ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកកំពូលតានន់ (K.1236)

សិលាចារឹកកំពូលតានន់ (K.1236)

កំពូលតានន់ ឬហៅម្យ៉ាងទៀតថាដុបតាញៀន មានទីតាំងស្ថិតនៅតំបន់ភ្នំបាយ៉ង់ ភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ។ សិលាចារឹកនេះ រកឃើញដោយចៃដន្យដោយប្រជាពលរដ្ឋនៅតំបន់នោះ ក្នុងពេលកាប់គាស់ភ្ជួរដីដាំដំណាំ ហើយក៏យកទៅរក្សាទុកបញ្ឈរនៅខាងមុខប្រាសាទកំពូលតានន់ ឬដុបតាញៀនរហូតមក។ ក្រោយមក គេបានយកទៅជួសជុលនៅសារមន្ទីរជាតិកម្ពុជា និងចុងក្រោយយកទៅរក្សាទុកនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តតាកែវ រហូតមកទល់បច្ចុប្បន្ន។ កន្លងមក លោក វង់ សុធារ៉ា ធ្លាប់បានសិក្សាសិលាចារឹកនេះម្តងរួចមកហើយ ប៉ុន្តែ លោកបានសិក្សានិងបកប្រែតែអត្ថបទជាភាសាខ្មែរចំនួន ៩ បន្ទាត់ចុងក្រោយតែប៉ុណ្ណោះ។ ហេតុដូច្នេះហើយ នៅក្នុងអត្ថបទនេះយើងនឹងបង្ហាញអំពីផ្នែកសំស្រ្កឹតចំនួន ២១ បន្ទាត់ នៃសិលាចារឹកកំពូលតានន់នេះ។ តើអត្ថបទសំស្រ្កឹតទាំងនេះមានខ្លឹមសារ និងអត្ថន័យដូចម្តេចខ្លះ?

គួរឱ្យកត់សម្គាល់ សិលាចារឹកនេះបានផ្តល់កាលបរិច្ឆេទជាក់លាក់នៅក្នុងមហាសករាជឆ្នាំ ៦៨៥ ត្រូវនឹងគ្រិស្តសករាជឆ្នាំ ៧៦៣ ដែលរៀបរាប់អំពីព្រឹត្តិការណ៍របស់ព្រះបាទជ័យវម៌្ម។ ព្រះនាម “ជ័យវម៌្ម” នៅក្នុងសិលាចារឹកនេះ គឺប្រាកដជាព្រះបាទជ័យវរ្ម័នទី២ ដែលអ្នកស្រាវជ្រាវយល់ថាជាស្ថាបនិកដំបូងនៃសម័យអង្គរ ពោល គឺមិនអាចជាព្រះបាទជ័យវរ្ម័នទី១ បានឡើយ ព្រោះព្រះអង្គឡើងសោយរាជ្យចាប់ពីគ.ស.៦៥៧ ដល់ ៦៨១ ប៉ុណ្ណោះ។ ប៉ុន្តែ លោក ហ្សក សឺដេស មិនយល់ថាទ្រង់ជាព្រះបាទជ័យវម៌្មទី២នោះឡើយ ព្រោះលោកយល់ថាព្រះអង្គឡើងសោយរាជ្យពេញបរិបូណ៌នៅគ.ស.៨០២។ម្ល៉ោះហើយ​ ស្តេចដែលមានព្រះនាមថា “ជ័យវម៌្ម” ដែលស្ថិតនៅក្នុងព្រឹត្តិការណ៍មុនគ.ស.៨០២ លោកហៅថា “ព្រះបាទជ័យវរ្ម័នទី១ស្ទួន”។ តាមខ្លឹមសារសិលាចារឹកកំពូលតានន់នេះ បង្ហាញយ៉ាងច្បាស់ថា ព្រះបាទជ័យវរ្ម័នទី២ ជាអធិរាជ ពោល គឺមានន័យអាចបញ្ជាក់ភស្តុតាងបន្ថែមថា ទ្រង់ជាស្តេចផែនដីពេញបរិបូណ៌រួចស្រេចទៅហើយនៅគ.ស.៧៦៣។ បន្ថែមពីនេះ តាមខ្លឹមសារសិលាចារឹកកំពូលតានន់ ទ្រង់ទំនងបានយាងទៅកាន់ទីក្រុងបុរាណ(ឝិវបាទ) ព្រោះយ៉ាងហោចណាស់តំបន់នេះគឺជាអតីតទីក្រុងដែលធ្លាប់មានមនុស្សរស់នៅតាំងពីរជ្ជកាលព្រះបាទឝ្រីរៅទ្រវម៌្មមកម្ល៉េះ។

