ដូចបានផ្សាយនៅក្នុងអត្ថបទមុន វត្ថុបុរាណខ្មែរចំនួន ៧០ ដុំ ដែលជនទុច្ចរឹតលួចយកចេញ និងចរាចរលក់ដូរដោយខុសច្បាប់ទៅក្រៅប្រទេស បានវិលត្រឡប់មកកម្ពុជាវិញកាលពីខែកក្កដា ឆ្នាំ២០២៤ ក្រោមកិច្ចខិតខំប្រឹងប្រែងដោយរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការ។ ក្នុងចំណោមនោះមានបដិមាសំខាន់ៗចំនួន ៣៣ ដុំ ត្រូវបានប្រគល់មកវិញដោយគ្រួសារ Lindemann នៃសហរដ្ឋអាមេរិក។ គួរឱ្យចាប់អារម្មណ៍ ក្នុងចំណោមវត្ថុបុរាណទាំងនោះ មានបដិមាព្រះពុទ្ធប្រក់នាគចំនួន ១ អង្គ ប៉ុន្តែបដិមានេះគេមិនដឹងថាមានប្រភពដើមមកពីប្រាសាទណាមួយនៃប្រទេសកម្ពុជាទេ ហើយបច្ចុប្បន្នកំពុងដាក់តាំងបង្ហាញនៅសារមន្ទីរជាតិកម្ពុជា។ តើបដិមាព្រះពុទ្ធប្រក់នាគមួយអង្គនេះមានលក្ខណៈដូចម្តេចខ្លះ?
បដិមាព្រះពុទ្ធប្រក់នាគដែលមិនស្គាល់ប្រភព និងបានបញ្ជូនមកពីសហរដ្ឋអាមេរិកមកកាន់កម្ពុជានៅឆ្នាំ២០២៤ នេះ សាងឡើងអំពីថ្មភក់ មានកម្ពស់ ១៨០ស.ម. ទទឹង ៩,៥ស.ម. និងកម្រាស់ ៥៧ស.ម. ដែលគេអាចចាត់ថ្នាក់ចូលក្នុងសិល្បៈខ្មែររចនាបថបាយ័ន្ត (ស.វ.ទី១២ – ដើមស.វ.ទី១៣)។ បដិមាព្រះពុទ្ធប្រក់នាគនេះ អង្គុយពែនភ្នែនក្នុងកាយវិការសមាធិ ដោយយកព្រះហស្តទាំងពីរដាក់ត្រួតលើគ្នា ព្រះនេត្របិទ ព្រះកាណ៌វែង ព្រះឱស្ឋក្រាស់ ព្រះនាសាមានខ្ទង់ និងមានព្រះកេសរួញជាដុំមូល តូចៗដោយមានឧស្ណីស(ដុំប៉ោង)នៅចំកណ្តាល ដែលជានិម្មិតរូបនៃប្រាជ្ញាដ៏លើសលប់របស់ព្រះពុទ្ធអង្គ។ បដិមានេះមានលក្ខណៈទូទៅស្រដៀងទៅនឹងបដិមាព្រះពុទ្ធប្រក់នាគមួយអង្គទៀត (កម្ពស់៣,៦០ម៉ែត្រ) ដែលរកឃើញនៅប្រាង្គកណ្តាលប្រាសាទបាយ័ន្តនៅក្នុងឆ្នាំ១៩៣៣ ដោយលោក George Trouvé ។ បន្ទាប់ពីបានឃើញបដិមានេះ លោក George Coedès (១៩៤០) សន្និដ្ឋានថា បដិមានេះជារូបតំណាងរបស់ព្រះពុទ្ធក្នុងលក្ខណៈជាស្តេចជ័យវរ្ម័នទី៧ ឬហៅម្យ៉ាងទៀតថា “ពុទ្ធរាជា”។ ទោះបីជាយ៉ាងណា សិលាចារឹកខ្មែរជាង ១៥០០ ផ្ទាំង មិនបានបញ្ជាក់អំពីព្រះនាមព្រះពុទ្ធអង្គនេះឡើយ។ ផ្ទុយទៅវិញ អ្នកស្រាវជ្រាវជាច្រើន សន្និដ្ឋានថាជាព្រះពុទ្ធអង្គប្រក់នាគនេះ គឺជា “ព្រះពុទ្ធសក្យមុនី” (ព្រះពុទ្ធគង់នៅស្ថានមនុស្ស) ដែលកំពុងការពារដោយនាគឈ្មោះ “មុចិលិន្ទ” ដែលជារឿងទេវកថាព្រះពុទ្ធសាសនាថេរវាទ និងជានិកាយមួយដែលខ្មែរកំពុងគោរពប្រណិប័តន៍បច្ចុប្បន្ន។ ក្រោយមក នៅក្នុងពេលថ្មីៗនេះ លោក Peter D. Sharrock (២០២២) បានផ្តល់សេចក្តីសន្និដ្ឋានថ្មីមួយថា បដិមាព្រះពុទ្ធប្រក់នាគដែលបានកសាងឡើងនៅរវាងស.