ទំព័រដើមទំនៀមទម្លាប់បុរាណមត៌កវប្បធម៌អរូបីកម្ពុជាទាំង៧ ចុះក្នុងបញ្ជីអង្គការយូណេស្កូ

មត៌កវប្បធម៌អរូបីកម្ពុជាទាំង៧ ចុះក្នុងបញ្ជីអង្គការយូណេស្កូ

មត៌កវប្បធម៌អរូបី ឬបេតិកភណ្ឌវប្បធម៌អរូបី សំដៅលើជំនឿ កិច្ចប្រតិបត្តិ សិល្បៈសម្ដែង ចំណេះ​ជំនាញ​ប្រពៃណី ដែល​សហគមន៍នីមួយៗ​ទទួលស្គាល់ថាជាទំនៀម​ទម្លាប់​ប្រពៃណី​របស់ខ្លួន។​ មរតកវប្បធម៌អរូបី​ទាំងនេះ​ បានផ្ទេរបន្តពីជំនាន់មួយទៅជំនាន់មួយហើយត្រូវសហគមន៍ ឬក្រុមមនុស្សយកមកប្រតិបត្តិ​ឡើងវិញ​រហូតមក ដើម្បីឆ្លើយតប​​​​ទៅនឹងបរិស្ថានរស់នៅ ចំណេះដឹងប្រពៃណី​ទាក់ទងនឹងធម្មជាតិ និង​ប្រវត្តិរឿង​រ៉ាវរបស់ពួកគេ ព្រមទាំ​ងផ្ដល់ឲ្យសហគមន៍នោះនូវអត្តសញ្ញាណ និងនិរន្ដរភាពផង។ ទន្ទឹមនោះ ការសិក្សា​​ស្វែងយល់ដឹងពីមត៌ក​វប្បធម៌អរូបីតាម​សហគមន៍ផ្សេងៗគា្ន ជួយឲ្យមានកិច្ចសន្ទនាជា​អន្តរវប្បធម៌ ព្រមទាំងជំរុញឲ្យមានការគោរពនូវទំនៀមទម្លាប់រស់នៅរបស់គា្នទៅវិញទៅ​មក។

បច្ចុប្បន្ន(គិតត្រឹម​ការ​ចុះ​បញ្ជីចុងក្រោយ​ក្នុង​ឆ្នាំ​២០២៤) កម្ពុជា​មានមោនភាពបំផុត​ដែលបាន​​ចុះ​បញ្ជី​មត៌កវប្បធម៌​អរូបី​ ចំនួន​៧ទម្រង់ ​​ក្នុងបញ្ជីតំណាងបេតិក​ភណ្ឌ​វប្បធម៌អរូបី នៃមនុស្សជាតិរបស់​អង្គការយូណេស្កូ (UNESCO’s Representative List of the Intangible Cultural Heritage of Humanity) ដូចខាងក្រោម៖

១. របាំព្រះរាជទ្រព្យ (៧ វិច្ឆិកា ២០០៣) របាំព្រះរាជទ្រព្យ គឺ​ជាទម្រង់របាំបុរាណ និងជាសិល្បៈសក្ការៈ​ខ្ពង់ខ្ពស់ក្នុង​វប្បធម៌​ខ្មែរ។ របាំនេះ​មាន​ឈ្មោះ​ហៅផ្សេងទៀតដូចជា ល្ខោន​ព្រះរាជទ្រព្យ ឬហៅម្យ៉ាងទៀតថា ល្ខោនហ្លួង ដ្បិតតែង​បានការសន្តោស​​ទំនុក​បម្រុង​ពីព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស​ ហើយ​តែង​សម្តែង​ក្នុង​ព្រះរាជពិធី​សំខាន់ៗ​ដូចជា ​ព្រះរាជពិធីគ្រងរាជ្យ​សម្បត្តិ ព្រះរាជពិធីតាំង​តុ ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​ ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក និង​ពិធីទទួល​ស្វាគមន៍​ប្រតិភូ​​។ របាំនេះសម្តែងដោយមនុស្សស្រីទាំងអស់ លើកលែងតែតួស្វា តួត្លុក តួឥសី និងតួអង្គ​សត្វនានា​ទៅតាម​សាច់រឿង​ដែលលើ​កមក​សម្តែង។ នៅថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០០៣ របាំព្រះរាជទ្រព្យ ត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​ដោយ​​អង្គការ​យូណេស្កូថាជា “ស្នាដៃវិចិត្រ​នៃបេតិកភណ្ឌ​វប្បធម៌អរូបី​ នៃមនុស្ស​ជាតិ” ហើយ​នៅ​ថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០០៨ របាំនេះ​បាន​បញ្ចូល​ក្នុង​“បញ្ជី​តំណាង​នៃ​បេតិក​ភណ្ឌ​​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ ក្នុង​កិច្ច​ប្រជុំ​លើក​ទី៣ នៃគណៈកម្មការ​អន្តរ​រដ្ឋា​ភិបាល​សម្រាប់​​​​​កិច្ច​ការ​ពារ​បេតិកភណ្ឌ​​វប្ប​ធម៌​​អរូបី​ នៅទីក្រុង​អ៊ីស្តែន​ប៊ុល​ ប្រទេស​ទួរគី។

