ទំព័រដើមប្រវត្តិសាស្ត្របុល៖ កម្ចីដែលមានការប្រាក់ខ្ពស់តាមរយៈសិលាចារឹកសម័យអង្គរ​

បុល៖ កម្ចីដែលមានការប្រាក់ខ្ពស់តាមរយៈសិលាចារឹកសម័យអង្គរ​

នៅក្នុងអត្ថបទភាគ១ ស្ដីពីការខ្ចីបុល​នាសម័យបុរាណ​តាមរយៈសិលាចារឹក បានបង្ហាញអំពីពាក្យ «ក្ដឹង» និង «កំដឹង» តាមរយៈសិលាចារឹក​សម័យមុនអង្គរនិងសម័យកណ្ដាល ដើម្បីបង្ហាញអំពីបែបនៃការខ្ចីបុល​មួយបែប​នាសម័យបុរាណ​។ នៅក្នុងអត្ថបទនេះ ជាអត្ថបទ​បន្ដភាគ២ នឹងលើកបន្ដអំពីពាក្យ​ «បុល» មកបង្ហាញតាមរយៈភស្ដុតាងក្នុងសិលាចារឹកសម័យអង្គរ​ ដែលបង្ហាញអំពីរបៀបបុល ការប្រាក់ជាសំណង និងគោលបំណង​នៃ​ការ​បុល​ទ្រព្យ​។

បុល គឺជាប្រភេទកម្ចីមានការប្រាក់១០០% ដែល​ជា​ទូទៅ​កំណត់កា​ល​វេលា​​ឬរយៈពេលត្រូវសងគឺ១ឆ្នាំ​ ឬរយៈពេល១វដ្ដរដូវកសិកម្ម។ ក្នុងវចនានុក្រមខ្មែរ ពន្យ​ល់​ថា បុល គឺបណ្ដាក់ទ្វេឬបណ្ដាក់មួយជាពីរ គឺបណ្ដាក់អ្វីៗមានស្រូវជាដើម កាលដែលយកពីគេមកឬឲ្យទៅគេតែ១ភាគ លុះដល់កាលរដូវ ត្រូវសងឬត្រូវយកវិញជាពីរភាគ។

តាមរយៈសិលាចារឹក​ប្រាសាទរបងរមាស K.១៥៣ ឆ្នាំ១០០០, សិលាចារឹកវត្តមៀន K.១០៥  ចុងស.វ.ទី១០, សិលាចារឹក​ប្រាសាទចារ K.២៣៣ ផ្ទាំងខាងជើង ចុងស.វ.ទី១០, និងសិលាចារឹកអូរស្មាច់ ឬសិលាចារឹកវត្តប្រាសាទ​រាជាសំរោង K.១១៩៨ ផ្ទាំងខ ស.វ.ទី១​១ សុ​ទ្ធតែ​បាន​​បង្ហាញ​អំពីបញ្ហានេះ។ សិលាចារឹក​ប្រាសាទរបងរមាស K.១៥៣ មាន​សេចក្ដីសំខាន់​ផ្ដោ​តលើ​អំពើបុណ្យរបស់​ព្រះគម្ដែងអញ​ស្រីសោមេសូរបណ្ឌិត មាន​ស្រុក​នៅឯ​វ្លោ​ក​​ជើងសុរេង​ ស្ថាបនាប្រាសាទព្រះសិវលិង្គ និងថ្វាយដង្វាយផ្សេងៗចំពោះប្រាសាទនោះ។ នៅ​បន្ទាត់ទី៦ដល់ទី១១ មាននិយាយដល់ការសងដីជំនួសទ្រព្យដែលបានបុលគុណនឹងពីរ។

