ឆន្តិ គោក្ឞេត្រំ                 បាបិឞ្ឋាះ បាបវ្ឫទ្ធយះ

អវីចិនរកំ ឃោរម៑                          បច្យន្ដេ បិត្ឫភិស្សហ។

កល្បកោដិសហស្រានិ                កល្បកោដិយុតានិ​ ច

អវីចិនរកំ ឃោរម៑                          បច្យន្ដេ ’បិ ចតុយ៌្យុ[គេ]។

សេចក្ដីប្រែសម្រួល

ពួកជនមានចិត្តបាបបំផុត ជាបុគ្គលចម្រើនដោយបាប ប្រាថ្នាចាប់​យកនូវស្រែចម្ការ និងគោ នឹងត្រូវចម្អិនយ៉ាងឃោរឃៅក្នុងនរកអវិចី ព្រមទាំងបិតរគណរបស់គេ។

អស់កាលរាប់ពាន់កោដិនៃកប្បផង អស់រយៈពេលរាប់ម៉ឺនកោដិនៃកប្បផង សូម្បីក្នុងយុគទាំង៤ នឹងត្រូវចម្អិនយ៉ាងឃោរឃៅក្នុងនរកអវិចី។

៣- សម្រង់សិលាចារឹកបណ្ដាសាមួយចំនួន

ខាងក្រោមនេះជាសម្រង់​ឃ្លាជាបណ្ដាសាទាំងក្នុងសិលាចារឹក និងសិលាចារឹកខ្មែរ​ដែលមាននៅក្នុងសិលាចារឹកមួយចំនួន។

សម្រង់អត្ថបទប្រាសាទប្រាំ K.1513 ឆ្នាំ​៦៨៦

ន្ឫបាជ្ញាំលង្ឃយ(ន្តិ យេ)                  ទណ្ទិតាស្តេ ’បិ ទោឞតះ

គច្ឆន្តិ នរកាន៑ ប្រេត្យ-                    រៅរវាទិនឝេឞតះ។​

សេចក្ដីប្រែសម្រួល

ជនទាំងឡាយណាល្មើសនូវព្រះរាជអាជ្ញា ទោះបីត្រូវបានសរុបកាត់ក្ដីពីទោស(ក្នុង​កាល​មានជីវិតរួច)ហើយក្ដី ក៏បន្ទាប់ពីជនទាំងឡាយស្លាប់ទៅ ទៅធ្លាក់កាន់នរកទាំង​ឡា​យ មានរៅរវៈជាអាទិ៍​។

សម្រង់អត្ថបទប្រាសាទភ្នំបាយ៉ង់ K.13 ឆ្នាំ​៦៦២

យទ្ទត្តមស្មៃទាសាទិ                       តេនាប្យបហរន្តិយេ

 តេយាន្ត្វវីចីនរក                            ម៑ អតិទីគ៌្ឃំសវាន្ធវាះ។

សេចក្ដីប្រែសម្រួល

ជនទាំងឡាយណាដែលលួចយកខ្ញុំបម្រើក្ដីជាដើម ដែល​បានថ្វាយហើយចំពោះ​​(ប្រតិមា) ជនទាំងឡាយនោះ​នឹង​ធ្លាក់ទៅនរកអវិចីព្រមទាំងញាតិពន្ធុអស់កាលដ៏អង្វែង។

សម្រង់អត្ថបទប្រាសាទលៀងព្រះ K.1២៥០ ស.វ.ទី៧

ហរន្តិ ទា(សា)ទិ និស្ឫឞ្តមស្មៃ              យេ ឝ្រីប្រយាគេឝ្វរឝង្ករាយ

តេ បាបឝូរាស្សហ វន្ធុវគ៌្គៃ               ស្សមាសហស្រន្និរយេ បតន្តុ។

សេចក្ដីប្រែសម្រួល

ជនទាំងឡាយណាដែលចាប់យកខ្ញុំបម្រើជាដើម ដែល​បាន​ថ្វាយ​ចំពោះព្រះអង្គ (គឺ)​ព្រះស្រីប្រយាគេសូរសង្ករ សូមជនទាំងឡាយដែលក្លៀវក្លាក្នុងអំពើបាប​ ធ្លាក់​ទៅ​ក្នុងនរក​១០០០ឆ្នាំ​ ព្រមទាំងក្រុមញាតិពន្ធុ។

