ទំព័រដើមប្រវត្តិសាស្ត្រប្រាសាទស្រីគ្រប់ល័ក្ខណ (ប្រាង្គ L4)

ប្រាសាទស្រីគ្រប់ល័ក្ខណ (ប្រាង្គ L4)

ប្រាសាទស្រីគ្រប់ល័ក្ខណ (ប្រាង្គ L4) មានទីតាំងស្ថិតនៅភូមិអូរគ្រូកែ ឃុំសំបូរណ៍​ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលស្ថិតនៅចម្ងាយប្រមាណ ២ គីឡូម៉ែត្រពាយព្យក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) និងចម្ងាយ ១០០ ម៉ែត្រ ខាងកើតប្រាសាទរបងរមាស។ តើប្រាសាទនេះមានប្រវត្តិ និងលក្ខណៈពិសេសបែបណាខ្លះ?

នៅដើមស.វ.ទី២០ (គ.ស.១៩១១) ក្នុងពេលដែលប្រវត្តិសិល្បៈវិទូដ៏ល្បីល្បាញ លោក Henri Parmentier និងភរិយា បានមកសិក្សាស្រាវជ្រាវនៅតំបន់ប្រាសាទសំបូរព្រៃគុក លោកពុំបានកត់ត្រាឈ្មោះប្រាសាទនេះថា “ស្រីគ្រប់ល័ក្ខណ” ឡើយ ដោយកត់ត្រាឈ្មោះប្រាសាទនេះ និងប្រាង្គផ្សេងទៀតដែលនៅក្រុមតែមួយថា “ក្រុមប្រាសាទដែលនៅជិតរបងរមាស” ពោល គឺយកឈ្មោះក្រុមប្រាសាទរបងរមាសជាគោលតែម្តង។ ទោះបីជាយ៉ាងនេះក្តី អ្នកស្រុកនៅក្នុងតំបន់ ជាពិសេសអ្នកភូមិសំបូរ បានហៅឈ្មោះប្រាសាទនេះរាប់សិបឆ្នាំមកហើយថា “ស្រីគ្រប់ល័ក្ខណ”។ ឈ្មោះដែលហៅសព្វថ្ងៃនេះ ប្រសិនបើយើងសាកសួរទៅកាន់អ្នកស្រុកថា “ហេតុអ្វីបានជាហៅប្រាសាទនេះថាដូច្នេះ?” ក៏ពុំសូវមាននរណាដឹងរឿងនេះឡើយ ពោល គឺភាគច្រើនតែងឆ្លើយតបដូចគ្នាថា “ឈ្មោះនេះហៅតៗគ្នាតាមចាស់ៗជាន់មុន” ប៉ុណ្ណោះ។ ប៉ុន្តែ យើងអាចសាកល្បងពន្យល់ប្រវត្តិនៃការហៅឈ្មោះប្រាសាទថាដូច្នេះ តាមរយៈទិន្នន័យ និងរូបថតរបស់អ្នកស្រាវជ្រាវជនជាតិបារាំង ជាពិសេស អត្ថបទស្រាវជ្រាវរបស់ប្រវត្តិសិល្បៈវិទូជនជាតិបារាំង លោកស្រី Mireille Bénisti ដែលសិក្សាអំពី “ការសិក្សាអំពីសិល្បៈខ្មែរសម័យដំបូង៖ ភាគទី៦ ផ្តែរទ្វារដែលមិនធ្លាប់បានផ្សព្វផ្សាយ និងផ្តែរទ្វារដែលគេមិនសូវស្គាល់” ចេញផ្សាយនៅគ.ស.ឆ្នាំ ១៩៧៤។ អត្ថបទស្រាវជ្រាវរបស់លោកស្រី បានបង្ហាញអំពីផ្តែរទ្វារមួយដែលមានចម្លាក់ព្រះវិស្ណុផ្ទុំ និងមានចម្លាក់ព្រះនាងលក្ស្មីនៅខាងចុងព្រះបាទ (ជើង) តម្កល់នៅលើប្រាសាទស្រីគ្រប់ល័ក្ខណ (ប្រាង្គ L4)។ ដូច្នេះហើយ យើងអាចសន្និដ្ឋានថា ការដែលហៅប្រាសាទនេះថា “ស្រីគ្រប់ល័ក្ខណ” គឺមកពីអ្នកស្រុកហៅសំដៅដល់ចម្លាក់ព្រះនាងលក្ស្មីដែលកំពុងស្ថិតនៅចុងព្រះបាទរបស់ព្រះវិស្ណុ ពោល គឺហាក់ដូចជាក្នុងកាយវិការច្របាច់ជើងថ្វាយព្រះស្វាមីដែលប្រៀបដូចជាស្រ្តីគ្រប់ល័ក្ខណដូច្នេះ។