សម្រង់សិលាចារឹកប្រាសាទរបងរមាស K.១៥៣

[…] (៦)… ឆ្បរ៑តោយ៑ (៧) បឝ្ចីមវ្រះអាឝ្រមតីវាប៑បូប្រធានស្រុក៑វាប៑លេស៑តម្រ្វច៑បាទមូ (៨) លវ្រះអាឝ្រមឱយ៑ស្នោង៑ទ្រវ្យតរោះនេះហមន៑បុល៑◦កទាហម្វាយ្យ (៩) ងន្នជ្យង៑៤លិង៑១០លិង៑៥គុណវ្យរ៑វិង្វោង៑ឝិរម្វាយ្យ​គុណ​វ្យរ៑ចន្ល្យក៑ឆ្ល្យ (១០) ក៑យៅ២គុណយៅ៤ ភូមិតិឦឝានវ្រះអាឝ្រមតិវាប៑ចិត្តម្រ្វច៑នុវាប្ប (១១)  វិត្រតម្រ្វច៑នុវាប៑បូប្រធានស្រុក៑ឱយ៑ស្នោង៑ក្របិតិបុល៑គុណវ្យរ៑◦ […]

សេចក្ដីប្រែសម្រួល

ច្បារ​ខាងលិចព្រះអាស្រម វាបបូ ជាប្រធានស្រុក វាបលេស ជា​តម្រួតអ្នកបម្រើព្រះអាស្រម​ ឲ្យជាសំណងទ្រព្យ​ទាំងអស់នេះដែលបានបុល (គឺ) ខ្ទះមួយទម្ងន់​៤ជញ្ជីង ១០តម្លឹង និង៥តម្លឹង គុណជាពីរ វិង្វោងសិរមួយគុណជាពីរ សម្លៀកស្លៀក២យៅ គុណជា​៤យៅ។ ដីទិសឦសានព្រះអាស្រម​ វាបចិតតម្រួត វាបបពិត្រ​តម្រួត និងវាបបូប្រធានស្រុក​ឲ្យ​ជាសំណងក្របីដែលបានបុលគុណជាពីរ។

ចំណែកនៅក្នុងសិលាចារឹកដទៃទៀត ក៏បង្ហាញ​ថា​ ការបុល​ទ្រព្យ សត្វ​ពាហនៈ ឬវត្ថុផ្សេងៗ អាចសងវិញជាវត្ថុទ្រព្យដទៃដែលទំនងជាមានតម្លៃគុណនឹងពីរ​នៃទ្រព្យដើម។ នៅ​ក្នុងសិលាចារឹកវត្តមៀន​ K.១០៥ ចុងស.វ.ទី១០ បង្ហាញ​ថា​មានអ្នកបុល​ក្របី​គេ១នឹម យក​ប្រាក់​ទៅ​ជាវថ្មបាយក្រៀមដើម្បីសង់ប្រាសាទ ប៉ុន្តែដោយ​ពុំមាន​អ្វីសងវិញ និងទំនង​ជា​ជាប់បំណុល​នោះយូរ ក៏មាន​ព្រះរាជបញ្ជារបស់ព្រះមហាក្សត្រ​ឲ្យ​កាត់​យកស្រែ​សងថ្លៃជាប់បុលក្របី១នឹមនោះ យកទៅ​ថ្វាយដល់ប្រាសា​ទ​​ព្រះគម្ដែងអញ​ភគវតី។ ដូច្នេះ យើងឃើញថា​ការ​បុលក្របី១នឹម ត្រូវកាត់វិញដោយស្រែ១ដែលយើង​ពុំ​ដឹង​ទំហំច្បាស់ប្រាកដ។ យ៉ាង​ណា​ក្ដី យើងឃើញថា​ថ្លៃដែលសងត្រឡប់ទៅវិញ គឺអាចច្រើន​ជាង​ក្របី១នឹម​ គុណជាពីរ ដោយសាររយៈពេលដែលត្រូវសងនោះអូសបន្លាយ។

សម្រង់សិលាចារឹក​វត្តមៀន K.១០៥

[…] (១៧) ៩០៨ឝកចតុទ៌្ទឝិកេត៑ភាទ្របទអាទិត្យវារនុមាន៑វ្រះឝាសនធូលិ (១៨​) វ្រះបាទធូលិជេង៑វ្រះកម្រតេង៑អញ៑តវាប៑ហ្ឫទយឝិវបំចាំប្រត្យ​យ​នាចត្វារិតិប្រេមោ​ក​ឱយ៑ (១៩) ស្រេតវ្រះកម្រតេងអញភគវតី​គិ​អំវិ​យ​ស្រេបិឱយ៑ហេតុបុល៑ក្របិយទ្ន្យំ១នុ​ទុញ៑ថ្មោ​​​អ្លេ​ង៑ (២០) នុថ្វេវ្រះវ្នំមន្វាបសិប៑ខ្លោញ៑ជ្ន្វល៑នុទឝាធិក្ឫត្តនុប្រត្យយ​មោក​ឱយស្រេថ្លាយ៑ (២១) ក្របិ​គិ​​ហេតុបិមាន៑ស្រេវ្រះកំម្រតេង៑អញ៑ភគវតី […]