សម្រង់អត្ថបទប្រាសាទព្រៃថ្នល់ខាងត្បូង K.៤៥១ មេទ្វារខាងជើង ឆ្នាំ​៦៨០

[…] គេតទង៑សក៑គិមាស៑វ្រះ (២) ប្រក៑លង្គៅសំរិត៑ចន្លេក៑ស្រេទំរិង៑ត្មុរ៑គេតទង៑សក៑គិគេតទ (៣) ង៑ស្វំទោង៑អ្នក្កត្វេវិបត្តិវ្រះកម្រតាង៑អញ៑ឝ្រីកេទារេឝ្វរ​រោះ (៤) – (ទៅ)និ​រយ៑ស្ថានអ្ជីគេតសិគេតកន៑តៃអ្មេគេអ្ដាគេកោន៑ចៅគេត (៥) បាង៑–មុតវ្រះចៅលហ៑កន្តៃលហ៑កុលេសំវ្យវហារលហ៑ក្ញុំតក្មិត្វេ (៦) មុត៑វ្រះលហកតិប្រេគេត្លេង៑អំវិ​លហ៑គិមហានិរយžនិវន្ធវឞ៌ា […]

សេចក្ដីប្រែសម្រួល

[…] នរណាដែលលួចមាសព្រះ ប្រាក់ ស្ពាន់ សំរិត សម្លៀក​ ស្រែ ច្បារទ្រើង គោ គឺអ្នកដែលលួច អ្នកសុំ និងអ្នកធ្វើវិបត្តិ​ចំពោះ​ព្រះគម្ដែង​អញ​ស្រី​កេទារេសូរ អ្នកទាំងនោះត្រូវធ្លាក់ទៅ​ស្ថាននរក រួមទាំង​ជីដូនជីតាគេ អ្នកទាំងប្រុសទាំង​ស្រី ម្ដាយគេ ឪពុកគេ កូនចៅគេ។ អ្នកដែលបំបាំងអ្នកដែលបំផ្លាញទាំងនោះ ទាំងចៅក្ដី ប្រពន្ធក្ដី ក្រុមគ្រួសារគេក្ដីដែលរួមក្ដីក្ដាំក្ដី អ្នកបម្រើ​ក្ដីដែលបំផ្លាញ​ព្រះ សូមឱ្យអ្ន​ក​ទាំង​នោះ​​ធ្លាក់​ទៅមហានរក។

សម្រង់អត្ថបទសិលាចារឹកត្រពាំងប្រី  K.១២៧ ឆ្នាំ​៦២៨-៦២៩

គេតត្វេវិប្ត្យឝិវសប្ដបិតាសប្ដ (២១) មាតាបញ្ចមហារៅវនរកាះបតន្ដិ។

សេចក្ដីប្រែសម្រួល

នរណាដែលបង្កវិបត្តិ (សូមឲ្យញាតិ)៧ជំនាន់ខាងឪពុក ៧ជំនាន់ខាងម្ដាយធ្លាក់ក្នុងនរកមហារៅរវទាំងប្រាំ៕

សម្រង់អត្ថបទសិលាចារឹកភូមិកំរៀង  K.១៥៤ ឆ្នាំ​៧៣៤

ផ្ទាំងក៖ […]នៅគេ​តវោំឱយ៑គិ (១៧) គេតទប៑គិតសគ៑គិសប្ដមាតាសប្ដបិតានិរយអតិ (១៨) រៅរវគេទៅតគិវ្រហ្មត្យាគេមាន៑គិ

ផ្ទាំងខ៖ […] នៅគេតវោំឱយ៑គិ (១៣) គេតទប៑គិគេតសក៑គិសប្ដមាតាសប្ដបិតា​គេ​ទៅនិរយ (១៤) អតិរៅរ[វ]មហារៅរវវ្រហ្មត្យាផលគេមាន៑គិ​

សេចក្ដីប្រែសម្រួល

ផ្ទាំងក៖ នៅអ្នកដែលពុំឲ្យ(/បរិច្ចាគ)នៅទីនេះ អ្នកដែលទប់(អ្នកដទៃមិនឲ្យមក​បរិច្ចាគ)  អ្នកដែលលួចយក គឺ(ញាតិទាំង)៧សន្ដានខាងម្ដាយ (ញាតិទាំង)៧សន្ដានខាងឪពុក​របស់គេ ធ្លាក់ទៅនរកអតិរោរព (គឺ)គេធ្លាក់ទៅ(នរក)ដូចទោសសម្លាប់ព្រាហ្មណ៍។

ផ្ទាំងខ៖ នៅអ្នកដែលពុំឲ្យ(/បរិច្ចាគ)នៅទីនេះ អ្នកដែលទប់(អ្នកដទៃមិនឲ្យមក​បរិច្ចាគ)  អ្នកដែលលួចយក គឺ(ញាតិទាំង)៧សន្ដានខាងម្ដាយ (ញាតិទាំង)៧សន្ដានខាងឪពុក​របស់គេ ធ្លាក់ទៅនរកអតិរោរព មហារោរព (គឺ)គេធ្លាក់ទៅ(នរក)ដូចផល​នៃ​ទោសសម្លាប់ព្រាហ្មណ៍។