សិលាចារឹកកំពូលតានន់ ឬដុបតាញៀន ជាបង្គោលថ្មភក់ដែលមានអក្សរចារឹកចំនួន ៣០ បន្ទាត់ ចារឹកជាភាសាសំស្រ្កឹតចំនួន ២១ បន្ទាត់ និងភាសាខ្មែរបុរាណចំនួន ៩ បន្ទាត់។ ខ្លឹមសារ និងអត្ថន័យជារួមរបស់សិលាចារឹកនេះ រៀបរាប់អំពីគុណតម្លៃ និងឫទ្ធានុភាពរបស់ព្រះសិវដោយ     អនេកាភិប្រាយជាច្រើនបែបយ៉ាង (ស្លោកទី១-៧) និងពណ៌នាព្រះបាទស្រីជយវម៌្ម (ទី២) គឺជាអធិរាជលើអស់បណ្តាស្តេចនានា (ស្លោកទី៨)។ ចាប់ពីស្លោកទី៩ ដល់ទី២០ គឺពណ៌នាអំពីគុណសម្បត្តិ និងភាពជាអ្នកដឹកនាំរបស់ព្រះបាទស្រីជយវម៌្ម (ទី២) ហើយស្លោកចុងក្រោយទី២១ រៀបរាប់អំពីការប្រតិស្ថានប្រតិមា ព្រះឝ្រីជយៃកនាថ (ព្រះវិស្ណុ) អំពីមាសនៅក្នុងមហាសករាជឆ្នាំ៦៨៥ (ត្រូវនឹងគ.ស.៧៦៣)។

អត្ថបទចារឹក និងសេចក្តីប្រែ

១.        …………………………                              ……[ទា]ទត៌ិ្តហរោហរះ

                        ប្រលយស្ថិតិសគ៌្គាណាំ                   កត៌្តាយះបរមេឝ្វរះ។

ប្រែថា៖ ……….. ភាពអន្ធការនៃការកកើត ការស្ថិតនៅ និងការប្រល័យអស់ទៅ រមែងបន្សាត់បង់ទៅ ព្រះអាទិទេពអង្គណាជាអ្នកធ្វើ ព្រះអាទិទេពអង្គនោះជា ព្រះបរមេឝ្វរ

២.        ……………………………                           [ផ]លហារោបិមង្គលះ 

អយោនិវ៌ិ្វឝ្វយោនិយ៌្យោ                    វិឝ្វេឝឝ្ចដិរីឝ្វរះ។

ប្រែថា៖ ……………សូម្បីព្រះអង្គជាផលហារ (ពោល គឺជាអ្នកនាំយកផលទៅ) ក្ដី ក៏ទ្រង់នៅតែជាមង្គល, (សូម្បី) ព្រះអង្គជាអយោនី (ពោល គឺគ្មានទីប្រភព )ក្ដី, (ប៉ុន្តែ) ទ្រង់ជាវិឝ្វយោនី (ពោល គឺសព្វសារពើទាំងអស់ជាប្រភពរបស់ទ្រង់), ព្រះអង្គជាវិឝ្វេឝ (ពោល គឺធំជាងគេលើសាកលលោក) ក្ដី (ប៉ុន្តែ) ទ្រង់ក៏ជាដិរីឝ្វរ (គិរីឝ្វរ គឺជាស្ដេចភ្នំ)។