សេចក្ដីប្រែសម្រួល

(នា)មហាសករាជឆ្នាំ​៩០៨ (ថ្ងៃ)ទី១៤កើត ខែភទ្របទ ថ្ងៃអាទិត្យ មា​ន​​​​ព្រះរាជសាសន៍​ធូលីព្រះបាទធូលីជើងព្រះគម្តែងអញ (ត្រាស់បង្គាប់)ដល់​​​វាបហឫទ័យសិវ ​រាជ​មន្ត្រី​​ប្រចាំ​ការ​ថ្នាក់ទី៤ ប្រើមកថ្វាយស្រែចំពោះ​ព្រះគម្តែ​ងអញភគវតី គឺ​ស្រែ​ដែល​ត្រូវ​ឱ្យ ដោយ​ហេតុ​បុល​ក្របី១នឹម សម្រាប់​​ទិញ​ថ្ម​បាយ​ក្រៀម​ដើម្បី​ធ្វើប្រាសាទ​។ វាបសិបជា​ខ្លោញ​​ឈ្នួល(មេឈ្នួល) និង(មន្ត្រី)​ទសាធិក្រឹត ព្រម​ទាំងរាជ​​មន្ត្រី (ជាអ្នក)​មកឱ្យស្រែ(សង)ថ្លៃក្របី (គឺដី)ស្រែ​របស់​​ព្រះគម្តែង​អញ​ភគ​វតី។

          នៅក្នុងសិលាចារឹកប្រាសាទរលំទឹម[5] K.២៣៣ ស.វ.ទី១០ មានជាភស្ដុតាងបញ្ជាក់ថា ការ​បុល​ទ្រព្យ អាចសងវិញជាមនុស្ស ប៉ុន្តែមិនបាន​បង្ហាញនូវលក្ខណៈនិងរយៈពេលត្រូវសងនោះ​ទេ​។ ទំនងជារយៈពេលដែលត្រូវសងនោះយូរ និងពុំអាចរកអ្វីសងបាន ទើបយក​អ្នកបម្រើទៅកាត់បំណុលនោះទៅវិញ។ សេចក្ដីក្នុងសិលាចារឹកនោះបង្ហាញថា​មាន វាបរៅ ដែលជា​​ទសាធិក្រឹត (អ្នកត្រួតពល១០នាក់?)​ នៅឯ​វិជ័យបត្តន​ បាន​ទៅបុលក្របី​មួយក្បាល​ពី​ស្ដេញភ្នំច្រែង ដើម្បី​បង់ពន្ធជូនរាជការ​ គឺបង់ទៅខ្លោញស្រូវ។ ​វាបរៅ បាន​យកអ្នកបម្រើ​ស្រី​ម្នាក់​ គឺនាង(តៃ)គង្ហីង​ ទៅសងថ្លៃបុលនោះ។ ត្រង់នេះ​ ហាក់ឲ្យយើងឆ្ងល់ដែរថា ការបុល​ ជាធម្មតា​ ត្រូវសងគុណនឹងពីរ ដែលយ៉ាងណាក្ដី ថ្លៃសងជាក្របី២ក្បាល និងមនុស្សម្នាក់​ហាក់​មានតម្លៃខុសគ្នាយ៉ាងឆ្ងាយ។ យ៉ាងនេះក្ដី យើងមិនយល់លក្ខណៈលម្អិតនៃការបុលនោះឡើយ។ ម្យ៉ាង​វិញ​ទៀត​ សិលាចារឹកនេះ ក៏បង្ហាញដែលថា ការ​បង់​ពន្ធផ្នែកកសិកម្ម គឺត្រូវបង់​ជា​ផលកសិកម្ម ឬសត្វ​ពាហនៈ ពុំអាចបង់ជាមនុស្សបាននោះ​ទេ។ ហេតុដូច្នេះហើយ​​ ទើបយើងឃើញថា វាបរៅ មានអ្នកបម្រើ​ស្រីម្នាក់ មិនអាច​កាត់កងបង់ពន្ធបាននោះទេ ទើបត្រូវ​ទៅបុលក្របី ដើម្បីបង់​ពន្ធនោះជូនរាជការ្យ។

សម្រង់សិលាចារឹកប្រាសាទរលំទឹម K.២៣៣

[…] មន៑វាប៑រៅ​ទឝាធិក្ឫតវិជ (១៥) យបត្តន​ទៅបុល៑​ក្របិម្វាយតស្ដេញ៑វ្នំច្រេង៑ ◦ ឱយ៑វ្រះរាជកាយ៌្យ​តខ្លោ (១៦) ញ៑ស្រូ◦វាប៑រៅយោក៑តៃកន៑ហ្យង៑ឱយ៑ថ្លាយតស្ដេញ៑វ្នំច្រេង៑ ◦ យោ (១៧) ក៑តៃកន៑ហ្យង៑ជ្វន្តវ្រះកម្រតេង៑អញ៑ឝិវបត្តន្ន◦តិទុក្តប្រឝស្ដ ◦  […]

សេចក្ដីប្រែសម្រួល

មាន​វាបរៅ​(ជា)ទសាធិក្រឹ(នៅ)វិជ័យបត្តន ទៅបុលក្របីមួយ(ក្បា​ល)ពីស្ដេញ​ភ្នំច្រែង (ដើម្បី)ឲ្យព្រះរាជការ្យ​ដែលជាខ្លោញស្រូវ។ វាបរៅ​ យកតៃគង្ហីង (តៃកនហ្យ​ង​)​ឲ្យជាថ្លៃ(បុលសង)ដល់ស្ដេញភ្នំច្រែង។ (ក៏)យកតៃគង្ហីងថ្វា​យប្រាសាទព្រះគម្ដែងអញសិវ​បត្តន (និង)ចារទុកក្នុងសិលាចារឹក។​

ការបុលទ្រព្យ កាលបើមិនសងវិញ គឺម្ចាស់បំណុល​ត្រូវប្ដឹងឡើងទៅតុលាការ ដើម្បីដោះស្រាយក្ដី។ ក្នុងករណីគ្មានទ្រព្យដើម្បីសង នឹងត្រូវរឹបអូសឬកាត់ដីធ្លីសងបំណុលនោះ។ សេចក្ដីនេះ មាននៅក្នុងសិលាចារឹក​ប្រាសាទចារ K.២57 ផ្ទាំងខាងជើង ចារ​ក្នុង​ស.វ.ទី១១​។ សិលាចារឹកនេះ បង្ហាញសេចក្ដីសំខាន់ គឺដីនៅឯគម្រ្យាងដែល​ម្រតាញ៑ខ្លោញ​ស្រីនរបតិវីរវម៌្ម​ នាំអ្នកពាក់ព័ន្ធនឹង​ការ​បុលពុំសង​ ចូលតុលាការ​ដើម្បីជម្រះក្ដី​ ហើ​យ​​​​គេក៏កាត់យកស្រែនោះ​សងថ្លៃបំណុល។ ដើមហេតុគឺ វាបវិត ជាខ្លោញឈ្នួលអ្នកប្រដាល់ បានបុលប្រាក់ទម្ងន់មួយជញ្ជីង ថូវៅទិ១ទម្ងន់​៦ជញ្ជីង សម្លៀក១០យៅ ពីម្រតាញស្រី​នរបតីវីរវម៌្ម​ដើម្បីទិញសំណង់អ្វីមួយ។ លុះដល់ឆ្នាំត្រូវសង សភាកាត់​ក្ដីឲ្យ កំវៃរលំទ្យន សងទ្រព្យទាំងនោះគុណនឹងពីរ។ ដោយសារមិនមានទ្រព្យសង ទើប​ ​វាបវិត​ និងវាបទន ជាប្រធានស្រុកគម្រ្យាង វាបឥនជាខ្លោញឈ្នួលអ្នកប្រដាល់ វាបគោ​ជាមេ វាបទនជាមេ វាបអ្យក ជាមេអ្នកប្រដល់ស្រុកគម្រ្យាង កាត់ដីគម្រ្យាងឲ្យទៅ​ម្រតាញខ្លោញស្រីនរបតិវីរវម៌្ម​ជាថ្លៃសងបំណុងប្រាក់ ទ្រព្យ និងសម្លៀកដែលបានបុលគុណជាពីរ។

