នៅក្នុងបរិបទនៃការសិក្សាស្រាវជ្រាវសិលាចារឹកខ្មែរ គេដឹងច្បាស់ថា សិលាចារឹកវត្តគំនូរ ឬហៅថាសិលាចារឹកអង្គរបុរី (K.600) គឺជាសិលាចារឹកសរសេរជាភាសាខ្មែរបុរាណដ៏ចំណាស់ជាងគេ ដោយមានការបញ្ជាក់ប្រាប់អំពីកាលបរិច្ឆេទច្បាស់លាស់នៅក្នុងមហាសករាជឆ្នាំ៥៣៣ ត្រូវនឹងគ្រិស្តសករាជឆ្នាំ៦១១។ ផ្ទុយទៅវិញ សិលាចារឹកសរសេរជាភាសាសំស្រ្កឹតដែលចំណាស់ជាងគេរបស់ខ្មែរ មិនមានបញ្ជាក់ប្រាប់អំពីកាលបរិច្ឆេទជាក់លាក់ឡើយ។ ប៉ុន្តែ អ្នកស្រាវជ្រាវជាច្រើនយល់ថា សិលាចារឹកវត្តហ្លួងកៅ (K.365) ជាសិលាចារឹកភាសាសំស្រ្កឹតចំណាស់ជាងគេ។ តើសិលាចារឹកវត្តហ្លួងកៅ មានខ្លឹមសារ និងអត្ថន័យយ៉ាងដូចម្តេចខ្លះ?
សិលាចារឹកវត្តហ្លួងកៅ ឬខ្លះហៅថា សិលាចារឹកទេវានីក រកឃើញនៅដើមស.វ.ទី២០ ដោយអ្នកស្រាវជ្រាវជនជាតិបារាំងឈ្មោះ Lunet De Lajonquière នៅក្នុងបរិវេណវត្តហ្លួងកៅ ស្ថិតនៅក្នុងភូមិហ្លួងកៅ ខេត្តចាម្ប៉ាសាក់ ភាគខាងត្បូងប្រទេសឡាវ។ វត្តហ្លួងកាវ ស្ថិតនៅក្នុងបរិវេណក្រុងបុរាណរបស់ខ្មែរនាសម័យមុនអង្គរក្នុងរាជ្យព្រះបាទស្រេស្ថវរ្ម័ន ហើយនៅក្នុងឆ្នាំ១៩៦១ អ្នកស្រាវជ្រាវឈ្មោះ Archaimbat Charles បានហៅទីក្រុងនេះថា “ស្រេស្ថបុរ” ដែលជាទីក្រុងស្ថិតនៅតាមបណ្តោយទន្លេមេគង្គ ភាគខាងកើតប្រាសាទវត្តភូចម្ងាយប្រមាណ ៣ គីឡូម៉ែត្រ។ ក្នុងឆ្នាំ១៩១៣ លោក Henri Parmentier បានរៀបរាប់ថា សិលាចារឹកនេះមិនអាចអានបានទាល់តែសោះ (cette stèle est complètement illisible)។ មកដល់ឆ្នាំ១៩២៣ អ្នកស្រាវជ្រាវសិលាចារឹកខ្មែរដ៏ល្បីល្បាញឈ្មោះ George Coedès និងលោក Henri Parmentier បានចុះបញ្ជីសិលាចារឹកនេះលេខ K.365 ហើយលោក George Coedès បានបោះពុម្ភផ្សាយការបកប្រែសម្រួលខ្លឹមសារសិលាចារឹកនេះទាំងស្រុងជាភាសាបារាំងនៅក្នុងសៀវភៅ “សិលាចារឹកកម្ពុជា” ភាគទី៥ ឆ្នាំ១៩៥៣ និងឆ្នាំ១៩៥៦។
សិលាចារឹកវត្តហ្លួងកៅ ចារឹកនៅលើថ្មភក់ជាបង្គោលសីមាមាន៤ជ្រុង ដោយជ្រុងនីមួយៗមានអក្សរចំនួន ១៦ បន្ទាត់ (សរុបចំនួន ៦៤ បន្ទាត់) ជាភាសាសំស្រ្កឹតប្រភេទឆន្ទខុសៗគ្នា ដូចជា ស្រគ្ធរា អនុស្តុប មាលិនី និងចារឹកបែបពាក្យរាយធម្មតាផងដែរ។ ផ្អែកទៅលើទម្រង់ទូទៅនៃអក្សរ (អក្សរទម្រង់សម័យដើមសន្តតិវង្សបល្លវ ស្រុកឥណ្ឌាខាងត្បូង) អ្នកស្រាវជ្រាវជាច្រើនជឿថា សិលាចារឹកនេះគួរតែមានអាយុកាលចំណាស់ជាងសិលាចារឹកអ្នកតាដំបងដែក (K.875) សិលាចារឹកប្រាសាទប្រាំល្វែង (K.5) និងសិលាចារឹកតាព្រហ្មទន្លេបាទី (K.40) ហើយសិលាចារឹកនេះគួរតែមានអាយុកាលនៅរវាងស.