            ៣.       ……………………                        ប្រត្យក្ឞឝ្ចាប្យតីន្ទ្រិយះ

                        និទ្រាលុជ៌ាគរុកឝ្ច                ឝូលបាណិទ៌្ទយាលយះ។

ប្រែថា៖ …………….សូម្បីព្រះអង្គជាប្រត្យក្ឞៈ​​ (ពោល គឺព្រះជាម្ចាស់ ឬមានព្រះនេត្រដែល ប្រត្យ័ក្សច្បាស់) ក្ដី ទ្រង់ក៏ជាអតីន្រ្ទិយ (ពោល គឺអាត្ម័នដ៏ឧត្តុង្គឧត្តម ឬមិនមានឥន្រ្ទីយ៍អាចពាល់ត្រូវបាន), សូម្បីព្រះកំពុងផ្ទុំលង់លក់ក្ដី ក៏ទ្រង់នៅតែមានស្មារតីភ្ញាក់រឭកខ្ពស់, សូម្បីព្រះអង្គជា     ឝូលបាណិន៑ (មានត្រីសូល៍នៅនឹងព្រះហស្ត) កាន់នឹងព្រះហស្តក្ដី ក៏ទ្រង់នៅតែជាទយាល័យ(ពោល គឺពោរពេញទៅដោយសេចក្ដីអាណិតអាសូរ)។

            ៤.        ………………………                                យាយតីនាម៑វរោគុរុះ

                        សមស្តៃឝ្វយ៌្យយុក្តោបិ                    ក្ឫត្តិតសាឝ្វយស្ស្វយម៑។

ប្រែថា៖ …………….. ព្រះអង្គជាគ្រូដ៏ប្រសើរនៃបព្វជិតទាំងឡាយ ព្រមទាំងប្រកបដោយឥស្សរយសគ្រប់យ៉ាង ចាប់តាំងពីការបានធ្វើដោយអំណាចរបស់ខ្លួន។

៥.        …………………………..                            យំ វេទាន្តវិទោ វិទុះ

អាទិត្យវណ៌្ណមុទិតម៑                          បុរស្តាត្តមសស្ស្វយម៑។

ប្រែថា៖ …………..ព្រះអង្គជាអ្នកប្រាជ្ញលើវេទាន្តវិទូ (គឺពួកអ្នកប្រាជ្ញរៀនចប់គ្រប់សព្វខាងព្រះវេទទាំង៤) ប្រៀបដូចពណ៌នៃព្រះអាទិត្យដែលរះឡើងបំភ្លឺ ភាពងងឹតដែលនៅចំពោះមុខរបស់ខ្លួន។

៦.        ………………………….                             មណិគ្រមរណលិតម៑  

                        បុនាតិភុវនំយស្យ                              បាទាម្ពុជរជឝ៑ច្យុតម៑។

ប្រែថា៖ …………..ត្រូវបានកខ្វក់ដោយសេចក្ដីមរណៈដ៏ស្រួចស្រាល់បំផុត ហើយរមែងជម្រះឱ្យបរិសុទ្ធនូវពិភពលោកនេះ ឱ្យច្យុតចាកពីភាពសៅហ្មងដោយព្រះបាទដែលដូចបទុមបុប្ផានៃព្រះអាទិទេពអង្គណា។

            ៧.        …………………………                              វិបត្តិឝមនីធ្រុវម៑

                        ក្ឫតានមស្ក្រិយាយត្រ                     សុខត្រិតយសាធនី។

ប្រែថា៖ ………….វិបត្តិទាំងពួងនឹងសាបសូន្យទៅយ៉ាងឆាប់រហ័ស នរជនជាអ្នកធ្វើកិច្ចនមស្ការក្នុងទីណារមែងជាអ្នកកកើននូវសេចក្ដីសុខទាំងបីប្រការ (ធម៌ អថ៌ និងកាម) (ក្នុងទីនោះ)។

            ៨.        ………………[រា]ជរាជា                         រាជរាជសមទ្យុតិះ

                        អស្តិឝ្រីជយវម៌្មេតិ                              រាជន្យាច៌ិ្ចតឝាសនះ។

ប្រែថា៖ មានព្រះរាជាមួយព្រះអង្គព្រះនាមថាឝ្រីជយវម៌្ម (ទី២) …. ដែលជាព្រះរាជានៃព្រះរាជាទាំងឡាយ ទ្រង់មានភាពត្រចះត្រចង់ជាងព្រះរាជានៃព្រះរាជាទាំងពួង ព្រះរាជបញ្ជារបស់ទ្រង់ត្រូវបានគោរពខ្លបខ្លាចដោយព្រះរាជាទាំងឡាយ។

