សិលាចារឹកនេះ រកឃើញនៅបរិវេណប្រាសាទប្រាំ ភូមិកសាង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ និងបានយកមករក្សាទុកនៅវត្តកសាងនៅឆ្នាំ២០០៣។ ក្រោយមក នៅរវាងឆ្នាំ២០០៦សិលាចារឹកនេះបានបាត់ពីវត្តកសាង រហូតមិនមានដំណឹងមកទល់បច្ចុប្បន្ន។ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ លោក ហ៊ុន ឈុនតេង បានសិក្សាផ្នែកអត្ថបទជាភាសាខ្មែរនៃសិលាចារឹកនេះម្តងរួចមកហើយ ដោយយោងទៅលើសំណៅផ្តិត ដែលគេកំពុងរក្សាទុកនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តក្រចេះ។ ទោះបីជាយ៉ាងណា ផ្នែកអត្ថបទជាភាសាសំស្រ្កឹត លោកពុំទាន់បានសិក្សានៅឡើយ។ ហេតុដូច្នេះហើយ នៅក្នុងអត្ថបទនេះ យើងនឹងលើកយកផ្នែកភាសាសំស្រ្កឹតមកសិក្សា។
សិលាចារឹកនេះ ជាប្រភេទថ្មគោលមានចារឹកអក្សរសងខាង។ ផ្នែកទី១ ជាភាសាសំស្រ្កឹតមានចំនួន ២២ បន្ទាត់ និងផ្នែកទី២ជាភាសាខ្មែរមានចំនួន ១៨ បន្ទាត់។ ផ្នែកទី២ មានបញ្ជាក់កាលបរិច្ឆេទជាក់លាក់នៅមហាសករាជឆ្នាំ៦០៨ ត្រូវនឹងគ្រិស្តសករាជឆ្នាំ៦៨៦ ដែលរៀបរាប់អំពីព្រះ រាជអាជ្ញារបស់ព្រះបាទស្រីជយវម៌្ម(ទី១)។ កាលបរិច្ឆេទនេះ ពិតជាមានសារសំខាន់ណាស់ ព្រោះវាផ្ទុយទៅនឹងការកំណត់កាលបរិច្ឆេទរបស់ប្រវត្តិវិទូមុនៗ ដែលកំណត់ថា ព្រះបាទស្រីជយវម៌្មទី១ឡើងសោយរាជ្យនៅគ.ស.៦៥៧ ដល់ ៦៨១។
ចំពោះខ្លឹមសារជារួមនៃអត្ថបទជាភាសាសំស្រ្កឹត របស់សិលាចារឹកនេះ រៀបរាប់អំពី៖
- ស្លោកទី១ ពណ៌នាអំពីព្រះសិវ
- ស្លោកទី២ ពណ៌នាអំពីរាជវង្សព្រះមហាក្សត្រក្នុងត្រកូលសោមវង្ស
- ស្លោកទី៣ ពណ៌នាអំពីសេចក្តីព្យាយាម និងគុណធម៌របស់ព្រះមហាក្សត្រ
- ស្លោកទី៤ ពណ៌នាអំពីព្រះរាជអាជ្ញារបស់ព្រះមហាក្សត្រ ដើម្បីកសាងអារាមទីសក្ការបូជាព្រះមហេស្វរ
- ស្លោកទី៥ ទី៦ ពណ៌នាអំពីព្រះបាទឝ្រីជយវម៌ទី១ និងគុណសម្បត្តិ និងរាជអាជ្ញា
- ស្លោកទី៧ ពណ៌នាអំពីជ្ញានចន្ទ្រ
- ស្លោកទី៨ ទី៩ ពណ៌នាអំពីព្រះរាជអាជ្ញារបស់ព្រះមហាក្សត្រ
- ស្លោកទី១០ ពណ៌នាអំពីពាក្យបណ្ដាសា
- ស្លោកទី១១ ពណ៌នាអំពីឆ្នាំចារឹក។
អត្ថបទចារឹក និងសេចក្តីប្រែ
១. ជយតីន្ទ្រាទិទេវាស្យ ឝ្ឝ្រីមាន្យជ្ញបតីឝ្វរះ
ជិតស្វរាជ្ញៃយ៌្យស្សាធុ- តាប៌ិ្បតោភុវិយជ្វភិះ។
ប្រែថា៖ ព្រះយជ្ញបតីឝ្វរដ៏មានសិរីតែងតែឈ្នះ ទ្រង់ជាប្រមុខនៃពួកទេព្តាទាំងពួង មានព្រះឥន្ទ្រជាអាទិ៍ ទ្រង់បានឈ្នះហើយដោយអាជ្ញាដ៏ត្រឹមត្រូវ ប្រកបដោយសប្បុរសភាព ទ្រង់ត្រូវបានបូជាថ្វាយដោយពិធីបូជាយញ្ញទាំងឡាយជាច្រើនលើលោក។