វ.ទី៥ ឬដើមស.វ.ទី៦។ ដោយហេតុថា ខ្លឹមសាររបស់សិលាចារឹកវត្តហ្លួងកៅមានរំលេចអំពីមហារាជាធិរាជ (ស្តេចនៃស្តេចទាំងឡាយ) ព្រះនាម “ទេវានីក” (កងទ័ពទេវតា) និងនៅជ្រុងទី១នៃសិលាចារឹកមានរំលេចពាក្យ “ទូរាទេស” (ប្រទេសឆ្ងាយ ឬតំបន់ឆ្ងាយ) អ្នកស្រាវជ្រាវជាច្រើននៅតែមានមន្ទិលនៅឡើយថា តើព្រះបាទទេវានីកជាស្តេចនៃអាណាចក្រណាមួយឱ្យពិតប្រាកដ? ក្នុងនោះ លោក George Coedès ស្នើថា ព្រះមហារាជធិរាជទេវានីក ជាស្តេចនៃអាណាចក្រលីនយី (ចាម្ប៉ា) ដែលជាសម័យកាលប្រវត្តិសាស្រ្តរបស់ចាម្ប៉ាគេស្គាល់តាមកំណត់ហេតុចិន (សព្វថ្ងៃស្ថិតនៅវៀតណាមកណ្តាល)។ ទោះបីជាលោកសន្និដ្ឋានដូច្នេះក៏ដោយ ព្រះនាម “ទេវានីក” គេមិនដែលឃើញចារឹកនៅក្នុងសិលាចារឹកចំណាស់ៗរបស់ ចាម្ប៉ាឡើយ។ ក្រោយមកទៀត នៅឆ្នាំ២០១៥ អ្នកស្រាវជ្រាវជនជាតិរុស្សី គឺលោក Anton O. ZAKHAROV បានសិក្សាលម្អិតឡើងវិញ និងសន្និដ្ឋានម្តងទៀតថា ព្រះបាទទេវានីក ទំនងគ្រងរាជ្យនៅនគរស្វ័យភាពមួយ ដែលមិនសូវមានលក្ខណៈដូចនគរចេនឡា ចាម្ប៉ា ឬហ្វូណន ស្ថិតនៅតំបន់ទន្លេមេគង្គភាគខាងក្រោម។ ទោះបីជាយ៉ាងណា យើងយល់ថា ការស្នើឡើងរបស់អ្នកស្រាវជ្រាវមុនដែលយល់ថា ព្រះបាទទេវានីកជាស្តេចនៃអាណាចក្រលីនយី (ចាម្ប៉ា) ដោយផ្អែកទៅលើពាក្យ “ទូរាទេស” ដែលមានន័យថា តំបន់ឆ្ងាយ ឬប្រទេសឆ្ងាយ វាហាក់ដូចជាមិនសមស្របសោះឡើយ ព្រោះផ្នែកផ្សេងៗទៀតមិនមានអ្វីអាចកំណត់ ឬបញ្ជាក់បានថាទ្រង់ជាស្តេចនៃអាណាចក្រចាម្ប៉ាឡើយ។
ផ្នែកដំបូងរបស់សិលាចារឹកវត្តហ្លួងកៅ ឬសិលាចារឹកទេវានីក ជាប្រភេទប្រណាមស្លោកពាក្យនមស្ការដល់ទេពទាំងបីនៃព្រហ្មញ្ញសាសនា គឺព្រះព្រហ្ម ព្រះវិស្ណុ និងព្រះសិវ និងរៀបរាប់ ប្រៀបធៀបអំពីសមត្ថភាព និងចំណេះដឹងរបស់ព្រះរាជាជាមួយតួអង្គសំខាន់ៗដែលមានចែងនៅក្នុងមហាវណ្ណកម្មឥណ្ឌាបុរាណ ដូចជា គម្ពីរមហាភារត និងគម្ពីរមហាបុរាណ។ បន្ទាប់មកទៀត ខ្លឹមសារសិលាចារឹកនេះបានរៀបរាប់អំពីព្រះបាទទេវានីកបានកសាង “មហាតីថ៌” (កន្លែងសម្រាប់ងូតទឹកលាងជម្រះបាប) ហើយបានប្រតិស្ថានមហាតីថ៌នេះឱ្យដូចទៅនឹងមហាតីថ៌មួយដែលស្ថិតនៅតំបន់កុរុក្សេត្រ ដែលជាទីស្ថានដ៏ពិសិដ្ឋនៅស្រុកឥណ្ឌាដែលគេជឿថា បាបកម្មនិងរោគាទាំងឡាយនឹងរសាត់អស់ទៅ បន្ទាប់អំពីងូតទឹកលាងជម្រះរួច។ សិលាចារឹកនេះក៏បានបញ្ជាក់បន្ថែមអំពីប្រវត្តិខ្លះៗទាក់ទងនឹងកុរុក្សេត្រ ធម៌ក្សេត្រ និងលក្ខណៈពិសិដ្ឋរបស់ទីស្ថានទាំងនេះ។ មហាតីថ៌នេះមានឈ្មោះថា “អគ្រមហាស្រីគន្ធកតីថ៌” (តីថ៌ស្ថានដ៏ប្រសើរដែលប្រជុំដោយក្លិនក្រអូបនៃមហាសិរីសួស្តី) ដែលមានមានប្រវែងសរុបកន្លះយោជន៍ (យោជន៍ជាខ្នាតរង្វាស់ប្រវែងក្នុងជំនឿហិណ្ឌូសាសនា ដែលមួយយោជន៍អាចមានប្រវែងចន្លោះពី ១៣ ដល់ ១៦ គីឡូម៉ែត្រ)។ នៅខាងចុងស្លោកបានបញ្ជាក់យ៉ាងច្បាស់ថា “ទេវានីក” មិនមានជាព្រះនាមពិតក្នុងរាជសម្បត្តិរបស់ព្រះអង្គនោះទេ ពោល គឺគ្រាន់តែជា “នាមាភធេយ្យ” ដែលបានប្រទានដល់ព្រះអង្គតាមរយៈការកសាងទេវប្រសិដ្ឋតែប៉ុណ្ណោះ។ ដូច្នេះ ព្រះនាមរបស់ក្សត្រអង្គនេះនៅក្នុងរាជ្យសម្បត្តិ មិនទាន់មានឯកសារណាមួយអាចពន្យល់បាននោះទេ។
អត្ថបទចារឹក និងសេចក្តីប្រែ
ជ្រុងទី១
សរសេរបែប “ឝ្រគ្ធរាឆន្ទ”
១. វ្យាឞាំ មយាសហស្រញ្ជគទិទមខិលំ យៃស្ត្រិភិន៌្នៃកកាលេ
គច្ឆន្ត្យន្តំ និមគ្នំ ភវសលិលនិធៅ តារយន្តិ ស្មរេ ច
ព្រហ្មោបេន្ទ្រេឝ្វរាណាំ សនិខិលមនុជំ សត្វភាវញ្ច តេឞា
មាធ្ឫន្នីណាំ នរេន្ទ្រះ កុឝលវិធិមិមំ យឝ្ចការា _ [បិ]ហេតោះ។
ប្រែថា៖ សាកលលោកទាំងមូលនេះ មានដំណើរពុតត្បុតប្រែប្រួល (មាយា?) រាប់ពាន់បែបក្នុងកាលវេលាមិនមែនតែមួយ (ហើយថែមទាំងស្ថិត) ជាមួយនឹងកាលទាំងបី (អតីត បច្ចុប្បន្ន និងអនាគត) នៃសង្សារចក្រដ៏អន្តរាយ (សព្វសត្វ) ក៏បានទៅកាន់ទីធ្លាក់ចុះដ៏ជ្រៅបំផុតក្នុងមហា សមុទ្រគឺភព (ហើយពួកទ្រង់) បានចម្លងនូវមនុស្សជាតិគ្រប់រូប ព្រមទាំងសត្វភាពទាំងឡាយ ព្រោះហេតុនេះហើយ (ទើប) សម្ដេចព្រះនរេន្ទ្រាធិបតី បានប្រារព្ធធ្វើនូវពិធីកុសលកម្មនេះឡើង ដើម្បី (ជាការឧទ្ទិសដល់) ព្រះព្រហ្ម ព្រះឧបេន្ទ្រ (ព្រះពិស្ណុ) និងព្រះឦឝ្វរ (ព្រះឥសូរ) ដែលជាទីទ្រទ្រង់ (នៃសព្វសត្វ) នោះ។
៥ – ១៦. ឥត្យេវាយាំ ឝ្រីឝង្ករនារាយណបិតាមហាទិសវ៌្វទេវប្រសាទាភិឞិក្តះ បូវ៌្វេនាជ៌ិ្ជតឝុភកុឝលនិមិត្តសម្ភារវិតសវ៌្វកម៌្មាតិមានុឞកម៌្មា យុធិឞ្ឋិរិវ សទ្ធម៌្មស្ថិតៅ វិវុធនរបតិរិវ ប្រជាបាលនេ ធនញ្ជយ ឥវ រិបុគណវិជយេ ឥន្ទ្រយុម្ន ឥវ ភុរិយជ្ញវិធានេ ឝិពិរិវ ទានេ មហាទានេ ភគវន្មហាបុរុឞព្រហ្មណ្យតានុចារិវ ព្រហ្មណ្យភាវេ កនកបាណ្ឌ្យ ឥវ ន្យាយរក្ឞណេ មហោទធិរិវ គាម្ភីយ៌្យេ មេរុរិវ ស្ថៃយ៌្យេ បូវ៌្វមតេន ភគវតា ឝ្រីលិង្គបវ៌្វតេនាស្មិន៑ ទូរាទេឝាទានីតាឞ្ឋិតោ មហាធិរាជ្យៃឝ្វយ៌្យេ វិឝិឞ្ឋវិស្បឞ្ដាឞ្ដាទ៌្ធាក្ឞរមង្គលនាមធេយោ ទ្វិឞទនេកានិកាវាប្តវិជយោ វិជយ ឥវ មហារាជាធិរាជឝ្ឝ្រីមាញ្ឆ្រីទេវានីកះ អបារសំសារសាគរាត្តរណាយ សវ៌្វសត្វានុទ្ទិឝ្យ មហាគ្និម[មុ]ខបុរោគមំ សានេកគោសហស្រ។