            ៩.        …………ត្រវម៌្មេយះ                              ប្រជារក្ឞណទក្ឞិណះ

                        ក្ឞីណាត្មកិណ្វិឞក្ឞោទោ           ទិក្ឞុក្ឞោណីបតីឝ្វរះ។

ប្រែថា៖ …………ត្រវម៌្មេយះ ដែលទៀងត្រង់ប្រកបដោយគុណធម៌ក្នុងការរក្សារការពារប្រជារាស្ត្រដូចជាម្សៅថ្នាំព្យាបាលជំងឺក្នុងខ្លួនឱ្យអស់រលីងទៅ ​ទ្រង់ជាធំលើស្ដេចផែនដីទាំងឡាយ គ្រប់ទិសានុទិស។

            ១០.     [សវ៌េឞ្វ]បក្ឞបក្ឞេឞុ                       សមោយឝ្ចាឝុឝ្វក្ឞណេះ 

                        វទ្ធកក្ឞុះក្ឞិតេន្ត្រាណា                បុណ្ឌរីកក្ឞណោមមិ។

ប្រែថា៖ ………….ក្នុងបក្សស្របគ្នា និងបក្សមិនស្របគ្នា [ទាំងឡាយ] ឱ្យមានដំណើរស្មើគ្នារហ័សរហួនប្រកបដោយថាមពល ទ្រង់ជារាជសីហ៍នៃព្រះនគរ ទ្រង់មានព្រះទ័យទុកដាក់រក្សាថែទាំ (សូម្បី) ប្រជាជនទន់ខ្សោយគ្រប់រូបក្រោមម្លប់ស្វេតច្ឆត្រ (ពោល គឺក្រោមអាណាចក្ររបស់ទ្រង់)។

            ១១.     ធារ]កក្ឞិតិបក្ឞុណ្នម៑                  កាង្ក្ឞន្ធម៌្មបថក្រមម៑

                        យោរញ្ជយត៑ក្ឞមាំនិត្យំ                 ក្ឞមាមិវហិតក្ឞមាម៑។

ប្រែថា៖ ដំណើរតាមមាគ៌ាស្វែងរកព្រះធម៌ តែងតែមានសេចក្ដីប្រាថ្នាជាប់តាម (ដូចដំណើរ) នៃស្ដេចនាគដែលដូចជាប្រថពី [ទ្រទ្រង់ព្រះពិស្ណុ] (ដូច្នោះ)។  ជនណាលេចធ្លោដោយ  សេចក្តីសន្តោសប្រណីជានិច្ច ជននោះដូចជា (ទទួលបាន) នូវការសន្តោសប្រណីដែលមានប្រយោជន៍លើលោកវិញដូច្នោះ។

១២.     …ក្ឞីណមក្ឞុទ្រម៑                          យោររក្ឞទវិក្ឞតម៑  

            ទូល៌ត្ក្ឞិប្តមបក្ឞាលៃ                        ល៌្លក្ឞ្មយាះក្ឞេមង្ករន្នយំ។

ប្រែថា៖ មិនល្អិតតូច ដែលមិនអន់ថយ……….. ព្រះអង្គបានរក្សាបានយ៉ាងប្រុងប្រយ័ត្ន ហើយបោះបង់បានដោយកម្រទោះបីត្រូវទ្រាំនឹងការប្រមាថមាក់ងាយទាំងឡាយ ហើយនាំមកនូវសេចក្ដីសុខក្សេមក្សាន្តរហូតចម្រើនរុងរឿង។

១៣.    [កល្ប]ទ្រុម ឥវានន្ត                         ផលទោប្យវិបល្លវះ

            ឝឝីវកាន្តិនិលយោ                          នទោឞោទយលក្ឞិតះ។

ប្រែថា៖ ព្រះអង្គប្រៀបប្រដូចទៅ [ដើមកល្ប] ព្រឹក្សដែលសូម្បីឱ្យផ្លែជាអនន្តហើយ ក៏នៅតែមានស្លឹក ទ្រង់ដូចជាព្រះចន្ទ្រកាន្តិ៍ (គឺពន្លឺដួងព្រះចន្ទ្រា) ឰដ៏នភាល័យ ដែលរះឡើងដោយឥតសៅហ្មង។