ប្រាសាទស្រីគ្រប់ល័ក្ខណ (ប្រាង្គ L4) មានទីតាំងស្ថិតនៅចំចន្លោះកណ្តាលក្នុងចំណោមប្រាង្គសរុបក្នុងក្រុមចំនួន ៧ ពោល គឺចន្លោះប្រាង្គ L1, L2, L3 និងប្រាង្គ L5, L6, L7។ ប្រាង្គនេះសាងសង់ឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើតូចច្រឡឹង (ប្រវែងត្រឹមតែ ២,៣៥ x ២,៣៥ ម៉ែត្រ) និងមានច្រកចូលទៅទិសខាងកើត។ នៅពេលមិនទាន់មានការជួសជុល និងកិច្ចអភិរក្សពីសំណាក់អ្នកជំនាញនៃអាជ្ញាធរជាតិសំបូរព្រៃគុក ផ្នែកខាងក្នុងរបស់ប្រាង្គនេះយើងមិនអាចមើលឃើញអ្វីឡើយ ពោល គឺសុទ្ធសឹងជាពំនូកដីដែលចាក់បង្គរស្ទើរជិតពាក់កណ្តាលទៅហើយ។ ប៉ុន្តែ បន្ទាប់ពីមានកំណាយសង្រ្គាះពីអ្នកជំនាញនៃអាជ្ញាធរជាតិសំបូរព្រៃគុករួចមក គេបានប្រទះឃើញព្រះសិវលិង្គមួយតម្កល់នៅលើជើងទម្រដែលមានរាងបួនជ្រុងស្មើ។ សិវលិង្គ និងជើងទម្រដែលបានប្រទះឃើញនេះ ពុំមានអ្វីប្លែកគ្នាពីសិវលិង្គ និងជើងទម្រដែលធ្លាប់រកឃើញនៅប្រាង្គផ្សេងៗនៅក្នុងតំបន់ឡើយ ពោល ជាសិវលិង្គមានរាងមូលដែលពុំបែងចែកជា ៣ ថ្នាក់ (មូល ប្រាំបីជ្រុង បួនជ្រុង) ដូចសិវលិង្គនៅសម័យអង្គរឡើយ។ រីឯជើងទម្រ គឺជាប្រភេទទម្រដែលផ្គុំឡើងដោយស្រទាប់ថ្មភក់ចំនួន ៤ ជាន់ ដែលជាន់ខាងលើបង្អស់ជាទបង្ហូរទឹកមន្ត (ស្នាណទ្រោណី)។ យើងសង្កេតឃើញថា ដោយសារទំហំផ្នែកខាងក្នុងប្រាសាទនេះមានទំហំតូច អ្នកកសាងបានដាក់ទបង្ហូរទឹកមន្តនៅស្រទាប់ខាងលើ មកភ្ជាប់ជាមួយសោមសូត្រយ៉ាងកៀកខ្លាំងតែម្តង ហើយសោមសូត្រនេះភ្ជាប់ចេញទៅទិសខាងជើងខាងក្រៅប្រាសាទ។ លក្ខណៈសោមសូត្រថ្មភក់ដាក់ចេញទៅទិសខាងជើងបែបនេះ យើងឃើញមាននៅប្រាសាទជាច្រើនក្នុងតំបន់ប្រាសាទសំបូរព្រៃគុក។ ការរកឃើញសិវលិង្គនេះ ជាភស្តុតាងដ៏សំខាន់ដែលបញ្ជាក់ឱ្យឃើញថា ប្រាសាទនេះជាសំណង់ព្រហ្មញ្ញសាសនាក្នុងលទ្ធិសៃវ (ប្រហែលនិកាយបាសុបត) បើទោះបីផ្តែរទ្វាររបស់ប្រាសាទជាចម្លាក់ព្រះវិស្ណុផ្ទុំក៏ដោយ។