២. ល្ខោន​ស្រមោលស្បែកធំ (២៥ វិច្ឆិកា ២០០៥) ល្ខោន​ស្រមោល​ស្បែកធំ ឬហៅខ្លីថាល្ខោន​ស្បែកធំ ក៏​ជាទម្រង់​សិល្បៈសក្ការៈ​ដូច​​របាំ​ព្រះរាជទ្រព្យដែរ។ ល្ខោន​ស្បែកធំ ​សម្តែងតែ​អន្លើ​នានា​ក្នុង​រឿង​រាម​កេរ្តិ៍​​ ដោយ​​ប្រើ​ផ្ទាំង​ស្បែកធំៗឆ្លាក់​តួ​អង្គ​ដូចជា​ ទេព យក្ស​ មនុស្ស​ សត្វ រុក្ខ​ជាតិ  សំណង់ និង​អ្វីៗ​ទៅតាម​​សាច់​តាម​សាច់​រឿង​។ ពិធី​​ដែល​ធ្លាប់​​សម្តែង​ស្បែក​ធំ​មាន​ដូចជា ព្រះរាជពិធីថ្វាយ​ព្រះភ្លើង​ព្រះបរមសពព្រះ​មហាក្សត្រ-​ព្រះ​ញាតិ​វង្ស ព្រះ​សព​សម្តេច​ព្រះ​សង្ឃរាជ ព្រះចៅ​អធិការ​វត្ត​ និង​​ព្រះ​រាជពិធីគ្រង​រាជសម្បត្តិ ​ចម្រើន​ព្រះ​ជន្មព្រះ​មហាក្សត្រ ​ឬបញ្ចុះ​​សីមា ។ល។

នៅថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៥ ល្ខោន​ស្រមោល​ស្បែក​ធំ បាន​ចុះ​ក្នុង​បញ្ជី​អង្គការ​យូណេ​ស្កូថាជា “ស្នាដៃពិចិត្រ​នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​” ហើយ​នៅ​ឆ្នាំ​២០០៨ ល្ខោន​ស្បែក​ធំនេះ​បាន​ប្តូរ​ទៅ​ក្នុង​ “បញ្ជី​តំណាង​នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​​​​ជាតិ” ស្រប​ពេល​នឹងរបាំព្រះរាជទ្រព្យ។

៣. ល្បែងទាញ​ព្រ័ត្រ (២ ធ្នូ ២០១៥)

ទាញព្រ័ត្រក្នុង​សង្គមខ្មែរ ពុំ​មែនត្រឹម​ជា​ល្បែង​សម្រាប់​ល្បងក​ម្លាំងគ្នា​ទេ តែ​ល្បែង​នេះ​មាន​ខ្លឹមសារ​ និង​អត្ថ​ន័យ​ជ្រាល​ជ្រៅទៅ​ក្នុង​ជំនឿ​។ ក្នុង​ជំនឿ​ខ្មែរ ទាញព្រ័ត្រជា​ល្បែង​សម្រាប់​​លេងជាទូទៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ និង​លេង​ក្នុង​បរិបទ​ជា “កិច្ច​” ​ក្នុង​ពិធី​ឆ្លងចេត្រ​ ឬឡើង​អ្នក​តា​នៅតាម​បណ្តា​​សហគមន៍​មួយ​ចំនួនក្នុងខេត្ត​សៀមរាប និង​កំពង់ធំ ប្រារព្ធ​ក្រោយ​​ចូលឆ្នាំ ឬ​មុន​ចូលរដូវ​ធ្លាក់ភ្លៀងធ្វើស្រែ​ចម្ការ។ ថ្ងៃចុងក្រោយនៃ​ថ្ងៃ​ចូល​ឆ្នាំ ជាថ្ងៃ “ផ្ដាច់​ព្រ័ត្រ” ពោលគឺគេត្រូវទាញព្រ័ត្រឲ្យដាច់នៅវេលាថ្ងៃត្រង់ ដែល​ខ្លឹមសារ​ជារួម​ក្នុង​គំនិត​ខ្មែរ គឺមានន័យថា ផ្តាច់​ឆ្នាំចាស់ ផ្លាស់​ចូល​ឆ្នាំ​ថ្មី។ ល្បែង​ទាញព្រ័ត្រ​ បាន​ចុះ​ក្នុង​​​បញ្ជី​ពហុជាតិ​សាសន៍ ​តាម​សំណើ​រួម​របស់​កម្ពុជា   ហ្វីលីពីន វៀតណាម និង​សាធារណរដ្ឋ​កូរ៉េ ​ក្នុង “បញ្ជី​តំណាង​នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ” នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ​២០១៥ ក្នុង​កិច្ច​ប្រជុំ​លើកទី១០ នៃគណៈកម្មការ​អន្តរ     ​រដ្ឋាភិបាល​សម្រាប់​កិច្ច​ការ​ពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី ដែលប្រព្រឹត្តទៅ​នៅទីក្រុង​វិន​ឌុក​ ប្រទេស​ណាមីប៊ី។

៤. ចាប៉ីដងវែង (៣០ វិច្ឆិកា ២០១៦) ក្នុងសង្គមខ្មែរ ចាប៉ី​ជា​សិល្បៈ​​ដ៏​មាន​ប្រជាប្រិយ​ ដែលអ្នកស្រុក​តែង​និយម​ចូលចិត្តតាំងពីដើមរៀងមក។ សិល្បករចាប៉ីអាចសម្តែងម្នាក់ឯងក៏បាន និង​អាច​សម្តែង​ច្រៀងឆ្លង​ឆ្លើយ​គ្នា​ដែលហៅថា “ចាប៉ីឆ្លងឆ្លើយ” ឬច្រៀងដោយ​មាន​សិល្បករសម្តែង​តាម​សាច់រឿងក៏បាន។ ក្រៅពី​សម្រាប់​កម្សាន្ដ​ ​ចាប៉ី​អាចសម្តែង​​ក្នុង​ពិធី​​ប្រពៃណី​​ដូចជា ជាវ​ខាន់ស្លា​​ បញ្ជាន់​អារក្ស ​កោរជុក​ ​បំបួសនាគ និង​ពិធីបុណ្យ​​ក្នុង​ទំនៀម​សាសនាជាដើម។ មិន​តែប៉ុណ្ណោះ ឧបករណ៍ចាប៉ីអាចប្រើ​​ក្នុងវង់ភ្លេងអារក្ស និងវង់ភ្លេងការបុរាណទៀត​ផង។ ដោយ​សារ​តម្លៃលេចធ្លោជាសាកល ចាប៉ីដងវែងត្រូវបាន​គណៈកម្មការអន្ដររដ្ឋាភិបាល​សម្រាប់​​កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី ​ចុះទៅក្នុង “បញ្ជីបេតិកភណ្ឌវប្បធម៌អរូបី​នៃ​មនុស្ស​ជាតិ” របស់​អង្គការយូណេស្កូ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងសម័យ​ប្រជុំលើកទី១១ នៅ​ទីក្រុង​អាឌីស​អាបាបា ប្រទេសអេត្យូពី។

៥ ល្ខោន​ខោល​វត្តស្វាយអណ្តែត (២៨ វិច្ឆិកា ២០១៨) ល្ខោនខោល ជា​សិល្បៈ​បុរាណ​​សម្តែង​ដោយ​មនុស្ស​ប្រុស​ ពាក់​មុខ​ខ្មុក​សម្តែងអន្លើនានា​ក្នុង​រឿង​រាម​កេរ្តិ៍ ដោយមាន​អ្នក​ពោល​​ដំណើរ​រឿង​ និង​កំដរ​ដោយ​ភ្លេង​ពិណ​​ពាទ្យ។ ល្ខោន​​ខោល​វត្ត​ស្វាយ​អណ្តែត គឺជា​​សិល្បៈសក្ការៈរបស់​ហគមន៍​វត្ត​ស្វាយ​អណ្តែត ដែលស្ថិត​ក្នុង​ភូមិតាស្គរ សង្កាត់​សារិកាកែវ ក្រុង​អរិយក្សត្រ ខេត្ត​កណ្តាល។ តាម​ទំនៀម​ប្រចាំឆ្នាំ ល្ខោនខោលក្រុមនេះតែងមាន​ពិធីសំពះគ្រូសម្តែង​ថ្វាយបារមីម្តង​ ក្រោយ​ថ្ងៃចូលឆ្នាំ។ ជាមោទនភាព នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ល្ខោន​ខោល​វត្ត​ស្វាយ​អណ្តែត ដែល​ជា​តំណាង​ល្ខោន​ខោល​ទូទាំង​ប្រទេស​​ ត្រូវ​បាន​អង្គការ​យូណេស្កូ​អនុម័ត​យល់​ព្រម​ចុះ​ក្នុង​ “បញ្ជី​បេតិ​ក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ” នៅ​ទីក្រុង​​ព័រល្វី សាធារណរដ្ឋ​ម៉ូរីស តាម​សេចក្តី​សម្រេច​ Decision 13.COM.10.a.3 ក្នុង​កិច្ច​ប្រជុំ​លើកទី​១៣ នៃគណៈកម្មការ​អន្តររដ្ឋាភិបាល​​សម្រាប់​កិច្ច​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ។

៦. គុនល្បុក្កតោ (២៩ វិច្ឆិកា ២០២២) គុនល្បុក្កតោ មានឈ្មោះហៅផ្សេងៗគ្នាទៅតាមតំបន់ ហើយការហាត់រៀន​ក៏ខុសគ្នា​ដែរ។ គេយល់ថា ក្បាច់គុនល្បុក្កតោមាន​មូលដ្ឋានពីចម្លាក់តាម​ប្រាសាទ ជាពិសេស​ចម្លាក់​នៅប្រាសាទបាយ័ន្ត។ ការហាត់ក្បាច់គុននេះ មិនត្រឹមតែផ្តោត​លើ​ការ​ប្រើ​បច្ចេកទេស​​រាងកាយ និងទេពកោសល្យ​រហ័សរហួន ឈ្លាសវៃ ប៉ិនប្រសប់​ការពារ​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​បានបង្រៀនអំពីការគោរព សេចក្តីថ្លៃថ្នូរ និង​វិន័យ​ទៀត​ផង។ លក្ខណៈ​ពិសេស​គុនល្បុក្កតោ គឺការ​ប្រើប្រាស់​រាង​កាយ​​​​ប្រយុទ្ធដូចជា កណ្តាប់ដៃ កែង​ដៃ ជង្គង់ និង​ជើង ហើយ​មេគុន​ខ្លះ មាន​ប្រើ​ដំបង ឬដាវ​ជា​អាវុធ​ជំនួយ​ផង។ កម្ពុជា​បាន​​ស្នើ​ចុះ​គុនល្បុក្កតោ ក្នុង​បញ្ជី​បេតិកភណ្ឌ​សម្បត្តិវប្បធម៌អរូបី​នៃមនុស្សជាតិ​របស់អង្គការយូណេស្កូ ដោយ​ជោគជ័យ​ កាល​ពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក ក្នុងកិច្ចប្រជុំលើកទី១៧​ នៃ​សេចក្តី​សម្រេចលេខ 17.COM7.b1

៧. ក្រមា (៤ ធ្នូ ២០២៤) ក្រមា​ ឬកន្សែង គឺ​ជា​មត៌ក​វប្បធម៌អរូបី​កម្ពុជា​ទី៧ ដែល​​ចុះក្នុង​បញ្ជី​បេតិកភណ្ឌ  វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២៤ នៅទីក្រុង​អាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្កាយ តាមរយៈសេចក្តី​សម្រេចលេខ19.COM 7.b.27។ ​សង្គម​​ខ្មែរ​ចាត់​​ទុក​ក្រមា​ ​ជាវត្ថុសំខាន់​ភ្ជាប់​នូវ​តម្លៃ​​​ខ្លឹមសារ និង​អត្ត​​សញ្ញាណ​​វ​ប្បធម៌​​ជ្រាល​​ជ្រៅ​ក្រៃលែង។ ក្នុង​​ជីវភាពប្រចាំ ជា​ពិសេស​ចំពោះអ្នក​ស្រែ​ចម្ការ ក្រមាអាច​​​​ប្រើ​សម្រាប់ស្លៀក​ដណ្តប់ វេច​ខ្ចប់ ក្រាល ទទូរ ឆ្នួត បង់ក ពានា ។ល។

សរុបសេចក្តីមក ការចុះបញ្ជី​មត៌កវប្បធម៌អរូបីក្នុង​បញ្ជីបេតិកភណ្ឌវប្បធម៌​អរូបី​​នៃ​មនុស្សជាតិ​របស់អង្គការយូណេស្កូ ពិត​ជាបាន​ផ្តល់នូវគុណតម្លៃចំពោះ​វប្បធម៌ និង​សង្គម​ ដែល​​ជា​មោទនភាពដ៏​ធំធេង​សម្រាប់​ជាតិ ដ្បិត​មត៌កទាំងនោះ​បាន​ការ​ទទួលស្គាល់ និង​លើក​​តម្លៃ​លើ​ឆាក​អន្តរជាតិ។ ​ទន្ទឹមនោះ នឹងទទួលបាន​ការ​អភិរក្ស-ការពារ និង​លើក​កម្ពស់​ការ​យល់ដឹង​កាន់​តែ​ទូលំ​​ទូលាយផងដែរ៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,900SubscribersSubscribe
- Advertisement -spot_img