១៤.     [សស]ង្ខចក្របាណិយ្យោ              នារាយនឥវាបរះ

            អាក្រាន្តភុវនាភោគោ                     ទានវាន្តករោនច។

ប្រែថា៖ ទ្រង់មានព្រះហស្ដទាំងទ្វេប្រដាប់ដោយកងចក្រ [ព្រមទាំងស]ង្ខ ហាក់បីដូចជាព្រះរូបស្នងមួយព្រះអង្គទៀតនៃព្រះនារាយណ៍ ជាអ្នកបរិបូណ៌ដោយភោគផលមានលើដែនដីដែលបានគ្រប់គ្រង ជាអ្នកឱ្យទានជាប្រក្រតីដោយគ្មានការចំអកឡកឡើយ។

១៥.     [ហ]ង្សរាជ ឥវានេក                         រាជហង្សនិឞេវិតះ

            នជាតុបក្ឞបាតីយះ                        សវ៌្វទាមានសប្រិយះ។

ប្រែថា៖ ព្រះអង្គហាក់បីដូចជា រាជ[ហ]ង្ស ដែលត្រូវបានចាំគាល់បម្រើយ៉ាងល្អដោយរាជហង្សដ៏ច្រើនអនេក ទ្រង់មិនមែនជាស្ដេចបក្សពួកនិយម ហើយទ្រង់មានទឹកព្រះទ័យស្រស់ប្រិម ប្រិយ៍គ្រប់កាលទាំងពួង។

១៦.     [អ]កីត៌ិ្តរ្ភិរុមិតិ យម៑                            និស្ស្នេហន្វនសញ្ចយះ

            ត្ឫឞា្នទុរុបសប៌ញ្ច                               កល្បវ្ឫក្ឞមិតិទ្វិជះ។

ប្រែថា៖ ព្រះអង្គជាអ្នកឈ្នះទាំងស្រុង នូវកិត្តិនាម [មិនល្អ] នៃភាពជាបុរស នូវសេចក្ដីស្អប់ខ្ពើម និងនូវពស់អាសិរពិសដ៏ឃោរឃៅដែលវាចេញពីចំណង់តណ្ហា ទ្រង់ជាអារ្យជនដ៏ប្រសើរ(ដូច) ជាដើមកល្បព្រឹក្ស។

១៧.     ទោឞោនាឝ្រយណីយញ្ចន៑             ទុគ៌្រហយមនន្យជះ

            វ្យសនន្និភុសសំចិតិ                           ត្រិលោលញ្ច្រិរមន្យតះ។           

ប្រែថា៖ ព្រះអង្គជាស្ដេចដែលមិនជាទីច្រកអាស្រ័យនៃទោសកំហុស ទ្រង់ជាទីកកើតដទៃមួយទៀតនៃសេចក្ដីសង្គ្រោះដ៏រហ័ស ទ្រង់ជានិមិត្តរូបនៃការរះឡើងនៃការអស់ទៅនូវព្យសនកម្ម និងទ្រង់ជាតួអង្គដទៃម្នាក់ទៀតនៃការសម្រេចនូវសេចក្ដីសុខទាំងបីប្រការ (គឺ ធម៌ អថ៌ និងកាម)អស់កាលជាដរាប។

១៨.     យេនាទិរាជចរិត                               ប្រក្ឞាលនមនេកឝះ

            ស្វគុណៃះក្ឞីរកុន្ទេន                     តុឞារវធៃះក្ឫតម៑។

ប្រែថា៖ ព្រោះហេតុដូចបានថ្លាថ្លែងមកជាអាទិ៍នេះ ដែលរាជប្រវត្តិ (របស់ទ្រង់) មានភាពបរិសុទ្ធថ្លៃថ្នូរជាច្រើនអនេករាប់ប្រមាណមិនបាន ក៏ព្រោះគុណគឺសេចក្ដីល្អជាច្រើន ក៏ព្រោះការប្រហារភាពស្មោកគ្រោកទាំងពួងដោយលំពែងរាជក្ឞីរកុន្ត (ដែលជាលំពែងនៃទឹកដោះ គឺអំណាចដែលនាំមកប្រយោជន៍ដ៏ប្រសើរថ្លៃថ្លា)។

១៩.     វិនឝ្វរមឝាឝ្វតន៑                                 និធនធម៌ិ្មវុធ្វាធនំ

            យឝស៑ស្ថិរមហាយ៌្យមាយ៌្យម៑          ជនជុឞ្តមន្មីលយន៑។ 

ប្រែថា៖ (ទ្រង់)បានជាក់ច្បាស់នូវធម៌ដែលនាំមកនូវសេចក្ដីស្លាប់ ដែលមិនមានភាពទៀងទាត់ និងវិនាសទៅជាធម្មតា ដើម្បីកិត្តិយសស្ថិតស្ថេរ ដែលគេលួចយកទៅមិនបាន ដែលប្រសើរ និងទុកជាទីគោរពវន្ទាដល់ជនានុជន។

២០.     ត្រិវិឞ្ដបមបិប្រកាម-                          សុខមន្វគ្ឫហ្នន្យុនះ

            សនាតនមនាមញ្ច                            ឝិវមាប្តុមិច្ឆន្បទម៑។

ប្រែថា៖ ហើយព្រះរាជាទ្រង់ក៏កំពុងប្រាថ្នាដើម្បីដល់នូវឝិវបទ ជាទីនាំមកនូវសួគ៌ា ជាសេចក្ដីសុខដ៏មហិមា (ជាមាគ៌ា) ដែលមនុស្សមិនងាយនឹងប្រកាន់យកបាន ជាសនាតនធម៌ និងគួរដល់ការសរសើរលើកតម្កើង។

២១.     …ឝ្រីជយៃកនាថន្ទ្វាត្រិ-                   ង្ឝង្ភរហេមសំសិក្តំ

            ប្រាតិឞ្ថិបត៑………..                             ឝក្ត្យាវាណាឞ្ដឞដ្ឝាកេ។៚

ប្រែថា៖  (ព្រោះហេតុដូច្នេះហើយ ព្រះបដិមាទេព) ព្រះឝ្រីជយៃកនាថ  ដែលត្រូវបានសិតយ៉ាងល្អហើយដោយមាស ៣២ ដុំ ទ្រង់បានប្រតិស្ឋានទុកហើយ ……….ក្នុងឆ្នាំមហាសករាជដ៏មានឥទ្ធិពលកំណត់ដោយ ឞដ=៦អឞ្ដ=៨ វាណ=៥= ៦៨៥។

សរុបជារួមមក សិលាចារឹកប្រាសាទកំពូលតានន់ ឬហៅថាដុបតាញៀន បានផ្តល់ព័ត៌មានជាច្រើនបញ្ជាក់ឱ្យដឹងអំពីសកម្មភាពព្រឹត្តិការណ៍នយោបាយ និងព្រះកិត្តិនាមដ៏ឧត្តុង្គឧត្តមរបស់ព្រះបាទស្រីជយវម៌្ម (ទី២)។ តាមកាលបរិច្ឆេទដូចដែលបានបញ្ជាក់នៅក្នុងសិលាចារឹក ព្រះអង្គបានឡើងសោយរាជ្យពេញបរិបូណ៌រួចមកហើយក្នុងមហាសករាជឆ្នាំ ៦៨៥ ត្រូវនឹងគ្រិស្តសករាជឆ្នាំ៧៦៣ ពោល គឺផ្ទុយពីការកំណត់របស់លោក ហ្សក សឺដេស ដែលគិតថាទ្រង់ឡើងសោយរាជ្យនៅគ្រិស្តសករាជឆ្នាំ៨០២។

—————-

Kampoul Tanun inscription

Kampoul Tanun inscription, located in Trapeang Srang village, Preah Bat Choin Chum commune, Kirivong district, Takeo province. This inscription details the political events and the glorious reputation of His Majesty Śrī Jayavarman II. According to the date specified in the inscription, His Majesty was fully consecrated and ascended the throne in the Mahāsakarāj year 685, corresponding to 763 CE. This date contradicts the determination by Mr. George Coedès, who posited that the King ascended the throne in 802 CE.

អត្ថបទដោយ៖ កំ វណ្ណារ៉ា និងព្រះតេជគុណ អេង សុគង់

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,800SubscribersSubscribe
- Advertisement -spot_img