ប្រាសាទកំបុត មានទីតាំងស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលស្ថិតនៅក្បែរច្រកទ្វារព្រំដែនកម្ពុជា-ថៃ (ច្រកអានសេះ)។ ប្រាសាទនេះ កសាងឡើងនៅទីតាំងខ្ពស់មួយ មានប្រាង្គចំនួន ១ ដែលស្ថានភាពប្រាសាទនាពេលសព្វថ្ងៃនៅមានទ្រង់ទ្រាយនៅឡើយ ។ តើសិលាចារឹកប្រាសាទកំបុត មានខ្លឹមសារ និងអត្ថន័យយ៉ាងដូចម្តេចខ្លះ?
សិលាចារឹកប្រាសាទកំបុត ចារឹកនៅលើបន្ទះមេទ្វារទាំងពីរ។ មេទ្វារម្ខាងមានចារឹកអក្សរចំនួន ៤ បន្ទាត់។ ប៉ុន្តែយើងមិនបានយកមកអាននោះទេ ដោយសារតែសព្វថ្ងៃឥដ្ឋនៅផ្នែកដំបូលដែលបាក់រលំ និងដំបូកដីផងនោះ យើងមិនអាចធ្វើសំណៅផ្តិតឱ្យបានគ្រប់ជ្រុងជ្រោយនៃផ្ទាំងចារឹកទាំងមូលឡើយ។ ចំណែកមេទ្វារម្ខាងទៀតស្ថិតនៅខាងមុខ ហើយមានចារឹកអក្សរចំនួន ១៦បន្ទាត់ ដែលយើងលើកយកមកបង្ហាញក្នុងអត្ថបទនេះ។ ក្នុងនោះ ដោយសារតែអក្សរនៅចារឹកនៅលើមេទ្វារនេះចារឹកអក្សររាក់ពេក នាំឱ្យផ្នែកខ្លះនៃពាក្យចារឹកនេះបានរលុបបាត់មួយចំនួន។ ផ្នែដំបូងរបស់សិលាចារឹកប្រាសាទកំបុត បានពណ៌នាឱ្យយើងដឹងអំពីកាលបរិច្ឆេទ ពោល គឺមហាសករាជឆ្នាំ៨៩២ ដែលត្រូវនឹងឆ្នាំ៩៧០នៃគ្រិស្តសករាជ ១២កើត ខែបុស្ស ថ្ងៃពុធ ហើយកាលបរិច្ឆេទនេះត្រូវនឹងរជ្ជកាលព្រះបាទស្រីជយវម៌្ម (ទី៥) (គ.ស.៩៦៨ ដល់ ១០០០)។
សិលាចារឹកនេះ ពោលរៀបរាប់អំពី អធិការបតិទេវស្ថានព្រះសិវបាទម្នាក់មានគោរម្យងារជា “ស្តេងអញអាចារ្យ”។ ប្រភពក្នុងសិលាចារឹកនេះបានបង្ហាញថា “ស្តេងអញអាចារ្យខ្លោញភ្នំសិវបាទ គឺជាចៅអាវាស ឬអធិការបតិរបស់ទេវស្ថានសិវបាទ” ដែលទំនងសំដៅដល់ “សិវបាទបូព៌” ឬសព្វថ្ងៃខ្មែរយើងស្គាល់ថាជា “ប្រាសាទនាគបួស” នោះឯង។ ប្រភពសិលាចារឹកប្រាសាទនាគបួកបានបញ្ជាក់ឱ្យដឹងថា “ប្រាសាទនាគបួស មាននាមដើមថា “សិវបាទបូព៌” (សិវបាទខាងកើត) (K.341) ឬពេលខ្លះហៅត្រឹមតែ “សិវបាទ” (K.348) តែប៉ុណ្ណោះ។ ព្រមជាមួយគ្នានេះ សិលាចារឹកប្រាសាទកំបុតបានបង្ហាញថា ព្រះតេជគុណស្តេងអញអាចារ្យខ្លោញភ្នំសិវបាទ បានទៅទេវស្ថានមួយមានឈ្មោះថា “ព្រះកម្រតេងអញសិវលិង្គ” ស្ថិតនៅឯភទ្របូរ ដែលជាទីតាំង និងឈ្មោះដើមរបស់ទេវស្ថាននេះ។ ប្រាសាទកំបុតសាងឡើងសម្រាប់តម្កល់ព្រះសិវលិង្គ (ព្រះកម្រតេងអញសិវលិង្គ) ហើយទេវស្ថាននេះស្ថិតនៅក្នុងក្រុងភទ្របូរ (វិមាន ឬក្រុងរបស់ព្រះភទ្រ ឬព្រះឥសូរ)។ ព្រះតេជគុណស្តេងអញអាចារ្យខ្លោញភ្នំសិវបាទ បានរៀបចំរណ្ដាប់ផ្សេងៗដល់ទេវស្ថាន ដែលក្នុងនោះមានដូចជា តម្រួច (តម្រួត) ពលព្រះជាកម្លាំងស្នូលក្នុងការបម្រើ និងការពារទេវស្ថាន។ នៅចុងបញ្ចប់របស់សិលាចារឹកនេះ ជាពាក្យបណ្ដាសា និងពាក្យជូនពរដល់បណ្តាជនទាំងឡាយណាដែលថែរក្សាទ្រព្យសម្បត្តិទេវស្ថាន។
អត្ថបទចារឹក
១. ៨៩២ ឝក ទ្វាទឝិកេត៑ បុឞ្យ វុទ្ធវារ នុស្តេង៑អញ៑
២. អាចាយ៌្យខ្លោញ៑វ្នំឝិវបាទ និវន្ធរុវតតម្រ្វាច៑ខ្ញុំវ្រះ
៣. កម្រតេង៑អញ៑ឝិវលិង្គអាយ៑ភទ្រេបូរនុថ្វេ ….
៤. ខ្ញុំផោងមន៑ស្តេង៑អញ៑អាចាយ៌្យអាយ៑គុហាលយ..បិ ប្រេ
៥. ត វ្រះកំម្រតេង៑អញ៑ឝិវលិង្គ ៙ មន៑គិ ……….តវ្រះក
៦. ម្រតេង៑អញ៑អាយ៑កំប្វល៑វ្នំមន៑ជៅបិវ្យាសន ……….
៧. នុជៅវមាស៑បាទម្វាយ៑តិថ្វេឱយគទាសម្វាយ៑
៨. ទោប៑វ្លះម្វាយ៑ខ្នប៑ថ្បិរវ្លះម្វាយ៑ចន្ល្យាក៑យៅ……វ្រះ
៩. កម្រតេង៑អញ៑តឝក្តិចតុម៌្មាស…………………….បិជា
១០. យជ្ញជេវ្យរម្វាយ៑ខេមហានសម្វាយ៑ចំនាំ…………….
១១. តិអ្នក៑ទារ៑ចញ្ចូល៑តទៃវ្វំអាច៑តិអ្នក៑ទៅ ………សំ
១២. គណនុវ្រះកម្រតេងអញ៑អាយ៑ឝិវបាទ…………
១៣. យ៌្យតស្តេងអញ៑អាចាយ៌្យតខ្លោញ៑វ្នំ……….អាយ៑ភ
១៤. ទ្របូរគុសនៅគេតវ្វំថ្វេយកល្បនាតរោះហនេះហគទៅតគិ
១៥. រោះនរកត….ប្រតិមហារៅរវគេតម្យាង៑ថ្វេយនេះ
១៦. កល្បនាតរោះហនេះហគេមានស្វគ៌នុវៅធ៌េយនិឝ្ចៃយ។
សេចក្តីប្រែ
(១-៣) មហាសករាជ៨៩២ ១២កើត ខែបុស្ស ថ្ងៃពុធ ស្តេងអញអាចារ្យ ជាខ្លោញភ្នំ (អធិការបតិទេវស្ថាន) សិវបាទ បាននិពន្ធ (រៀបចំ) តម្រួច (តម្រួត) អ្នកបម្រើព្រះ (ពលព្រះ) ថ្វាយដល់ព្រះកម្រតាងអញសិវលិង្គនៅឯភទ្របូរ និងបានធ្វើ…អ្នកបម្រើផង ដែលស្តេងអញអាចារ្យ នៅឯគុហាល័យ….ដើម្បីបង្គាប់ប្រើដល់ព្រះកម្រតាងអញសិវលិង្គ។