ចំណែកផ្នែកខាងក្រៅរបស់ប្រាសាទវិញ ផ្នែកដំបូលរបស់ប្រាសាទគេរៀបឥតមានរាងកោងដូចដំបូលទូកបង្កើតបានជាកំពូល ពោល គឺមានលំនាំស្រដៀងសំណង់ប្រាសាទនៅឥណ្ឌាខាងជើង  (វលភី) និងឥណ្ឌាខាងត្បូង (សាលា) ប៉ុន្តែផ្នែកដំបូលនេះពុំមានក្បាច់លម្អអ្វីឡើយ។ ឯខឿនប្រាសាទវិញ រំលេចជារបៀបសារពើសូត្រដែលមានលម្អក្បាច់បង្កាន់ដៃ (balustres) ឬហៅតាមឥណ្ឌាថា “កុម្ភស្តម្ភ” (Kumbha-Stambha)។ ចំណែកច្រកចូលខាងកើត កាលពេលមិនទាន់ធ្វើកំណាយបុរាណវិទ្យា ពំនូកដីបានគ្របដណ្តប់ស្ទើរជិតដល់ស៊ុមទ្វារប្រាសាទទៅហើយ។ បន្ទាប់ពីកំណាយរួចរាល់ យើងឃើញថារបៀបរចនាទ្វារប្រាសាទមិនខុសអ្វីពីប្រាសាទផ្សេងទៀតនៅសម័យមុនអង្គរឡើយ ពោល ជាការតម្លើងថ្មភក់បួនផ្ទាំងត្រួតលើគ្នាដោយពុំមានការបង្កើតជាក្បាច់ចំណិតស៊ុមទ្វារដូចនៅសម័យអង្គរឡើយ។ រីឯផ្តែរទ្វារប្រាសាទដែលយើងបានដឹងតាមរយៈអត្ថបទស្រាវជ្រាវរបស់ប្រវត្តិសិល្បៈវិទូជនជាតិបារាំងនោះ បានបាត់បង់ពីទីតាំងដើមទៅហើយ ហើយក៏ពុំមានព័ត៌មានណាមួយបញ្ជាក់ឱ្យដឹងអំពីកាលបរិច្ឆេទជាក់លាក់ នៃការបាត់បង់ផ្តែរទ្វារនេះឡើយ។ ចម្លាក់នៅលើផ្តែរទ្វារនេះមានទម្រង់ជាសិល្បៈរចនាបថព្រៃក្មេង (ពាក់កណ្តាលស.វ.ទី៧) ដែលសិល្បៈឆ្លាក់ព្រះវិស្ណុផ្ទុំនៅលើនាគអនន្តមានក្បាលប្រាំពីរ ទ្រង់មានពុកមាត់ក្រាស់ ច្រមុះរាបសំប៉ែត ចិញ្ចើមក្រាស់ ពាក់ខ្សែក ខ្សែដៃ ក្រវិលធំ ស្លៀកសំពត់ខ្លី ពោល គឺក្នុងទម្រង់ជាយក្សធំមួយដែលត្រាប់តាមគម្ពីរវិស្ណុបុរាណ។ រីឯព្រះនាងលក្ស្មី គេបានឆ្លាក់នៅខាងចុងព្រះបាទរបស់ព្រះវិស្ណុ ដែលជាលក្ខណៈដ៏កម្រមួយនៅសម័យមុនអង្គរ (ស.វ.ទី៧) ប៉ុន្តែលក្ខណៈបែបនេះមានភាពពេញនិយមខ្លាំងនៅសម័យអង្គរ។ ក្រៅអំពីច្រកចូលខាងកើត គេបានរៀបចំជញ្ជាំងបីទិសផ្សេងទៀតជាទ្វារបញ្ឆោត ដែលជាការរៀបឥដ្ឋឱ្យចេញជារាងស៊ុមទ្វារដោយមានក្បាច់សន្ទះទ្វារនៅចំពាក់កណ្តាល និងក្បាច់សសរផ្អោបនៅអមសងខាងទ្វារបញ្ឆោត។ ដោយឡែក នៅតាមជ្រុងជញ្ជាំងប្រាសាទ សុទ្ធសឹងរំលេចដោយក្បាច់សសរផ្អោប ហើយនៅតាមក្បាលជញ្ជាំងវិញលម្អដោយក្បាច់កម្រងផ្កាចន្ទន៍តម្រៀបគ្នាជាជួរ។ គួរកត់សម្គាល់ជាពិសេសនោះ ឥដ្ឋជញ្ជាំងប្រាសាទស្ទើរទាំងអស់មានប្រហោងតូចៗជាច្រើនកន្លែង ដែលករណីនេះប្រហែលជាបច្ចេកទេសមួយដើម្បីឱ្យការបូកកំបោរបាយអនៅពីលើឥដ្ឋមានភាពជាប់ធន់បានល្អ។ ប៉ុន្តែ សព្វថ្ងៃកំបោរបាយអ មិនមាននៅសល់ច្រើនឡើយ។

សរុបជារួមមក យោងទៅតាមក្បាច់លម្អផ្តែរទ្វារ ជើងទម្រ សិវលិង្គ និងក្បាច់លម្អនៅតាមជញ្ជាំងផ្សេងទៀត យើងអាចសន្និដ្ឋានថា ប្រាសាទស្រីគ្រប់ល័ក្ខណ (ប្រាង្គ L4) ទំនងកសាងឡើងនៅស.វ.ទី៧ ក្នុងរវាងចុងរជ្ជកាលព្រះបាទស្រីឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ឬរជ្ជកាលព្រះបាទស្រីភវវរ្ម័នទី២ (គ.ស.៦៣៧-៦៥៧) ដែលត្រូវនឹងសិល្បៈខ្មែររចនាបថព្រៃក្មេង (គ.ស. ៦៣៥ – ៧០០)។ រីឯ តាមរយៈភស្តុតាងនៃការរកឃើញសិវលិង្គនៅខាងក្នុងប្រាសាទនេះ យើងអាចទាញសេចក្តីសន្និដ្ឋានថា ប្រាសាទនេះជាសំណង់ឧទ្ទិសដល់ព្រហ្មញ្ញសាសនាក្នុងលទ្ធិសៃវ ដែលប្រហែលអាចស្ថិតនៅក្នុងនិកាយបាសុបត ដោយយោងទៅលើភស្តុតាងសិលាចារឹកចំនួន ២ នៅចុងរជ្ជកាលព្រះបាទស្រីឦសានវរ្ម័នទី១ និងរជ្ជកាលព្រះបាទស្រីភវវរ្ម័នទី២ បានបង្ហាញថានិកាយនេះមានការសាយភាយឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងរាជការខ្មែរនាសម័យនោះ។

————

Prasat Srei Krup Leak Temple

The architectural design of Prasat Srei Krup Leak Temple (L4 tower) situated within the Sambor Prei Kuk temple complex in Kampong Thom province (Ou Krou Kae village, Sambor commune, Prasat Sambor district), is notable for its single brick tower, which is configured in a square plan and faced to the east. Based on art historical evidence from the temple, the initial construction of this shrine is attributed to the 7th century, a period encompassing the reigns of King Ishanavarman I (616 – 637) or King Bhavarman II (637 – 657 CE), Prei Kmeng style, during the prevalence of Saivism within Hinduism.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,800SubscribersSubscribe
- Advertisement -spot_img