ប្រែថា៖ (មានសេចក្ដីដំណាលមក) ដូច្នេះថា (ព្រះរាជាអង្គនេះ) ត្រូវបានអភិសេកហើយ ក្រោមប្រសាទពរជ័យនៃសព្វសារពើអស់ទេពនិករទាំងឡាយ មានជាអាទិ៍ ព្រះបិតាមហ (ព្រះព្រហ្ម) ព្រះនារាយណ (ព្រះវិស្ណុ) និងព្រះឝ្រីសង្ករ (ព្រះសិវ)។ ទ្រង់ជាអ្នកមានសម្ពាយបុណ្យ ដែលបានសន្សំទុក ហើយប្រកបដោយនិម្មិតដ៏ល្អប្រពៃពន់ពេកតាំងតែពីបុព្វេមក។ មិនចាំបាច់ធ្វើពិធិកម្ម(ប្រសិទ្ធី) ទាំងពួងក្ដី ក៏ទ្រង់មានព្រះរាជសកម្មភាពជាកំពូលមនុស្ស (ឬជាមនុស្សទេព) រួចស្រេចទៅហើយ។ ព្រះអង្គតាំងនៅស៊ប់ក្នុងព្រះសទ្ធម៌្ម ប្រដូចទៅនឹងព្រះបាទយុធិឞ្ឋិរ, មានការអភិបាលរក្សាប្រជាជនប្រដូចទៅនឹងព្រះនរបតីពិពុធ (ព្រះឥន្រ្ទ), មានពិជ័យសង្គ្រាមលើអស់ពួកពលសឹកសត្រូវប្រដូចទៅនឹងធនញ្ជ័យ (អជ៌ុន), មានវិធានការលើពិធីបូជាយញ្ញជាច្រើនយ៉ាងប្រដូចទៅនឹងឥន្ទ្រយុម្ន ដែលបានធ្វើទាន និងធ្វើមហាទានប្រដូចទៅនឹងព្រះបាទឝិពិ, មានព្រាហ្មណភាពប្រដូចទៅនឹងព្រះភគវន៑មហាបុរុឞព្រហ្មណ្យតានុចារី, (មានការប្រកាន់មាំ) ក្នុងការរក្សាន្យាយ (គឺច្បាប់)ប្រដូចទៅនឹងកនកបាណ្ឌ្យ, មាន (ព្រះប្រាជ្ញា) ជ្រាលជ្រៅប្រដូចទៅនឹងមហាសាគរ និងមានភាពរឹងមាំប្រដូចទៅនឹងភ្នំសុមេរុ។ យោងតាមមតិពីបុព្វេមក ព្រះអង្គត្រូវបាននាំមកពីស្រុកទេសឆ្ងាយឱ្យស្ថិតក្នុងរាជ្យដ៏ធំអស្ចារ្យនេះ ដោយ (អំណាចទេពឰដ៏) ព្រះភគវន៑ឝ្រីលិង្គបព៌ត។ ទ្រង់មានព្រះនាមាភិធេយ្យដ៏មានសិរីមង្គលប្រកបដោយពាក់កណ្ដាលនៃអក្សរ ៨ ព្យាង្គ (គឺ៤ម៉ាត់) យ៉ាងច្បាស់ និងដ៏ពិសិដ្ឋ។ ទ្រង់បានសម្រេចជ័យជម្នះលើសឹកសត្រូវជាច្រើនអនេកលើសលប់ប្រដូចទៅនឹងព្រះបាទពិជ័យ។ ព្រះមហារាជាធិរាជឝ្រីមទ៑ឝ្រីទេវានីក ដើម្បីចម្លងសត្វសព្វសារពើឱ្យចេញចាកពីសាគរគឺសង្សារវដ្ដដ៏ធំធេង ទ្រង់បានប្រារព្ធពិធីឧទ្ទិសបូជាចំពោះព្រះមហាអគ្និមុខ (គឺទេព្តា ព្រាហ្មណ៍ និងប្រេត) ដែលជាប្រមុខមួយអន្លើ ដោយសត្វគោរាប់ពាន់ក្បាលជាច្រើនអនេក។
ជ្រុងទី២
១ – ៧. ………………………………………………………
៨ – ១០. សំវទ៌្ធនំ មហាបាបបាវនំ មហាតីត៌្ថញ្ចការ..បករនេកក……គវាំ សហស្រ …នេ តប៌្បយទាហុតំ ..វ៌្វ…..ស្យ នា ……ទេវ។
ប្រែថា៖ “ទ្រង់បានអភិវឌ្ឍ ដោយការកសាងមហាតីថ៌ ដែលជាទីលាងជម្រះនូវមហាបាបទាំងពួង….ដោយការបរិច្ចាគសត្វគោជាច្រើនអនេកពាន់ក្បាល …….ញុំាងឱ្យឆ្អែតស្កប់ស្កល់…….។
២. ………..បុរគប្រទេឝ សវ៌្វៃវ៌្វសុធេនុរៃរត្នា..[ទិភិះ]
…….ហរីឝ ……….. ប្រតិមាភិន៌្នៃកយជ្ញ…ឝ្ចន។
ប្រែថា៖ …..ប្រទេសកាលពីមុន ………. ដោយអភិជនទាំងអស់ មានរត្នសម្បត្តិទាំងឡាយ មានមេគោជាដើម ………..ព្រះហរីឝ (ហរិ និង ឦឝ) =ព្រះវិស្ណុ និងព្រះឥសូរ….ដោយការបូជាយជ្ញ ដល់ព្រះបដិមា។
៣. សសទស្យៃទ៌ិ្វជៃ្ជស៌ាទ៌្ធ មគ្និហោត្រ….[ U _ ម៑ ក្ឫតំ] តទា
ឧត្តមោទ្ធរណាំ..[U U វាក្យាំ] ចការ ប្រណិធឹ ន្ឫបះ។
ប្រែថា៖ ក្នុងគ្រានោះ អគ្និហោត្របូជា [ត្រូវបានធ្វើ?] ដោយព្រាហ្មណ៍ទាំងឡាយជាមួយនឹងបរិវារទាំងឡាយរួចហើយ ព្រះនរបតីបានធ្វើការប្រណិធាន [ដោយពាក្យពេចន៍?] រំលេចឡើងយ៉ាងឧត្តមថ្លៃថ្លា (ថា)
៤. យន្មយោបាជ៌ិ្ជតបុណ្យំ យ..[ត្ផលំ] ទេវ …[ក]ត្ថិតំ
តទេវាស្តុ [តទេវាស្តុ] ………. តីត៌្ថនិ… [ណ៌ាយនំ] ផលម៑។
ប្រែថា៖ បុណ្យឯណាដែលបានសាងទុកហើយដោយខ្ញុំ [ផលចម្រើនរុងរឿង?]…ឯណា ដែលត្រូវបាន…[កោតសរសើរដោយ?] ទេព្តាទាំងឡាយ ចូរសម្រេចបានកុំបីខាន ដល់……. នូវផលបុណ្យ [ដែលសម្រេចចេញ?] ពីតីថ៌ស្ថាននោះ។
ជ្រុងទី៣
៥. យេ វសន្តិ មហាតីត៌្ថេ តត្រ ច យេ ម្ឫតា នរាះ
ស្នវនំ យេ ច កុវ៌្វន្តិ តត្ផលំ ប្រាប្នុវន្ត [ន្តុ]តេ។
ប្រែថា៖ ជនទាំងឡាយណាបានរស់នៅក្នុងមហាតីថ៌នេះក្ដី ជនទាំងឡាយណាបានស្លាប់ក្នុងទីនោះក្ដី ឬជនទាំងឡាយណាបានធ្វើនូវស្នវន (ងូតទឹកជម្រះបាប) ក្ដី ផលនោះគប្បីសម្រេចដល់ជនទាំងឡាយនោះ។
៦. យត្តត្បុណ្យោបមផលំ ប្រភាសាទិបុរាក្ឫតេះ
U _[តស្យ] នាម តទេវាត្រ ភវតុ ធ្ឫតមទ្យ មេ។
ប្រែថា៖ ផលបុណ្យអាចប្រៀបផ្ទឹមបានយ៉ាងណាៗ គឺទៅតាមអ្វីមានក្នុងប្រភាស (គម្ពីរ សាស្ត្រា) ជាអាទិ៍ ដែលធ្លាប់ត្រូវបានគេអនុវត្តហើយពីបុរាណកាលមក ពាក់ព័ន្ធនឹងស្ថាននាមនេះ (តស្យនាម?) ដែលត្រូវបានរក្សាទុកមកហើយដល់រូបខ្ញុំរហូតដល់សព្វថ្ងៃនេះ ក៏សូមឱ្យកើតមានតែក្នុងទីស្ថាននេះផងចុះ!
៧. យេ ទេវា យជ្ញភាគាត៌្ថ មាគតា រោហិតា ទិវិ
ព្រហ្មោបេន្ទ្រេឝ្វរាទ្យាស្តេ តន្នាម ប្រទិសន្តុ វៃ។
ប្រែថា៖ ទេពទាំងឡាយឯណាដែលបានអញ្ជើញមក មានពណ៌ក្រហមឆ្អៅឰដ៏វេហា ដើម្បីទទួលចំណែកនៃការបូជាយញ្ញ ទេពទាំងអម្បាលម៉ាននោះ មាន ព្រះព្រហ្ម ព្រះឧបេន្ទ្រ (ព្រះវិស្ណុ) និងព្រះឦឝ្វរ (ព្រះសិវ) ជាអាទិ៍ សូមទ្រង់ប្រោះប្រទាននូវស្ថាននាមផងទានម្ចាស់!