សម្រង់សិលាចារឹកប្រាសាទចារ K.២៥៧ ផ្ទាំងខាងជើង

[…] (១) … មាគ៌្គឝិរវ្ឫហស្បតិវារនុ​ម្រតាញ៑ខ្លោញ៑​ឝ្រីនរបតិវីរវម៌្ម​ប្រេ (២)​ …យ៑តកន្ម្វាយ៑ម្រតាញ៑ខ្លោញ៑​នាំ​វាប៑ទន៑មុឞ្តិយុធតមាន៑ (៣)… វាប៑ឥន៑​​ខ្លោញ៑​ជ្ន្វាល៑មុឞ្ដិយុធ​◦​វាប៑គោមូល◦​វាប៑គាប៑មូល◦​វាប៑ទន៑មូលវា (៤) [ប៑ អ្យ​ក៑]  មូលមុឞ្ដិយុធស្រុក៑គម្រ្យាង៑មោក៑វ្រះ​សភា◦កថាមន៑វាប៑​វិត៑ខ្លោញជ្ន្វាល៑មុឞ្ដិ (៥) [យុធ] បុល៑​ប្រាក៑ជ្យង៑ម្វាយ៑វោទិម្វាយ៑ងន៑ជ្យង៑ប្រម្វាយ៑​ចន្ល្យាក៑យោ​តប្បតម្រតាញ៑ខ្លោញ (៦) ឝ្រី​នរបតិវីរវម៌្មនុទុញ៑—-មណ្ឌីរកាលតគិឆ្នាំស្រច៑និណ៌្ណយកំវៃ​ល៌ំទ្យន៑ល្វោះគុណ (៧) ទ្រវ្យ​តរោះហ◦​អ្យត៑ទ្រវ្យ​ទេប៑​វាប៑វិត៑វាប៑​ទន៑ប្រធានស្រុក៑គម្រ្យាង៑◦​វាប៑ឥន៑ខ្លោញ៑ (៨) [ជ្ន្វាល៑មុឞ្ដិ]យុធវាប៑គោមូលវាប៑គាប៑មូល​​វាប៑ទន៑មូល​វាប៑អ្យក៑មូលមុឞ្ដិយុធ​ស្រុក៑គម្រ្យា (៩) ង៑—ភូមិគម្រ្យាង៑——-ឱយ៑តម្រតាញ៑​​ខ្លោញ៑ឝ្រី​នរបតិវីរវម៌្មថ្លាយ៑ប្រាក៑នុ​ (១០) ទ្រវ្យនុចន្ល្យាក៑តគុណ—- ​[…]

សេចក្ដីប្រែសម្រួល

(អត្ថបទដាច់) ខែមិគសិរ ថ្ងៃព្រហស្បតិ៍ នូវម្រតាញខ្លោញស្រីនរបតិវីរវម៌្មប្រើ — ដែលជាក្មួយរបស់​ម្រតាញខ្លោញ ឲ្យនាំ​វាបទន​អ្នកប្រដាល់ដែលមាន — វាបឥតខ្លោញឈ្នួ​ល​អ្នកប្រដាល់​ វាបគោ​ជាមេ វាបគាបជាមេ វាបទនជាមេ វាបអ្យក ជាមេអ្នកប្រដាល់​ស្រុកគម្រ្យាង​មកកាន់ព្រះសភា(តុលាការ)។ (លោក)រៀបរាប់ថា ​វាបវិតខ្លោញឈ្នួលអ្នកប្រដាល់​ បានបុលប្រាក់ទម្ងន់៦ជញ្ជីង ថូវោទិមួយទម្ងន់​៦ជញ្ជីង សម្លៀក​១០យៅ ពី​ម្រតាញខ្លោញ​ស្រីនរបតិ​វីរវម៌្ម​ដើម្បីទិញ—មន្ទីរ។ កាលដល់ឆ្នាំ(ត្រូវសង)ស្រេច (តុលាការ)កាត់ក្ដីឲ្យ កំវៃរលំទ្យន សងទ្រព្យទាំងនោះគុណនឹងពីរ។ ឥតទ្រព្យសង ទើបវាបវិត វាប​ទន ជាប្រធាន​ស្រុកគម្រ្យាង វាបឥតជាខ្លោញឈ្នួល​អ្នកប្រដាល់​ វាបគោជាមេ វាបគាបជាមេ វាបទនជាមេ វាបអ្យកជាមេអ្នកប្រដាល់ស្រុកគម្រ្យាង៑​—ដីគម្រ្យាង៑—ឲ្យដល់ម្រតាញខ្លោញស្រីនរបតិវីរវម៌្ម​ជាថ្លៃសងប្រាក់ ទ្រព្យ និង​សម្លៀកដែលត្រូវសងគុណជាពីរ…។