សម្រង់អត្ថបទសិលាចារឹកបាសាក់  K.៧០ ស.វ.ទី១០

ផ្ទាំងខ៖ […] នៅរុវទ្រវ្យមន៑ម្រតាញ៑ឝ្រីន្ឫបេន្ទ្រា (៤) យុធជ្វន្តវ្រះកម្រតេង៑​អញ៑ឝ្រីន្ឫ (៥) បេន្ទ្រាយុធស្វា[មិ]​ • មាស៑ប្រក៑​ធាតុត (៦) ទៃតិតំយ៌្យអ្សេះក្របិថ្មុរ៑ខ្ញុំស្រុក​ស្រេ (៧) ភូម្យាករទ្រវ្យផោង៑ នៅគេលោបេ (៨) យនេះទ្រវ្យតរោះហនេះហបិវ្វំ​ថ្វេ (៩) បូជារោះហកល្ប[នា យជមា]នគេទៅ (១០) តរេះនរកតទំនេប្ររៅរវអំវល៑នុបិ (១១) តរតតប៑រ្វាត្តទៅក្រោយ៑តតប៑រ្វាត្តទៅ (១២) វ្នេក្និយាវត្តវ្រះចន្ទ្រាទិត្យគ្រហន (១៣) ក្ឞត្រកមាន៑លេយ៑ […]

សេចក្ដីប្រែសម្រួល

នៅទ្រព្យទាំងឡាយដែលម្រតាញស្រីន្ឬបេន្ទ្រាយុធជូនចំពោះព្រះគម្ដែងអញស្រីន្ឬបេន្ទ្រាយុធស្វាមី (មាន) មាស ប្រាក់ (លោហ)ធាតុដទៃទៀត ដំរី សេះ ក្របី គោ ខ្ញុំបម្រើ​ ស្រុក ស្រែ ភូម្យាករផង។ នៅអ្នកដែលបំផ្លាញទ្រព្យទាំងអស់នេះ (និង)ពុំធ្វើតាមរណ្ដាប់បូជា​របស់ម្ចាស់ទាន អ្នកនោះ​ធ្លាក់ទៅនរកមាននរករោរព ក្រៃលែងនូវបិតរគណ១០តំណ​ទៅក្រោយ ១០តំណទៅមុខ ដរាបណាព្រះចន្ទ្រ ព្រះអាទិត្យ គ្រោះ(ភព) នក្សត្រ មាននៅឡើយ។

សម្រង់អត្ថបទសិលាចារឹកប៉ាលហាល  K.៤៤៩ ឆ្នាំ​១០៦៩

ផ្ទាំងខ៖ […] នេះគិរោះប្រតិឞ្ឋាអញតឧបាយនេះទហយោបិអ្នក្តប្រភូតបិ​វ្វំ​ថ្វេរោះហប្រតិឞ្ឋានេះនៅអំបាល៑ (២៧) បាប៑អ្នក្តរាជទ្រោហគុរុទ្រោហិបាប​អ្នក្តសំលាប៑វ្រាហ្មន​អ្មេ​វប្បាវ្រះគោកបិលលេងអ្នក៑នោះគិតមាន៑បាប (២៨) នោះឝរិរអ្នក៑នោះ​ទៅត្យក្ត​នរក​តទំនេប្រ[អ]វីចិអតិរៅរវតរាប៑​ចន្ទ្រាទិត្យលេយ៑ […]

សេចក្ដីប្រែសម្រួល

នេះគឺការប្រតិស្ថាន(រណ្ដាប់បូជា)របស់អញខ្ញុំដ៏ជាអម្រស់អម្រទាំង(អម្បាល)នេះ ទោះយោបីអ្នកដ៏ជាម្ចាស់​ក្ដី​ពុំ ធ្វើតាម​ការប្រតិស្ថាននេះ នៅអម្បាលបាប(ទាំងឡាយ) ដូចជាទ្រុស្ដព្រះរាជា ទ្រុស្ដគ្រូ បាបដូចជា​សម្លាប់​ព្រាហ្មណ៍ ម្ដាយ ឪពុក ព្រះគោកបិល សូមឲ្យអ្នកទាំងឡាយនោះ គឺអ្នកដ៏មានបាប​នោះ សរីរអ្នកនោះទៅដេក(ត្រាំឆ្អិន)ក្នុងនរក មាននរកអវិចី អតិរៅរពជាដើម ដរាបណាព្រះ​ចន្ទ្រ និងព្រះអាទិត្យនៅតែមាននៅឡើយ។