ជ្រុងទី១
១. ជយត្យជោភវោភូត- ភាវនោភគវាន្វិភុះ
ប្រភុរេកាន្តទុវ៌ោធ- មហិមាជគទីឝ្វរះ។
ប្រែថា៖ (ព្រះសិវ)តែងតែឈ្នះ ទ្រង់ជាព្រះអជៈ ជាព្រះភព ជាព្រះភូតភាវនៈ ជាព្រះភគវ័ត ជាព្រះវិភូ ជាព្រះប្រភុ ជាសភាវៈដ៏មហិមាដែលយល់បានដោយកម្របំផុត និង ជាព្រះជគទីឝ្វរៈ។
២. អស្តិ សោមាន្វយនភស៑ សំបូណ៌្នន្ឫបឝីតភុះ
គុណាង្ភុវិវ៌ុវោន្ទាម- កុមុទាហ្លាទនោទយះ។
ប្រែថា៖ មានព្រះរាជាមួយព្រះអង្គជាកំពូលឰដ៏សោមវង្ស ជាអាវុធដ៏ត្រជាក់លើអធិបតេយ្យភាពដែនដីដ៏បរិបូណ៌ មានគុណដ៏សន្ធឹកដូចមហាសាគរ ជាទីឧទ័យឡើងនៃភាពរីករាយដូចជាបណ្ដុំនៃផ្កាឈូកស។
៣. គមិតាយោជនាធ្វាន- មិបុណា វាហុវីយ៌្យតះ
ក្ឞេន្ទ្រកលិមលាលេប- ក្ឞាលនាទិវទូរតះ។
ប្រែថា៖ ទ្រង់បានយាងធ្វើដំណើរទៅអស់ចម្ងាយនៃយោជន៍ ប្រកបដោយវីរិយភាពដ៏លើសលប់តាំងតែពីចម្ងាយ ព្រោះតែដើម្បីលាងជម្រះនូវការប្រលាក់ដ៏សៅហ្មងនៅក្នុងកលិយុគ ដោយពួកក្សត្រទាំងឡាយជាអាទិ៍។
៤. [ធេ]វោ’ច្យុតមហេឝានា- ទ្យមរស្ថានធាមភិះ
ឝាលាឝ្រមៃះ បុរំ រាជា ត្រិវិឞ្តបមិវាករោត៑។
ប្រែថា៖ ព្រះរាជាទ្រង់បានបញ្ជាឱ្យគេកសាងនូវបុរី ដែលប្រៀបដូចនឹងត្រិវិឞ្ដប (គឺស្ថានសួគ៌) ព្រមទាំងសាលា និងអាស្រមទាំងឡាយ ដែលហាក់បីដូចជាអមរស្ថានដ៏មានជោគនៃព្រះ មហេសូរជាអម្រឹតជាអាទិ៍។
៥. ឝ្រីមាន៑ឝ្រីជយវម៌្មេតិ ឝក្រោបេន្ទ្របរាក្រមះ
ន្ឫបោភូត្ភូមិរាជ្យាំគ- មស្តកន្យស្តឝាសនះ។
ប្រែថា៖ ព្រះរាជាអង្គនេះ មានព្រះនាមថាឝ្រីជយវម៌ដ៏មានសិរី ទ្រង់ខ្លាំងក្លាប្រៀបបាននឹង ស្ដេចសក្រទេវេន្ទ្រាធិរាជ ទ្រង់មានព្រះរាជសាសន៍ (គឺព្រះរាជបញ្ជា) ត្រូវបានលើកទ្រលើសិរសាដោយពួកព្រះនរបតីទាំងឡាយដែលមានភូមិរាជ្យាង្គ (គឺដែនរាជ្យដែលប្រកបដោយអង្គ ៧ ឬ ៩ ប្រការ)។
៦. តស្យាជ្ញយាសទាបុណ្យំ ទេវឝាលាឝ្រមេឞុយត៑
សំហទិតំប្រសិទ្ធន្តត៑ យជ្ញភិវ៌សុសវ៌តះ។
ប្រែថា៖ ព្រោះព្រះរាជអាជ្ញារបស់ព្រះអង្គ ជារៀងរាល់ថ្ងៃបុណ្យណា[បានធ្វើ]ក្នុងអាស្រម និងសាលាទាំងឡាយនៃទេវាល័យហើយ បុណ្យនោះនឹងត្រូវបានសម្រេចផលដោយគ្មានការ រាំងស្ទះ ដោយការបូជាយញ្ញទាំងឡាយ និងសម្បត្តិមកពីគ្រប់ទិសទី។
៧. វិមុក្តបត្តនគ្រាមេ ជ្ញានចន្ទ្រេនយជ្វនា
បុហ្វាឝ្រមេធនំទត្តម៑ ក្ឞេត្រភ្ឫត្យគវាទិយត៑។
ប្រែថា៖ តាមរយៈលោកបូជាចារ្យជ្ញានចន្ទ្រឰដ៏វិមុក្តបត្តនគ្រាម ទ្រព្យធនដែលត្រូវបានថ្វាយហើយក្នុងបុហ្វាស្រម គឺមានដីស្រែ ខ្ញុំបម្រើ និងគោទាំងឡាយជាអាទិ៍។
៨. តត្រេតរំ ប្រទានឥ យច្ចបុណ្យម្សមាឝ្រិតម៑
អចាលិនិយមិត្យេហ ន្ឫបាជ្ញាសវ៌ទាន្ឫភិះ។
ប្រែថា៖ ទ្រព្យធនដទៃទៀតដែលប្រទានទុកក្នុងទីនេះក្ដី ត្រូវបានការពារទុកដើម្បីចម្រើនបុណ្យ មិនត្រូវឱ្យពួកមនុស្សរុះរើក្នុងទីនេះឡើយ នេះគឺជាព្រះរាជអាជ្ញាឰដ៏គ្រប់សម័យកាល។
៩. វ្រតាទ្វ្យយយុក្តានាំ យោគិនាមត្រ សវ៌ទា
ភុក្តិរាឝ្រមសទិត្តា- ន្យហាយ៌្យានិវលាទិតះ។
ប្រែថា៖ មិនត្រូវគ្រប់គ្រងផ្ដាច់មុខ ឬលួច ឬយកទៅទីដទៃ ឬថាដុតបំផ្លាញនូវអាស្រមសម្រាប់ប្រើប្រាស់របស់ព្រះយោគីទាំងឡាយដែលកំពុងចំណាយពេលក្នុងការបំពេញព្រតក្នុងទីនេះគ្រប់ពេលទាំងពួងឡើយ។
១០. ន្ឫបាជ្ញាលង្ឃិយទភុ បិណ្ឌិតាស្តេ’បិ ទោឞតះ
គច្ឆន្តិ នរកាន៑ប្រេត្យ- រៅរវាទិនគេ បតាះ។
ប្រែថា៖ ជនទាំងឡាយណាល្មើសនូវព្រះរាជអាជ្ញាទោះបីត្រូវបានសរុបកាត់ក្ដីពីទោសហើយក្ដី ក៏បន្ទាប់ពីស្លាប់ទៅជនទាំងឡាយនោះរមែងទៅធ្លាក់កាន់នរកទាំងឡាយ ៧ ប្រភេទមានរៅរវៈជាអាទិ៍។
១១. – – វេនាឞ្តសហិតេ នរក្ឞ្បេឝកវត្សរេ
រចិតាប្រឝឞ្ឋលេខា តិឞ្ឋន្ត្វាភូតសំប្លវាត៑។
ប្រែថា៖ ក្នុងសកសំវច្ឆរៈទី៦០៨….. សិលាចារឹកទាំងឡាយត្រូវបានចារឹកចារ ឡើង(នេះ)សូមឱ្យតាំងនៅដរាបលោកវិនាស។
ជារួមមក សិលាចារឹកប្រាសាទប្រាំ (K.1431) បានផ្តល់ព័ត៌មានជាច្រើនអំពីគុណសម្បត្តិ ព្រះរាជអាជ្ញា និងព្រឹត្តិការណ៍ទូទៅនៅក្នុងរជ្ជកាលព្រះបាទស្រីជយវម៌្មទី១ នៅក្នុងមហាសករាជឆ្នាំ ៦០៨ ត្រូវនឹងគ្រិស្តសករាជឆ្នាំ៦៨៦ ដែលបញ្ជាក់យ៉ាងច្បាស់ថារជ្ជកាលរបស់ទ្រង់មិនទាន់បញ្ចប់នៅឡើយទេនៅក្នុងគ.ស.៦៨១ ដូចដែលប្រវត្តិវិទូមុនៗបានស្នើឡើង។




————–
Prasat Pram inscription (K.1431), located in Karsang village, Changkrang commune, Chet Borei district, Kratie province. The Sanskrit text of this inscription provides details concerning the merits, prosecutor and general proceedings of King Śrī Jayavarman I (Mahāsakaraj 606, corresponding to 686 CE). The King built cities and places of worship, and made many offerings to the gods.
អត្ថបទដោយ៖ លោក កំវណ្ណារ៉ា