៨. ឥត្យេវមាទិប្រណិធី រាជ្ញឝ្ចិន្តយតស្តទា
នាមគតំ កុរុក្ឞេត្រ ….ប្យ ផលៃស្សមម៑។
ប្រែថា៖ បន្ទាប់ពីបានធ្វើប្រណិធានមានជាអាទិ៍យ៉ាងនេះហើយ គ្រានោះសេចក្ដីរឭកនឹកភ្នកក្នុងព្រះចិន្តា បានប្រាកដដល់ព្រះរាជាឆ្ពោះទៅកាន់ស្ថាននាមក្នុងកុរុក្សេត្រ ……. ដែលមានផល (គឺភាពរុងរឿងចម្រើន) ដូចគ្នា (ទៅនឹងព្រះនគររបស់ព្រះអង្គ)។
៩. យត្បូវ៌្វាភិហិតំ ស្វគ៌្គំ ផលំ ទេវឞ៌ិកីត៌ិ្តតំ
កុរុក្ឞេត្រេ តទេវាស្តុ កុរុក្ឞេត្រេ នវោស្ថិតេ។
ប្រែថា៖ ស្ថានភាពបែបណាដែលចាស់ទុំពីបុរាណធ្លាប់បានឧទ្ទេសនាមហើយថា ជាស្ថានសួគ៌ មានផល (ភាពរុងរឿងចម្រើន) និងត្រូវបានស្ងើចសរសើរហើយដោយពួកមហាឫឞិ និងទេព្ដាទាំងឡាយក្នុងកុរុក្សេត្រនោះ ស្ថានភាពទាំងនោះគប្បីកើតមានតែក្នុងកុរុក្សេត្រដែលជាទីស្ថានស្ថិតនៅថ្មីនេះ!
១០. ឫឞិណា កុរុណា បូវ៌្វំ _ U [ធម៌]ក្ឞេត្រក្ឫតំ សតាំ
តស្មាទិតិ កុរុក្ឞេត្រំ ខ្យាតំ តីត៌្ថំ មហាផលម៑។
ប្រែថា៖ (ទីស្ថាននោះ) ដំបូងឡើយ ត្រូវបានកសាងជា [ធម៌]ក្សេត្រ (ដែលជាទីស្ថាន ប្រតិបត្តិព្រះធម៌) សម្រាប់សាធុសប្បុរសទាំងឡាយ ដោយមហាឫឞីនាម “កុរុ” ព្រោះហេតុនេះហើយ ទើបត្រូវបានដាក់ឈ្មោះថា កុរុក្សេត្រ ដែលជាតីថ៌ស្ថានដ៏មានមហាផល។
១១. តត្រៃវាបិ កុរុក្ឞេត្រេ វាសុនា សមុទីរិតាះ
មហាទុឞ្ក្ឫតកម៌្មាណំ នយន្តិ បរមាង្គតិម៑។
ប្រែថា៖ ម្យ៉ាងទៀត ក្នុងស្ថានទីកុរុក្សេត្រនោះ ព្រះវាសុ (ដែលជាតួអង្គរួមនៃទេពនិករទាំង ៨ អង្គ) ទ្រង់ធ្លាប់មានព្រះបន្ទូលហើយថា សូម្បីពួកជនទាំងឡាយដែលធ្លាប់បានប្រព្រឹត្តអំពើបាបកម្មដ៏សែនធ្ងន់ធ្ងរ ក៏តែងតែឆ្ពោះទៅកាន់បរមសុគតិបាន។
១២. កុរុក្ឞេត្រង្គមិឞ្យាមិ កុរុក្ឞេត្រេ វសាម្យហំ
យេ វសន្តិ កុរុក្ឞេត្រេ តេ វសន្តិ ត្រិវិឞ្ដបេ។
ប្រែថា៖ ខ្ញុំនឹងទៅកាន់កុរុក្សេត្រ ខ្ញុំនឹងរស់នៅក្នុងកុរុក្សេត្រ ជនទាំងឡាយណារស់នៅក្នុងកុរុក្សេត្រ ជនទាំងឡាយនោះឈ្មោះថា “កំពុងរស់នៅក្នុងស្ថានសួគ៌”។
១៣. ប្ឫថិវ្យាំ នៃមិឝំ បុណ្យំ អន្តរីក្ឞេ តុ បុឞ្ករំ
ន្ឫបានាមបិ លោកានាំ កុរុក្ឞេត្រំ វិឝិឞ្យតេ។
ប្រែថា៖ នៅលើប្រឹថពីនេះ (ក្នុងកុរុក្សេត្រេនោះហើយដែលសូម្បីប្រើ) ត្រឹមតែរយ:ពេលដ៏ខ្លីក៏អាចសម្រេចបុណ្យបាន ហើយក៏ជាទីស្ថានសួគ៌លើមេឃរបស់ជនានុជនទាំងឡាយក្នុងលោក សូម្បីព្រះនរបតីទាំងឡាយ ព្រោះកុរុក្សេត្រជាស្ថានដ៏ពិសេសពន់ពេកក្រៃ។
១៤. តន្នាមកីត៌្តនេនាបិ កេនាហ្យា សប្តមំ កុលម៑
កឹ បុនយ៌្យេ តុ សវ៌្វន្តេ មនុជា ធម៌្មពុទ្ធ្យះ [ធម៌ពុទ្ធិកាះ?]។
ប្រែថា៖ ដោយគ្រាន់តែបានឮនូវកិត្តិនាម (របស់ស្ថានទីនោះ) បុណ្យក៏រមែងចម្រើនរហូតដល់សប្តកុល (ញាតិទាំង៧សន្តាន) ទៅហើយ ចុះទម្រាំតែមនុស្សមានពុទ្ធិទាំងឡាយណា (ដែលបានទៅកាន់ស្ថានទីនោះ) ជារឿយៗ តើនឹងបានបុណ្យច្រើនយ៉ាងណាទៅ?
ជ្រុងទី៤
១៥. អឝ្វមេធសហស្រស្យ វាជបេយសតស្យ ច
គវាំ ឝតសហស្រស្យ សម្យគ្ទត្តស្យ យត្ផលម៑។
ប្រែថា៖ កាលបើបូជាយញ្ញអស្វមេធ (បូជាសេះ) រាប់ពាន់ដងក្ដី និងបូជាយញ្ញវាជបេយ (ភេសជ្ជៈនៃកម្លាំង ឬនៃសមរភូមិ) រាប់រយដងក្ដី ឬបរិច្ចាគដ៏ប្រពៃសត្វគោរាប់សែន (១០០,០០០)ក្បាលក្ដី អាចសម្រេចផលបានយ៉ាងណា។
១៦. តត្ផលំ តុ កុរុក្ឞេត្រេ កុវ៌្វន្តិ ស្នវនាទិយេ [ស្នវនាទិ យេ?]
តត្រាប្យហេតុ ទុឞ្ប្រាបំ លភន្តេ តេ ធ្រុវំ ផលម៑។
ប្រែថា៖ ការសម្រេចផលដូចគ្នានោះ ក៏រមែងមានក្នុងកុរុក្សេត្រ។ ជនទាំងឡាយណាងូតជាអាទិ៍ក្នុងទីនោះ សូម្បីបានធ្វើបាបដ៏ទុយ៌ស ឬដោយគ្មានហេតុផលក្ដី ពួកគេក៏គង់ទទួលបាននូវផល (ល្អវិញ) យ៉ាងឆាប់។
១៧. ឥត្យេវមាទិកុឝលំ បូវ៌្វមុក្តំ សុរឞ៌ិភិះ
តទេវាត្រ កុរុក្ឞេត្រេ លភន្តុ ពហវោ ជនាះ។
ប្រែថា៖ កុសល (គុណជាតិកម្ចាត់បង់នូវអំពើបាប) (ដែលជាគុណសម្បត្តិ) មានជាអាទិ៍ដូច្នេះ ត្រូវបានពោលទុកក្នុងកាលមុនហើយដោយពួកមហាឫឞី និងទេពនិករទាំងឡាយ ហើយកុសល (ជាគុណជាតិកម្ចាត់បង់នូវអំពើបាបដែលជាគុណសម្បត្តិ) នោះ ប្រាកដណាស់ ក៏មាននៅក្នុងកុរុក្សេត្រ (ថ្មី) នេះដែរ ចូរជនានុជនទាំងឡាយទទួលបាន (នូវកុសលនោះ) ចុះ!
១៨. យានិ តីត៌្ថសហស្រាណាំ កុរុក្ឞេត្រេ ផលានិ ច
អត្រ និឝ្ឝេឞតស្តានិ សន្តុ សន្និហិតានិ ច។
ប្រែថា៖ កាលបើតីថ៌រាប់ពាន់កន្លែងក្នុងកុរុក្សេត្រ (នោះ) មានផលសម្រេចបានដ៏ច្រើនយ៉ាងណា ចូរផលទាំងអម្បាលម៉ាននោះមកសណ្ឋិតនៅក្នុងកុរុក្សេត្រ (ថ្មី) នេះ កុំជាទីដទៃផ្សេងណាមួយឱ្យសោះ!
១៩. អទ៌្ធយោជនមាយាមំ អស្យ តីត៌្ថស្យ កីត៌ិ្តតម៑
យំ យំ ប្រទេឝមាគម្យ ស មហាបាបបាវនះ។
ប្រែថា៖ ទំហំលាតសន្ធឹងកន្លះយោជន៍ជាប្រវែងរបស់តីថ៌ស្ថាន (នេះ) ធ្លាប់ត្រូវបានគេកោតសរសើរមកហើយថា ជនណាដែលបានមកកាន់ទីនេះ ពីស្រុកទេសណាៗក៏ដោយ ជននោះនឹងរមែងជាអ្នកបានរួចស្រឡះចាកមហាបាបទាំងឡាយបាន។
២០. យេ ឝរីរបរិត្យាគំ កុវ៌្វន្តិ ស្នវនញ្ច យេ
យេ ត្ឫឞ្ណយា ច សេវន្តេ បិវន្តិ ច សមាហិតាះ។
ប្រែថា៖ ជនទាំងឡាយណាដែលបានលះបង់សរីរាង្គកាយ (ពីលោកនេះ) ក្ដី ជនទាំងឡាយណាដែលបានងូតទឹកក្ដី ជនទាំងឡាយណាដែលបានគោរពបម្រើដោយសេចក្ដីត្រេកត្រអាលក្ដី និងមានសមាហិតចិត្តក្រេបផឹកក្ដី។
២១. យេឞាមគ្និមុខាទីនាំ ទានានាំ នៃកសំបទាម៑
ផលានិ យាន្យឝេឞាណិ ប្រាប្យន្តាំ តានិ តេ ជនាះ។
ប្រែថា៖ ផលទាំងឡាយកាលដែលបានធ្វើអគ្និមុខបូជាទាំងឡាយណាជាអាទិ៍ក្ដី កាលដែលបានឱ្យទានជាច្រើនដែលជាទ្រព្យសម្បត្តិមិនមែនត្រឹមតែមួយណាក្ដី ជនទាំងឡាយនោះត្រូវតែបានដល់នូវផលទាំងឡាយនោះ ដោយគ្មានសេសសល់ផលណាសោះឡើយ!