សិលាចារឹកអូរស្មាច់ ឬសិលាចារឹកវត្តប្រាសាទ​រាជាសំរោង K.១១៩៨ ផ្ទាំងខ ស.វ.​ទី១១ ក៏មានបង្ហាញអំពី​ការកាត់ដីសងជំនួសទ្រព្យដែលបាន​បុល​ដែរ។ សេចក្ដី គឺមាន​វាបលេ ជាមានភូមិ១០ ជាអ្នករក្សាព្រះវសន(សម្លៀកបំពាក់ព្រះ) នៅស្រុកត្រាច​បានបុលមា​ស​ឆ្អិន​២តម្លឹង​ពីព្រះកំស្ដេងអញ​ស្រីលក្ស្មីបតិវម៌្ម​ដើម្បី(បង់ពន្ធ)ឲ្យរាជការ ត្រូវ​សងជាមាសទ្វេ​គុណជា៤តម្លឹង ហើយឥតមាន​មាសដើម្បីសងវិញ​ ក៏ឲ្យដីនៅឯត្រាច​ជាថ្លៃសំណងវិញ។

សម្រង់សិលាចារឹកអូរស្មាច់ឬវត្តប្រាសាទរាជាសំរោង K.១១៩៨ ផ្ទាំងខ

[…] (២៧)… ៩៣៤ឝក​មន៑វាប៑លេ​ទឝគ្រាម​ទ្មុក៑វ្រះវសន​ស្រុក៑​ត្រា (២៨) ច៑បុល៑​មាស៑​ឆ្ឥិន៑​លិង៑២ត​វ្រះ[កំ]ស្ដេង៑​អញ​ឝ្រីលក្ឞ្មិបតិវម៌្ម​បិឱយ៑​រាជកាយ៌្យ​មន៑គុណមាស៑លិង៑៤បិអ្យត៑មាស៑បិឱយឱយ៑ភូមិ​អាយ៑ត្រាច៑… […]

សេចក្ដីប្រែសម្រួល

មហាសករាជឆ្នាំ​៩៣៤ មានវាបលេទសគ្រាម​ជាអ្នករក្សាព្រះវសននៅស្រុកត្រាច​បុលមាសឆ្អិន២តម្លឹងពីព្រះកំស្ដេងអញស្រីលក្ស្មីបតីវម៌្ម​ដើម្បី(បង់ពន្ធ)ឲ្យរាជការ​ ត្រូវសង​មាស​គុណជា៤តម្លឹង​ (ដោយ)មិនមានមាសដើម្បីសង ឲ្យដីនៅឯត្រាច(ជាសំណងវិញ)។

ការបុលទ្រព្យ តាមរយៈសិលាចារឹកសម័យអង្គរ មានគោលដៅសំខាន់២យ៉ាង​ គឺការធ្វើបុណ្យ និងការបង់ពន្ធជូនរាជការ្យ។ សិលាចារឹក​ដែលបានដកស្រង់មកបង្ហាញខាង​លើ​ជាសក្ខីភាពរួចទៅហើយ តែនៅទីនេះ នឹងលើកយកសិលាចារឹក​វត្តដំណាក់ K.៤២០ ដើម្បីបង្ហាញពីការបុល​ទ្រព្យ​ដើម្បី​ជាវដី​ថ្វាយ​ប្រាសាទបន្ថែម។ ម្ចាស់បំណុល​សំខាន់ដែល​មានទ្រព្យសម្រាប់អ្នកផងបុល នៅក្នុងសិលាចារឹកនេះ គឺ​ព្រះគម្ដែងអញនៅឯព្រេច។ ដីទី១ គឺដីចំណាត់អង្គ តម្រួតពលខ្លោញគាប ឲ្យថ្លៃដីជាដំរី១ ថូវៅទិ កន្ថោរស្ដោះ ភាជន៍១០ ដែលបុល​ពី​ព្រះគម្ដែងអញអាយព្រេច។ ដីទី២ គឺដីចំណាត់ជើង កំស្ដេង​លំវាង ឲ្យថ្លៃដីជា​ថូវៅទិ កន្ថោរស្ដោះ​ សរុបទម្ងន់៧ជញ្ជីង ដែលបុលពីព្រះគម្ដែងអញអាយព្រេចកាលពី​ធ្វើបុណ្យឆ្លងព្រះទំនប់។ ដីទី៣ គឺ​ដីចំណាត់​ព្រៃមួយ ដែលកំស្ដេងផ្នូរខ្អួល​ឲ្យសំណងជាអង្ករ​រាជការ្យ​នៅឯលោង និងថូវៅទិ កន្ថោរស្ដោះ ៦ ស្មើទម្ងន់​៧ជញ្ជីង ដែលបានបុល​ពីព្រះគម្ដែងអញ​អាយព្រេច។ ដីទី៤ គឺព្រៃព្រះភាគ ឲ្យថ្លៃដីជាមាស១០តម្លឹង ដែល​បានបុល​ពីព្រះគម្ដែងអញអាយព្រេច។ ដីទាំងអស់នេះ​ គឺ​ជាវ​ដើម្បីចូលរួម​ជាមួយ​ព្រះគម្ដែងអញ​ស្រី​វីរេន្ទ្រវម៌្ម​ ដើម្បីថ្វាយ​ទៅ​ប្រាសាទ។

សរុបរួមមកបុល គឺជាការខ្ចីទ្រព្យរបស់ដោយកំណត់ការប្រាក់១០០ភាគរយ គឺពេលខ្ចី១ ត្រូវសងគុណជា២។ ការសងវិញ អាចសងជាទ្រព្យដែលខ្ចី​ ឬទ្រព្យដែលមាន​តម្លៃស្មើ ឬក៏ជាអ្នកបម្រើ។ ការពុំទូរទាត់សង​បំណុលតាមការកំណត់ ម្ចាស់បំណុលអាច​ប្ដឹង​ឡើងតុលាការដើម្បីជម្រះក្ដីបាន។ កាលបើពុំមានទ្រព្យរបស់សងវិញ អ្នកជំពាក់បំណុល អាចកាត់ដីដែលមានតម្លៃស្មើនឹងសំណងសងវិញបាន។ ការបុលទ្រព្យពីសម័យ​អង្គរ ដើម្បីបំណង២សំខាន់ គឺបង់ពន្ធជូនរាជការ្យ និង​ជាវដីធ្លីឬសម្ភារៈសំណង់​ដូចជា​ថ្មបាយ​ក្រៀមជាដើម ថ្វាយ​ប្រាសាទ។​

———–

Pul: High-Interest Borrowing in Angkorian Inscriptions

This article examines the practice of high-interest borrowing as documented in Angkorian inscriptions. Pul (បុល), both historically and in modern usage, refers to a lending system with an annual interest rate of 100%, typically aligned with the agricultural cycle. In practical terms, a borrower was required to repay double the amount borrowed.

The term Pul frequently appears in inscriptions dating to the 10th–11th centuries CE, during the Angkorian period. Repayment could take the form of the original borrowed item, an equivalent asset, or even a servant. If the debt was not settled on time, the creditor had the right to pursue legal action. In cases where the debtor lacked sufficient property, land of equivalent value could be seized to satisfy the obligation.

Loans during the Angkorian era primarily served two purposes: paying taxes to the royal service and acquiring land or construction materials—such as stone—for temple building.

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,900SubscribersSubscribe
- Advertisement -spot_img