វ.ទី១២ និងទី១៣ នាសម័យអង្គរទាំងនោះ ទំនងជារូបតំណាងឱ្យ “ព្រះអមិតាភ” (ប្រែថា៖ “ពន្លឺគ្មានកំណត់)ដែលជាព្រះពុទ្ធមួយអង្គ (ជិននាថ) ក្នុងចំណោមព្រះធ្យានិពុទ្ធទាំងប្រាំ។ ទ្រង់ប្រចាំនៅទិសខាងលិច និងគង់នៅស្ថានសួគ៌មានឈ្មោះថា “សុខាវតី” នៃលទ្ធិព្រះពុទ្ធសាសនាមហាយាន ដែលស្ថានសួគ៌នេះគេជឿថាជាកន្លែងដែលពោរពេញដោយសន្តិភាព និងរីករាយបំផុតសម្រាប់អ្នកបដិបត្តិធម៌ដើម្បីសម្រេចការត្រាស់ដឹង។
មកទល់បច្ចុប្បន្ននេះ ព្រះពុទ្ធអមិតាភក្នុងទម្រង់ជាបដិមានៅក្នុងសិល្បៈខ្មែរពុំមាននរណាហ៊ានអះអាងឱ្យជាក់លាក់ឡើយ ពោល គឺមានតែចម្លាក់តូចៗឆ្លាក់នៅលើផ្នួងសក់ព្រះពោធិសត្វតែប៉ុណ្ណោះ។ ប៉ុន្តែ ការសិក្សាស្រាវជ្រាវ និងសេចក្តីសន្និដ្ឋានថ្មីរបស់លោក Peter D. Sharrock គឺយោងទៅលើភស្តុតាងសិលាចារឹក (ប្រាសាទបឹងវៀង K.872) ដែលមានកត់ត្រាព្រះនាមព្រះពុទ្ធ អមិតាភ និងរៀបរាប់អំពីស្ថានសួគ៌សុខាវតី ព្រមទាំងយោងទៅលើភស្តុតាងផ្នែកប្រវត្តិសិល្បៈចំនួន ២ សំខាន់ គឺថ្មគោលព្រះពុទ្ធសាសនាដែលកំពុងរក្សាទុកនៅសារមន្ទីរហូណូលូលូ សហរដ្ឋអាមេរិក និងព្រះពុទ្ធប្រក់នាគដែលរកឃើញនៅប្រាសាទផ្ទី (តម្កល់នៅកណ្តាលអាងស្តុកទឹកប្រាសាទបឹងមាលា)។ ព្រះពុទ្ធប្រក់នាគនៅប្រាសាទផ្ទី គេដាក់តម្កល់នៅលើបង្គោលថ្មរាងប្រាំបីជ្រុងយ៉ាងខ្ពស់ឱ្យផុតពីទឹក ដែលលោកយល់ថា សសរនាគនោះហាក់ដូចជាមានទំនាក់ទំនងក្នុងនិម្មិតរូបបញ្ជាក់ឱ្យឃើញអំពីការឡើងនិងចុះរវាងស្ថានសួគ៌និងសមុទ្រ។ សសរបង្គោលនាគខ្ពស់នេះ ក៏ហាក់ដូចជាចង់បង្ហាញអំពីនិម្មិតរូបដែលព្រះពុទ្ធអង្គកំពុងគង់នៅស្ថានសួគ៌ ពោល គឺព្រះពុទ្ធអមិតាភ ហើយពុំមែនជាព្រះពុទ្ធសក្យមុនីដែលគង់នៅស្ថានមនុស្ស។ ករណីបែបនេះ យើងឃើញមាននៅក្នុងព្រះវិហារវត្តក្តីដើម ដែលព្រះពុទ្ធប្រក់នាគមួយអង្គ (យកមកពីប្រាសាទបឹងព្រៃខ្ញី) គេតម្កល់នៅលើបង្គោលខ្ពស់មួយដូចគ្នា។ ម្ល៉ោះហើយ នាគដែលប្រក់ព្រះពុទ្ធអង្គនោះក៏អាចមិនមែនជាមុចិលិន្ទដែរ តែអាចជានិមិត្តរូបនៃការយឹតយោងដំណើរទៅកាន់ស្ថានសួគ៌ច្រើនជាង។
ទោះបីជាការសន្និដ្ឋានថ្មីថាព្រះពុទ្ធប្រក់នាគ ប្រហែលជាព្រះពុទ្ធអមិតាភនៅស្ថានសុខាវតីដូចនេះក្តី គំនិតរបស់លោក George Trouvé ដែលយល់ថាព្រះពុទ្ធប្រក់នាគរកឃើញនៅប្រាសាទបាយ័ន្តនៅក្នុងឆ្នាំ១៩៣៣ គឺជា “ពុទ្ធរាជា” (ការភ្ជាប់រវាងព្រះមហាក្សត្រជាមួយព្រះជិននាថ) ក៏មិនមានការបដិសេធដែរ។ ដ្បិត ភស្តុតាងសិលាចារឹកនៅចុងស.វ.ទី១២ និងដើមស.វ.ទី១៣ (សិលាចារឹកភិមានអាកាស K.485) គឺបានប្រាប់ឱ្យដឹងអំពីការកសាងរូបសំណាកព្រះមហាក្សត្រនិងព្រះរាជវង្សានុវង្សពិតប្រាកដមែន។ ការភ្ជាប់ព្រះមហាក្សត្រជាមួយព្រះពុទ្ធជិននាថនៅពេលនេះ គេយល់ថា ជារូបភាពព្រះបាទជ័យវរ្ម័នទី៧ នៅពេលទ្រង់អស់ព្រះជន្មហើយ ពោល គឺក្នុងគំនិតថាសូមឱ្យព្រះអង្គនិងព្រះញាតិវង្សបានទៅសោយសុខនៅស្ថានសុខាវតីដូចព្រះពុទ្ធអមិតាភដែរ។ ផ្ទុយពីរូបសំណាកដែលអ្នកស្រាវជ្រាវ និងអ្នកផងទូទៅស្គាល់គ្រប់គ្នាថា “រូបតំណាងព្រះបាទជ័យវរ្ម័នទី៧” (សព្វថ្ងៃតាំងបង្ហាញនៅសារមន្ទីរជាតិកម្ពុជា) ដែលអង្គុយពែនភ្នែនសមាធិ និងមិនមានតុបតែងសក់រួញដូចព្រះពុទ្ធនោះ ប្រហែលទំនងជារូបសំណាកតំណាងឱ្យព្រះបាទស្រីជ័យវរ្ម័នទី៧ កាលទ្រង់នៅមានព្រះជន្ម។ ម្ល៉ោះហើយ បដិមាព្រះពុទ្ធប្រក់នាគដែលទើបបញ្ជូនត្រឡប់មកពីសហរដ្ឋអាមេរិក (មិនស្គាល់ប្រភព) មកកាន់ប្រទេសកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០២៤ ដែលយើងកំពុងលើកយកសិក្សានៅពេលនេះ ប្រហែលជារូបសំណាកតំណាងឱ្យព្រះបាទជ័យវរ្ម័នទី៧ ភ្ជាប់ជាមួយនឹងព្រះពុទ្ធអមិតាភ នៅពេលទ្រង់បានសោយទិវង្គតហើយ។
សូមបញ្ជាក់ថា នីតិវិធីនៃការទាមទារយកបដិមានេះត្រឡប់មកវិញ គឺធ្វើឡើងដោយមានកិច្ចសហការជាពិសេសរវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិការ និងសហរដ្ឋអាមេរិក។ ក្នុងនោះ ការិយាល័យមេធាវីសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក (SDNY) និងក្រសួងសន្តិសុខមាតុភូមិអាមេរិក បានស៊ើបអង្កេតរយៈពេល ៣ ឆ្នាំ ហើយបានចោទប្រកាន់លោក Douglas Latchford ថា បានជួញដូរវត្ថុសិល្បៈបុរាណខ្មែរដោយខុសច្បាប់។ ជាលទ្ធផលនៅខែកញ្ញា ឆ្នាំ២០២៣ គ្រួសារ Lindemann ដែលជាអ្នករក្សាទុកសមុច្ច័យវត្ថុបុរាណខ្មែរ បានស្ម័គ្រចិត្តយល់ព្រមប្រគល់វត្ថុបុរាណចំនួន ៣៣ ដុំ មកកម្ពុជាវិញ ដោយទទួលស្គាល់ថាវត្ថុបុរាណទាំងនោះ គឺកាន់កាប់ដោយខុសច្បាប់។ ក្រោយមក បដិមាព្រះអធ៌នារីស្វរ និងវត្ថុបុរាណផ្សេងទៀត បានដឹកមកដល់កម្ពុជាវិញនៅខែកក្កដា ឆ្នាំ២០២៤ និងបានធ្វើពិធីទទួលត្រឡប់មកវិញជាផ្លូវការនូវវត្ថុបុរាណខ្មែរចំនួន ៧១ ដុំ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ជារួមមក បដិមាព្រះពុទ្ធប្រក់នាគដែលបានបញ្ជូនពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាវិញ កាលពីខែកក្កដា ឆ្នាំ២០២៤ គឺជាភស្តុតាងបន្ថែមមួយទៀតអំពីការគោរពប្រតិបត្តិព្រះពុទ្ធសាសនាមហាយាន ឬវជ្រយាននៅក្នុងសម័យអង្គរ នាចុងស.វ.ទី១២ ដល់ស.វ.ទី១៣។ ប្រសិនបើព្រះបដិមាព្រះពុទ្ធប្រក់នាគនេះ គឺជារូបតំណាងព្រះពុទ្ធអមិតាភដូចដែលលោក Peter D. Sharrock សន្និដ្ឋានមែននោះ នឹងនាំឱ្យយើងដឹងថាសាសនានៅក្នុងរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៧ គឺមានភាពដូចគ្នាទៅនឹងប្រទេសចិន និងជប៉ុន ព្រោះនៅស.វ.ទី១២-១៣ ជប៉ុនក៏គោរពនិកាយនេះដែរ។




————
Nāga-Buddha statue
The article reports on the repatriation of 70 stolen Khmer artifacts from the U.S. in July 2024, including 33 pieces from the Lindemann family. The focus is on a specific Buddha Protected by a Nāga (Nāga-Buddha) statue of the Bayon style (12th-13th century). In traditional view, the statue is often identified as Sākyamuni protected by the Nāga Mucalinda (Theravāda). It is also linked to the large Bayon statue found in 1933, which George Coedès considered a “Buddharāja”, a portrait of King Jayavarman VII in the appearance of the Buddha. In recently, Peter D. Sharrock (2022) suggests the Nāga-Buddhas of Angkor, particularly those placed on high pillars, represent Amitābha (“Infinite Light”). This aligns with the Mahāyāna concept of the Sukhāvatī (Pure Land) Paradise, reflecting the king’s hope for rebirth as a Bodhisattva in this realm. The repatriated statue, likely representing Jayavarman VII as Amitābha after his death, serves as further evidence of the dominance of Mahāyāna/Vajrayāna Buddhism during his reign.