២២. បាបិឞ្ឋាខិលបុរុឞា មុច្យន្តាំ ពហុបាបតាះ
កឹ បុនធ៌ម្មនិរតា មហាតីត៌្ថនិឞេវនាត៑។
ប្រែថា៖ ពួកបុរសទាំងអស់ដែលមានបាបដ៏លាមក ជាបុគ្គលមានបាបច្រើន គប្បីបានរួចស្រឡះ! ចុះទំរាំបុគ្គលទាំងឡាយណាដែលស្និទ្ធនឹងព្រះធម៌ តើនឹងទទួលបានសេចក្ដីចម្រើនយ៉ាងណាពីការស្នាក់នៅនាមហាតីថ៌ស្ថាននេះ?
មាលិនីឆន្ទ
២៣. កុឝលជផលធារាធៅតសវ៌្វាង្គទេឝ ស្ស្វភុជពលយឝស្ស្រគ្ធាមចារូត្តមាង្គះ
ទុរធិគតមហាឝ្រីគន្ធកស្តីត៌្ថមគ្រ្យំ ជនយតិ ភុវិ ទេវានីក ឥត្យាប្តនាមា។
ប្រែថា៖ ព្រះរាជាព្រះអង្គមានស្រុកទេសគ្រប់តំបន់ បានស្រោចស្រពដោយផលធារ (លំហូរនៃសេចក្ដីចម្រើនរុងរឿង) ដែលកើតចេញពីកុសល (គុណជាតិកម្ចាត់បង់នូវអំពើបាបទាំងពួង) ទ្រង់មានព្រះរូបកាយដ៏ឧត្តម និងស្រស់សង្ហា ទ្រង់ជាមកុដនៃយសសិរី និងមានអំណាចចេញពីសមត្ថភាពនៃព្រះកាយព្រះអង្គផ្ទាល់ ទ្រង់បានបង្កើតឱ្យមាននៅក្នុងលោកនេះនូវ អគ្រមហាឝ្រីគន្ធកតីថ៌ (តីថ៌ស្ថានដ៏ប្រសើរដែលប្រជុំដោយក្លិនក្រអូបនៃមហាសិរីសួស្ដី) ដែលគេកសាងបានដោយកម្រក្រៃពេក (ដូច្នេះហើយ) ទើបទ្រង់បានទទួលព្រះគោរម្យនាមថា “ទេវានីក”។
សរុបជារួមមក ទោះបីយើងមិនដឹងច្បាស់ថា សិលាចារឹកវត្តហ្លួងកៅ បង្ហាញអំពីទិដ្ឋភាពព្រះបាទមហារាជាធិរាជទេវានីក ស្ថិតនៅក្នុងអាណាចក្រស្វ័យភាពមួយណាក៏ដោយ ខ្លឹមសារនិងអត្ថន័យរបស់សិលាចារឹក បានបញ្ជាក់ឱ្យឃើញអំពីឬទ្ធានុភាពរបស់ព្រះអង្គ និងគុណសម្បត្តិរបស់ទ្រង់ចំពោះការកសាងមហាតីថ៌ ដែលជាកន្លែងលាបជម្រះបាបនៃលទ្ធិព្រហ្មញ្ញសាសនា ហើយបានប្រៀបប្រដូចទីស្ថានមហាតីថ៌នោះ ទៅនឹងតំបន់កុរុក្សេត្រដែលគេស្គាល់ថាជាទីស្ថានពិសិដ្ឋរបស់អ្នកមានជំនឿលើព្រហ្មញ្ញសាសនាតាំងពីបុរាណរហូតមកទល់បច្ចុប្បន្ន។ បន្ថែមពីនេះ សិលាចារឹកនេះ គេចាត់ទុកថាជាសិលាចារឹកជាភាសាសំស្រ្កឹតដ៏ចំណាស់បំផុតដែលចារឹកជាភាសាសំស្រ្កឹត រកឃើញនៅតំបន់វត្តភូ ដែលអ្នកស្រាវជ្រាវមួយចំនួនយល់ថា ជាទឹកដីដំបូងនៃកំណើតអាណាចក្រចេនឡារបស់ខ្មែរ។




——————
Vat Luong Kau Inscription
Vat Luong Kau inscription, located in Luong Kau village, Champasak province, southern Laos. This inscription refers to an emperor named Devānīka, who was likely the ruler of an autonomous polity in the Lower Mekong Basin region. He constructed a mahātīrtha, a sacred bathing place for the purification of sins in the context of Brahmanism. The inscription likens this mahātīrtha to Kurukshetra, which has been known as a holy site for adherents of Brahmanism from ancient times to the present. Furthermore, this inscription is considered the oldest surviving Sanskrit inscription discovered in the Wat Phu area, a location that some scholars believe to be the original birthplace of the ancient Khmer kingdom of Chenla.
អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា និងព្រះតេជគុណ អេង សុគង្គ