
បើយើងនិយាយអំពីរទេះគោ ពិតណាស់ថាមនុស្សមួយចំនួនប្រាកដជាស្គាល់ ពិសេសប្រជាកសិករ ប្រកបរបបធ្វើស្រែចម្ការ ដ្បិតថាប្រទេសខ្មែរជាប្រទេសពឹងផ្អែកលើវិស័យកសិកម្មតាំងពីសម័យដើមមកម្លេះ។ រទេះគោជាទូទៅគេប្រើសម្រាប់ជាយានជំនិះ ឬជាមធ្យោបាយដឹកជញ្ជូនផលិតផលកសិកម្ម ដែលអ្នកស្រុកទាំង ឡាយតែងប្រើរទេះគោនេះ ដើម្បិដឹកស្រូវ, កណ្តាប់, ចំបើង, ថ្នាំជក់ជាដើម និងសម្រាប់ធ្វើដំណើរ និងដឹកសម្ភារៈ ផ្សេងៗទៅតាមទីជិតឆ្ងាយតាមតម្រូវការ ។ វត្តមានរទេះគោក្នុងស្រុកខ្មែរ គឺមានតាំងពីសម័យបុរាណ មកម្ល៉េះ ដែលខ្មែរចេះប្រើរទេះគោតាមឥណ្ឌាចាប់តាំងពីសតវត្សទី១នៃគ្រិស្តសករាជ។ ក្នុងនោះមានសិលាចារឹក K.448 ចារនៅគ.ស៦៧៤ នៃប្រាសាទគុកហ្លូង ខេត្តកំពត មាននិយាយពាក្យ “រទ្ទេហ” ដែលសព្វថ្ងៃសរសេរជា “រទេះ”។ រីឯក្នុងសិលាចារឹកK.720 សតវត្សទី១១ មាន និយាយពាក្យថា “រទេះជើង” និងសិលាចារិក K.158 សតវត្សទី១១មាននិយាយពាក្យថា “រទេះរុង”(រទេះធំ)។ ថ្វីដ្បិតក្នុងសិលាចារឹកមាននិយាយពាក្យថា “រទេះ” តែពុំដឹងថារទេះក្នុងសិលាចារឹកទាំងនោះមានសណ្ឋាន របៀបណា និងអូសដោយមនុស្ស ឬសត្វនោះទេ (គោ ឬសេះ)។ បើមើលចម្លាក់តាមជញ្ចំាងប្រាសាទបុរាណ មួយចំនួនក្នុងតំបន់អង្គរ ឧទាហរណ៍ចម្លាក់នៅប្រាសាទបាពួន និងប្រាសាទបាយន្តជាដើម មានបង្ហាញពីចម្លាក់ រទេះគោដែលមានទ្រង់ទ្រាយស្រដៀងគ្នាទៅនឹងរទេះគោបច្ចុប្បន្នដែរ ហើយរទេះគោទាំងនោះប្រើជាមធ្យោបាយ សម្រាប់ដឹកអីវ៉ាន់ផ្សេងៗ និងធ្វើដំណើរទៅទីឆ្ងាយរបស់អ្នកស្រុកសម័យនោះ(រូបលេខ២-៣)។

ជាមួយគ្នានេះរទេះគោខ្មែរក៏បានដើរតួនាទីយ៉ាងសំខាន់សម្រាប់វិស័យសង្គមកិច្ច និងជំនឿសាសនាផងដែរ។ បើតាមទស្សន លិទ្ធិព្រហ្មញ្ញសាសនាកង់រទេះ ឫកងច័ក្រ ជាកេតនភ័ណ្ឌរបស់ព្រះនារាយណ៏ និងតំណាងឱ្យខែ ឬឆ្នាំនៃការវិល១ជុំរបស់ព្រះអាទិត្យ គឺ៣៦៥ថ្ងៃ។ រីឯលទ្ធិព្រះពុទ្ធសាសនាក៏មានន័យស្រដៀងគ្នានឹងព្រហ្មញ្ញសាសនាដែរ គឺជាធម្មចក្រ នៃធម៌វិន័យដែលព្រះពុទ្ធបានសម្តែង ដោយសព្វថ្ងៃគេប្រើរូបកងច័ក្រ គឺអដ្ឋង្គិមគ្គទាំង៨។ រទេះគោក្នុងស្រុកខ្មែរ មានបង្ហាញ ជាច្រើនប្រភេទ និងឈ្មោះផ្សេងៗ ពីគ្នាមានដូចជា រទេះគោត្រីបក រទេះគោចាម្ប រទេះគោឡុកឡាក់ រទេះគោកាច់ រទេះគោសាឡី និងរទេះគោមានដំបូលជាដើម ហើយរទេះគោទាំងនោះ សុទ្ធតែមានតួនាទីដឹក សម្ភារៈដូចមានរៀបរាប់នៅខាងលើ។
លុះមកដល់បច្ចុប្បន្នការប្រើរទេះគោបុរាណតាមស្រុកសែ្រចម្ការបានបាត់បង់បន្តិចម្តងៗ ព្រោះវត្តមាន គ្រឿងចក្រគោយន្តចូលមកស្រុកខ្មែរ ជំនួសការប្រើរទេះគោបុរាណ ហើយម្យ៉ាងទៀត ប្រពៃណីដែលធ្លាប់ប្រើកង់រទេះគោធ្វើពីឈើ ក៏ជំនួសមកវិញដោយប្រើជាកង់កៅស៊ូ(រូបលេខ៦)។ការផ្លាស់ ប្តូរនោះ គឺប្រហែលជាអ្នកស្រុកយល់ថាវត្ថុទាំងនោះមានភាព ងាយស្រួលប្រើជាងរទេះគោបុរាណ ហើយអាចប្រើបានពេល យូរអង្វែងជាងក៏ថាបាន។ ការប្រើប្រាស់រទេះគោបុរាណពិតមែន តែមានការថយចុះ ប៉ុន្តែយើងនៅឃើញមានប្រពៃណីប្រណាំង រទេះគោដែលជាល្បែងប្រជាប្រិយរបស់ខ្មែរនៅមានបន្តជាហូរហែមកដល់សព្វថ្ងៃនេះ គឺតាមបណ្តាក្រុង និង ខេត្តមួយចំនួនក្នុងស្រុកខ្មែរ ដែលជាទូទៅគេនិយមប្រារព្ធក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ(រូបលេខ៧)។ ក្រៅពីនោះ រទេះគោបុរាណក៏មានការពេញនិយមសម្រាប់ដឹកភ្ញៀវទេសចរនៅតាមតំបន់ទេចរណ៍បែបវប្បធម៌ និងធម្មជាតិ នៃតំបន់សហគមន៍មួយចំនួនក្នុងស្រុកខ្មែរ ឧទាហរណ៍តំបន់ទេសចរណ៍វប្បធម៌សៀមរាបអង្គរ និងតំបន់ទេសចរណ៍ ធម្មជាតិចំប៉ក់ខេត្តកំពង់ស្ពឺជាដើម(រូបលេខ៨)។ ទាំងនេះ គឺជាប្រភពចំណូលមួយជួយលើកតម្កើងជីវភាពរស់នៅរបស់អ្នកស្រុក ក្រៅតែពីការធ្វើស្រែចម្ការដែលជាមុខរបរប្រពៃណីរបស់ពួកគាត់។ ក្នុងនោះរទេះគោបុរាណ ក៏មានបង្ហាញជាគ្រឿងតាំងលម្អក្នុងភូមិគ្រឹះ ឬតាមផ្ទះបុរាណ ភោជនីយដ្ឋាន និងតាមសណ្ឋាគារធំៗជាដើម ដ្បិតអ្នកមានធនធាននៃម្ចាស់ទីតាំងទាំងនោះ មានគំនិតចង់រចនា និងច្នៃប្រឌិតទីតាំងរបស់ខ្លួនឱ្យដូចជាកន្លែងបុរាណ។