សម្រង់អត្ថបទសិលាចារឹកគោកប្រដាក K.៨៧៨ ចុងស.វ.ទី១០-ស.វ.ទី១១

​[…] ◦នៅអន (១៥)  ក្តវ្វំថ្វេរោះកល្បនា​នេះ​គេទៅតនរកសប្តបុរុឞាន្តរយាវត៑ចន្ទ្រា​ទិត្យ​មាន៙

សេចក្ដីប្រែសម្រួល

នូវអ្នកពុំធ្វើដូចរណ្ដាប់បូជានេះ អ្នកនោះ​ធ្លាក់​ទៅ​នរក​៧សន្ដាន ​ដរាបណាព្រះចន្ទ្រនិងព្រះអាទិត្យនៅតែមាន។

នៅក្នុងសិលាចារឹកសម័យកណ្ដាល  ពាក្យផ្ដាសាច្រើនតែដាក់ឲ្យធ្លាក់អបាយភូមិ នរកបញ្ចានន្តរិក កុំបីព្រះពុទ្ធទាំងឡាយប្រោសរួច និងត្រូវរន្ទះបាញ់សព្វជាតិកំណើត​ជាដើម។ ពាក្យផ្ដាសានេះ បង្ហាញពីរបត់នៃជំនឿសាសនាផងដែរ គឺការប្ដូរពីព្រហ្មញ្ញសាសនា​ មកពុទ្ធសាសនាវិញ។

សេចក្ដីសម្រួលពីសិលាចារឹកនគរវត្តលេខ​១៥ សម័យកណ្ដាល […] ប្រោសអាសូសនេះឱ្យរួចជាព្រៃស្វាងព្រះស្រលះជ្រះឥតកំដឹងឡើយ ថាបើនរណាមួយយកអានេះជាខ្ញុំឡើយ ព្រះអម្បាលខ្សាច់​កុំបី​ប្រោសអ្នកនោះឡើយ ទោះយោបី​គម្ដែងមុខមន្ត្រីឯណាមួយ​បង្គាប់រើសឱ្យជាខ្ញុំឡើយ ឱ្យទៅឆ្អិននាចតុរាបាយភូមិនាយ​សព្វកាលហោង នាមេទងនេះដ្បិតយកប្រាក់តង្វាយព្រះពុំទាន់​ស្រឡះឡើយ អ្នកយកប្រាក់បំពេញឱ្យមេនេះរួច​រក្សាព្រះហោងថាបើនរណាមួយ​យកមេនេះជាខ្ញុំឡើយ ឱ្យអ្នកនោះ​ទៅនាបញ្ចានន្តរិកនាយហោង។

———

Selected Curses in Khmer Inscriptions

This article examines the role of curses (banāsā) in ancient Khmer epigraphy, highlighting their function as protective measures for religious merit and temple endowments. These inscriptions, dating from pre-Angkorian to Angkorian periods, often include stern warnings against anyone who might damage or seize property donated to sanctuaries—such as land, statues, livestock, or servants. The curses were intended to uphold justice and prevent violations, reflecting a strong belief in karmic consequences and moral responsibility.

The practice of inscribing curses originated in Indian traditions, influenced by texts such as the Mahābhārata and the Dharmaśāstras. Two prominent Sanskrit verses by the sage Vyāsa appear frequently in Khmer inscriptions. These verses promise heavenly rewards for donors—such as enjoying bliss for 60,000 years—while condemning violators to Avīci hell, the most dreadful realm, for equally long periods. Punishments often extended to the offender’s family across multiple generations, underscoring the seriousness of these acts.

Khmer inscriptions combine blessings and curses to reinforce both spiritual and social order. Donors and protectors of temple property were promised liberation and prosperity, while violators faced eternal suffering. Examples from inscriptions like Wat Tang Krasang and others (K.341, K.55, K.726, K.378) detail severe penalties for stealing land, servants, cattle, or temple goods. Some texts even specify torment for millions of kalpas, illustrating the gravity of transgressions.

Beyond their religious significance, these curses served as legal and ethical instruments, strengthening royal authority and safeguarding temple rights. They acted as moral deterrents and institutional sanctions, ensuring that religious foundations remained intact. Ultimately, Khmer inscriptions convey a clear message: religious merit and temple endowments must be preserved, and those who violate this sacred trust will incur grave sin, eternal suffering, and loss of liberation, while protectors will gain blessings and spiritual rewards.

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,900SubscribersSubscribe
- Advertisement -spot_img