(៥-១៤) គឺ ..ដល់ព្រះកម្រតាងអញស្ថិតនៅឯកំប្វលភ្នំ ដែលបានជាវ ..និងជាវមាសមួយបាទ បានធ្វើនិងប្រគល់ឱ្យគទាស (ខ្ទះ) មួយ ទោប (សម្លៀកបំពាក់ជាក្រណាត់កន្ទប) វ្លះមួយ ខ្នបថ្បិរ វ្លះមួយ ចន្ល្យាក (សម្លៀកបំពាក់)..យៅ ព្រះកម្រតាងអញដ៏សក្តិចតុម៌ាស (៤ខែ) …សម្រាប់ដើម្បីជាការធ្វើពិធីយជ្ញចំនួន ២ ជេ (កញ្ជើ) ក្នុងមួយខែ មហានស (អ្នកចម្អិនអាហារ) ម្នាក់ សម្រាប់ជារណ្ដាប់តង្វាយ ..អ្នកដែលទា (ទទួល) ចញ្ចូល (ប្រេង) ដទៃទៀត មិនអាចដើម្បីទៅ …សំគណ (រួមផ្សំបញ្ចូល) និងព្រះកម្រតាងអញសិវបាទ …ស្តេងអញអាចារ្យ ជាខ្លោញភ្នំ (អធិការបតិទេវស្ថាន)…នៅឯភទ្របូរដាច់ខាត។
(១៤-១៦) នៅអម្បាលជនទាំងឡាយណាដែលមិនបានធ្វើកល្បណា (អំណោយតង្វាយទាន ឬបំផ្លាញ) ដល់ទេវស្ថាននេះ គេធ្លាក់ទៅក្នុងប្រតិមហារៅរវនរក។ ជនណាដែលបានធ្វើកល្បណា (អំណោយតង្វាយទាន) និងការធ្វើឱ្យចម្រើនរុងរឿងសម្រាប់ទេវស្ថានក្នុងទីនេះ ជននោះទៅកាន់ស្ថានសួគ៌ និងសេចក្តីចម្រើនក្រៃលែងឡើង។
ជារួមមក សិលាចារឹកប្រាសាទកំបុត ខេត្តព្រះវិហារ បានផ្តល់ព័ត៌មានអំពីមន្រ្តីម្នាក់ដែលបានទៅធ្វើអំណោយដល់ទេវស្ថានមួយមានឈ្មោះថា “ព្រះកម្រតេងអញសិវលិង្គ” ស្ថិតនៅឯភទ្របូរ ដែលជាទីតាំង និងឈ្មោះដើមរបស់ប្រាសាទកំបុតនេះផ្ទាល់តែម្តង។ ផ្អែកទៅតាមសិលាចារឹកនេះ នាំឱ្យយើងដឹងថា កាលពីដើមមកគេបានតម្កល់ព្រះសិវលិង្គមួយនៅក្នុងប្រាសាទ ដែលជាតឹកតាងអាចបញ្ជាក់ថា ប្រាសាទនេះជាប្រាសាទព្រហ្មញ្ញសានា ក្នុងលទ្ធិសៃវនិយម។





———-
Prasat Kambot inscription
Prasat Kambot inscription, located in Choam Khsan district, Preah Vihear province, is inscribed on both sides of its doorframes. On doorframe contains four lines of text, while the other bears sixteen lines. Dating to the 10th century CE (970 CE) during the reign of King Srîjayavarman V, the inscription details a high-ranking official donation to a temple dedicated to “vraḥ kamrateṅ aň śivaliṅga” in the city of Bhadrepūra. Bhadrepūra is identified as both the name of the Śivaliṅga and the location of the former Prasat Kambot Temple.
អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា